ព័ត៌មានជាតិ
លោក កែវ រ៉េមី លើកឡើងពីការអនុវត្តសិទ្ធិមនុស្ស រយៈពេល ៣០ឆ្នាំ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
នៅថ្ងៃសៅរ៍ទី២៣ ខែតុលា ឆ្នាំ២០២១នេះ គឺជាខួបទី ៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១- ២៣ តុលា ២០២១) និងជាខួប ៣០ឆ្នាំ នៃការយាងនិវត្តន៍របស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” មកកាន់មាតុភូមិវិញ (១៤ វិច្ឆិកា ១៩៩១-១៤ វិច្ឆិកា ២០២១)។
ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ ចំពោះការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាពិសេសការគោរពសិទ្ធិមនុស្ស ក្រោយកិច្ចព្រមព្រៀងសន្តិភាពនេះ លោក កែវ រ៉េមី ក្នុងនាមប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអះអាងថា កម្ពុជាបាននាំមុខបណ្តាប្រទេសផ្សេងៗ ច្រើនណាស់ នៅក្នុងតំបន់ ជាពិសេសមកដល់អំឡុងពេល នៃការរីករាលជំងឺកូវីដ១៩។
ប្រមុខស្ថាប័នសិទ្ធិមនុស្សរូបនេះ បានថ្លែងប្រាប់កម្ពុជាថ្មីថា ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាមានលក្ខណៈល្អប្រសើរណាស់ ដោយបានច្របាច់បញ្ចូល នូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំងមូលតែម្តង ដែលនៅក្នុងជំពូកទី៣ នៃរដ្ឋធម្មនុញ្ញ បាននិយាយពីសិទ្ធិមនុស្សតែម្ដង។ លោកថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា បើប្រៀបធៀបជាមួយរដ្ឋធម្មនុញ្ញ នៃបណ្ដាប្រទេសដទៃ គឺមានលក្ខណៈប្រសើរខ្លាំងណាស់។
ក្នុងនោះទាក់ទងទៅនឹងកម្ពុជា ទទួលស្គាល់នូវការគោរពសិទ្ធិមនុស្ស ដែលមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលមានកតិកាសញ្ញា អនុសញ្ញា ស្ដីពី សិទ្ធិមនុស្ស ការប្រកាសជាសកល ស្ដីពី ការគោរពសិទ្ធិកុមារ និងសិទ្ធិស្ត្រីជាដើម ហើយអ្វីដែលជាចំណុចពិសេសមួយទៀតនោះ គឺកម្ពុជាមិនមានទោសប្រហារជីវិតនោះទេ។

បើតាមលោក កែវ រ៉េមី កម្ពុជាបានផ្ដល់សច្ចាប័នស្តីពីសិទ្ធិមនុស្ស ៨លើ៩ ដែលមិនមានប្រទេសណាអាចធ្វើបានទេនៅក្នុងតំបន់ ដូចជា៖ សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិពលរដ្ឋ សង្គមកិច្ច សេដ្ឋកិច្ច សិទ្ធិកុមារ សិទ្ធិប្រឆាំងនឹងការរើសអើងស្ត្រី ការធ្វើទារុណកម្ម និងការចាប់ខ្លួនដោយបង្ខំជាដើម។ បើតាមលោក កែវ រ៉េមី កម្ពុជាបានប្រកាន់យកនូវរបបសេរីពហុបក្ស ហើយមានលក្ខណៈខុសគ្នា បើប្រៀបធៀបជាមួយរបបសេរីពហុបក្ស នៅបណ្ដាប្រទេសផ្សេងៗ។ លោកថា មកដល់បច្ចុប្បន្ននេះ កម្ពុជាមានគណបក្សចំនួន ៦៥ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ហើយក៏បានធ្វើសកម្មភាពយ៉ាងសកម្មផងដែរ។
