ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកំពុងរៀបចំដាក់ចេញនូវផែនការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ដោយផ្តោតលើអភិក្រមចំនួន ៣
លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំដាក់ចេញ នូវផែនការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ (២០២១-២០២៣) ដោយផ្តោតសំខាន់លើអភិក្រមចំនួន ៣ ៖
(១).ការងើបឡើងវិញ និងការរស់រាន(Revival and Survival) ដើម្បីបន្តទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតរបស់ប្រជាជននិងរក្សាលំនឹងជីវ ភាពរបស់ប្រជាជនក៏ដូចជាដើម្បីធ្វើឱ្យសេដ្ឋកិច្ចអាចរស់រានបានព្រមទាំងដើម្បីស្តារមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ចឱ្យអាចវិលត្រឡប់ទៅកាន់គន្លងនៃកំណើនខ្ពស់ឡើងវិញ
(២).ការកែទម្រង់ជា រចនា សម្ព័ន្ធ ដើម្បីប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព ដោយផ្តោតលើការធ្វើពិពិធកម្ម និងពង្រឹងការប្រកួតប្រជែងសេដ្ឋកិច្ច ព្រមទាំងការជំរុញនិងអភិ វឌ្ឍឌីជីថលូបនីយកម្ម។
(៣).ការលើកកម្ពស់ភាពធន់ (Resilience)ទាំងក្នុងវិស័យសាធារណៈ, វិស័យឯកជន និងទាំងជាសេដ្ឋកិច្ច, ធនធានលំហថវិកា,វិស័យហិរញ្ញវត្ថុទាំងយន្តការឆ្លើយតបវិបត្តិ និងការបង្កើតប្រភពហិរញ្ញប្បទានក្នុងស្រុក, ប្រព័ន្ធគាំពារសង្គម និងសុខាភិបាល ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់ការអភិវឌ្ឍបៃតងដើម្បីបន្ស៊ាំនឹងការ ប្រែប្រួលអាកាសធាតុ ក្នុងគោលដៅដើម្បីពង្រឹងការត្រៀមខ្លួនរបស់កម្ពុជាទៅនឹងវិបត្តិដែលនឹងអាចកើតឡើងនាពេលអនាគត។
លោក វង្សី វិស្សុត បានលើកឡើងបែបនេះនៅព្រឹកថ្ងៃទី២១ ខែតុលាឆ្នាំ២០២១ ក្នុងកិច្ចប្រជុំលើកទី៣របស់គណៈកម្មការគោលនយោបាយសម្រាប់កម្មវិធីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញហៅកាត់ថា CARES តាមរយៈប្រព័ន្ធវីដេអូ។
កិច្ចប្រជុំនេះដឹកនាំដោយលោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក Ahmed Muneeb Saeed អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ដែលជាសហប្រធាននៃគណៈកម្មការគោលនយោបាយCARES ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់តំណាងក្រសួងស្ថាប័ន ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលដែលជាសមាជិកសមាជិកានៃគណៈកម្មការគោលនយោបាយនេះនិងតំណាងធនាគារពិភពលោក (WB)ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុនប្រចាំកម្ពុជា (JICA) និងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF) ផងដែរ។
លោក វង្សី វិស្សុត មានប្រសាសន៍ថា តាំងតែពីដើមរៀងមករាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ គឺជាការងារអាទិភាពធំបំផុតនិង ផ្តល់អាទិភាពយ៉ាងខ្លាំងបំផុតលើ៖ (១).ការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ដើម្បីទប់ស្កាត់ការឆ្លងនិងការពារអាយុជីវិតរបស់ប្រជាជន(២).ការរក្សាលំនឹងជីវភាពប្រជាជន ពិសេសសម្រាប់ប្រជាជនក្រីក្រក្រុមជនងាយរងគ្រោះនិងអ្នកបាត់បង់ការងារ (៣)ការខិតខំជួយឱ្យអស់លទ្ធភាពដើម្បីជួយឱ្យធុរកិច្ចនិងអាជីវកម្មអាចរស់បាននិងរក្សាការងារ ពិសេសការរក្សា និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និង (៤).ការរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ,ស្ថិរភាពសង្គមនិងស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទន្ទឹមនឹងនេះដែរដើម្បីបង្ការការឆ្លងរីករាលនៃជំងឺកូវីដ-១៩,កម្ពុជាក៏បានអនុម័តច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩និងជំងឺឆ្លងកាចសាហាវនិងប្រកប ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតនិងបានដាក់ចេញនូវវិធានការចាំបាច់មួយចំនួនផ្សេងទៀតដូចជា៖វិធានការសុខាភិបាល, វិធានការរដ្ឋបាល,ការហាមឃាត់ការធ្វើដំណើរ និង ការបិទរមណីយដ្ឋានទេចរណ៍ទូទាំងប្រទេសនិងការដាក់បំរាមគោចរព្រមទាំងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រងថែទាំនិងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។
ជាមួយគ្នានេះដែរកម្ពុជាបាននិងកំពុងអនុវត្តកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ស្របទៅតាមផែនការចាក់វ៉ាក់សាំងនិងផែនការលទ្ធកម្មវ៉ាក់សាំងរបស់ខ្លួនដែលគិតមក ទល់ នឹងពេលនេះកម្ពុជាបានទទួលវ៉ាក់សាំងចំនួន ៣៧,៥៩៩,១០០ ដូសនិងបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋប្រមាណជាង១៣,៦លាននាក់ដែលស្មើនឹងប្រមាណ ៨៤,៩១ % នៃចំនួនប្រជាពលរដ្ឋក្រុមគោលដៅប្រមាណ ១៦ លាននាក់។
លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា ភាពជោគជ័យដ៏ធំធេងរបស់កម្ពុជាពាក់ព័ន្ធនឹងយុទ្ធសាស្ត្រវ៉ាក់សាំងបាននឹងកំពុងនាំមកនូវក្តីសង្ឃឹមនៃការវិលត្រឡប់មករកភាពប្រក្រតី ថ្មីវិញ។ជាក់ស្តែងរាជរដ្ឋាភិបាលបានបន្ធូរបន្ថយការចត្តាឡីស័កសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញចូលក្នុងប្រទេសពី១៤ ថ្ងៃមកនៅចន្លោះពី ៧ ទៅ៣ថ្ងៃប៉ុណ្ណោះ។

