ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់បញ្ជាក់ពីការទទួលស្គាល់ជាអន្តរជាតិចំពោះកម្ពុជាលើការលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រ
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ពីការទទួលស្គាល់របស់អន្តរជាតិចំពោះកម្ពុជា ដែលជាប្រទេសឈានមុខសម្រាប់ការលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រ។

លើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត គូសបញ្ជាក់ថា កម្ពុជាបានលេចត្រដែតឡើង ឈានមុខ និងមានការទទួលស្គាល់ជាអន្តរជាតិ ក្នុងការងារអភិវឌ្ឍ និងលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រ ហើយលោក ជឿជាក់ថា នៅឆ្នាំក្រោយៗទៀត កម្ពុជានឹងទទួលបានសមិទ្ធផល និងការវាយតម្លៃកាន់តែប្រសើរជាងនេះទៀត។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងអំពីបញ្ហាសមត្ថភាព និងឱកាស ដែលត្រូវតែដើរទន្ទឹមគ្នា ក្នុងការលើកកម្ពស់សិទ្ធិ និងសមភាពយេនឌ័រ ដែលមានកត្តាចូលរួមចំនួន៣។ កត្តាទី១ គឺការអប់រំ ដែលលោក វង្សី វស្សុត សំដៅការលើកកម្ពស់សមត្ថភាពទាំងបុរស និងនារី ពិសេសការចូលរួមគាំទ្រការលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រ ដោយចាប់ពីគ្រួសារខ្លួនឯង កន្លែងធ្វើការ និងសង្គម ស្របតាមទិសស្លោក «លើកតម្កើងស្ត្រី គឺផ្ដល់តម្លៃខ្លួនឯង»។ កត្តាទី២ គឺនិយាមសង្គម និងនិយាមវប្បធម៌ ដែលដើរតួនាទីស្នូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយត្រូវគិតគូរឡើងវិញអំពីឧបសគ្គសេដ្ឋកិច្ច សង្គម និងវប្បធម៌នានា ខណៈកត្តាទី៣ គឺច្បាប់ និងការអនុវត្តច្បាប់ ដោយត្រូវពង្រឹងការអនុវត្តច្បាប់ជាធរមានឱ្យមានប្រសិទ្ធភាព។

លោក វង្សី វិស្សុត កោតសរសើរចំពោះក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបានខំប្រឹងប្រែងសម្រេចសមិទ្ធផលការងារអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្រ្ត ជាពិសេសការអនុវត្តអនុសាសន៍គន្លឹះរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងអនុសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីលើកកម្ពស់សិទ្ធិស្រ្តី និងសមភាពយេនឌ័រ និងការផ្តល់តួនាទីស្រ្តីចូលរួមក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

ប៉ុន្តែយ៉ាងណា លោក វង្សី វិស្សុត ក៏បានស្នើឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងក្រសួង ស្ថាប័នពាក់ព័ន្ធ ចូលរួមគិតគូររៀបចំនិយាមសង្គម ពោលគឺទាំងនិយាមសម្រាប់ស្រ្តី និងបុរស ដើម្បីជាមូលដ្ឋានពង្រឹងសុខដុមនីយកម្មក្នុងសង្គមគ្រួសារ និងសង្គមជាតិទាំងមូល ជាមួយនឹងការបញ្រ្ជាបការស្វែងយល់ពីគ្នាទៅវិញទៅមករវាងបុរស និងស្រ្តី ជាពិសេស ការដោះស្រាយអំពើហិង្សាលើស្ត្រី និងក្មេងស្រី តាមរយៈការអនុវត្តច្បាប់ គោលនយោបាយ និងវិធានការនានា និងដាក់ទោសឱ្យធ្ងន់បំផុតចំពោះអ្នកប្រព្រឹត្តអំពើហិង្សាលើស្ត្រី និងក្មេងស្រី ដោយគ្មានការលើកលែង៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