លោក វង្សី វិស្សុតក៏មានប្រសាសន៍ផងដែរថាកន្លងមករាជរដ្ឋាភិបាលបានវិភាជកថវិកាប្រមាណ ៨៤០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២០ និង អាចនឹងឈានដល់ប្រមាណ ១,៥៥៧ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ នេះហើយបានគ្រោងប្រមាណ ៩៩០ លានដុល្លារអាមេរិកទៀតសម្រាប់ឆ្នាំ២០២២ខាងមុខនេះ ។
លោក Ahmed Muneeb Saeed ក្នុងនាម ADB បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីត-១៩ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងសន្ទុះមួយដ៏លឿន ដែលសម្រេចបានតាមគោលដៅដែលធ្វើឱ្យកម្ពុជាឈរនៅលំដាប់ជួរមុខធៀបនឹងប្រទេស ដទៃទៀតក្នុង តំបន់ ក៏ដូចជាលើសកលលោកដែលនាំឱ្យកម្ពុជាអាចចាប់ផ្តើមបើកសកម្មភាពសេដ្ឋកិច្ច និងប្រទេសឡើងវិញតាមគន្លងថ្មី ក្នុងពេលដ៏ឆាប់ខាងមុខ។

ជាមួយគ្នានេះ លោក Ahmed Muneeb ក៏បានមានប្រសាសន៍ផងដែរថា ADB នឹងបន្តពង្រឹងភាពជាដៃគូជាមួយកម្ពុជាក្នុងការគាំទ្រការអភិវឌ្ឍនិងស្តារសេដ្ឋកិច្ចឡើងវិញតាមរយៈការផ្តល់ហិរញ្ញប្បទាន ជំនួយបច្ចេកទេស និងចំណេះដឹង។
គួរបញ្ជាក់ដែរថា កម្មវិធីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និង ការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ(CARES) ដែលមានទឹកប្រាក់សរុបប្រមាណ ២៥០ លានដុល្លារ អាមេរិកនិងការចូលរួមបដិភាគរបស់ JICA ប្រមាណ ២៣៨ លានដុល្លារអាមេរិកនិងមូលនិធិ EDCF របស់សាធារណរដ្ឋកូរ៉េប្រមាណ៥០លានដុល្លារអាមេរិកទៀតធនាគារ ពិភពលោកប្រមាណ ២០០លានដុល្លារអាមេរិកដើម្បីជួយគាំទ្រដល់ការអនុវត្តកម្មវិធី CARES នេះ៕
ដោយ ៖ ណារី


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