ចំណែកសិទ្ធិ នៃការគោរពសាសនានៅកម្ពុជា លោក កែវ រ៉េមី អះអាងថា ក៏បានបើកទូលំទូលាយផងដែរ ហើយសាសនានៅកម្ពុជា ក៏ទទួលបាននូវសុខដុមនីយកម្ម អត់មានជម្លោះសាសនានោះទេ បើប្រៀបធៀប ជាមួយបណ្ដាប្រទេសផ្សេងៗ។ ករណីមួយទៀត គឺការស្រឡាញ់ភេទដូចគ្នា កម្ពុជាក៏បាននាំមុខផងដែរ មានការរៀបចំអាពាហ៍ពិពាហ៍ រវាងអ្នកមានភេទដូចគ្នា ហើយបើតាមរបាយការណ៍ ដែលទទួលបានមានរហូតជាង ១០០០គូ។ ករណីនេះបើទោះបីជា មិនទាន់មានច្បាប់អនុញ្ញាតក៏ដោយ ក៏មិនឋិតនៅក្នុងច្បាប់ព្រហ្មទណ្ឌច្បាប់ណាមួយនោះដែរ។
ទាក់ទងទៅនឹងបញ្ហាគោរពសិទ្ធិមនុស្សនេះដែរ សម្រាប់ស្ថានភាពចុងក្រោយនេះ គឺទាក់ទងទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយលោក កែវ រ៉េមី អះអាងថា រហូតមកដល់ពេលនេះ កម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋជិត ៩០ភាគរយទៅហើយ និងក៏បានជំរុញរហូតដល់ដុំទី៣ផងដែរ។ លោកថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនេះ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះសិទ្ធិរស់រានមានជីវិត ពីព្រោះសិទ្ធិរស់រៀនមានជីវិតនេះ សំខាន់ណាស់។ ប្រទេសកម្ពុជា ធ្លាប់មានបទពិសោធន៍ឆ្លងកាត់ពីអតីតកាល ហេតុនេះហើយទើបសម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា លោកប្ដេជ្ញាថែរក្សាឲ្យបានគង់វង្ស នូវសន្តិភាព ស្ថេរភាពនយោបាយ រក្សាឲ្យបានដាច់ខាត កុំឲ្យមានភាពវឹកវរចលាចល ឬសង្គ្រាមផ្ទៃក្នុងតទៅទៀត។
ឆ្លើយតបទៅនឹងការលើកឡើងមួយចំនួនដែលថា មានការព្រួយបារម្ភពីធ្លាក់ចុះផ្នែកសិទ្ធិនយោបាយនោះ លោក កែវ រ៉េមី បានអះអាងថា ការព្រួយបារម្ភរបស់អ្នកទាំងនោះ និយាយឲ្យចំទៅ គឺទាក់ទងទៅនឹងអតីតគណបក្សប្រឆាំង តែម្តង។ លោកលើកជាសំណួរថា គណបក្សនយោបាយ ចាំបាច់ទាល់តែមានអតីតគណបក្សប្រឆាំង ទើបហៅថា ប្រជាធិបតេយ្យ សេរី ពហុបក្ស ឬយ៉ាងម៉េច? ពីព្រោះពាក្យថា ពហុបក្ស គឺគណបក្សនយោបាយ ណាក៏ដោយ បុគ្គលណាក៏ដោយ ក៏មានសិទ្ធិបង្កើតគណបក្សនយោបាយ ដើម្បីចូលរួមនៅក្នុងសកម្មភាពនយោបាយដែរ។
លោក កែវ រ៉េមី លើកឡើងដែរថា នៅពេលជជែកគ្នា ជាមួយសហគមន៍អន្តរជាតិ ប្រទេសមួយចំនួន គឺផ្ដោតតែទៅលើអតីតគណបក្សប្រឆាំងនេះ តែម្ដង។ ជាមួយគ្នានោះ លោកបានពន្យល់រួចហើយ ចំពោះអតីតគណបក្សប្រឆាំង ដែលឈានទៅដល់ការរំលាយនេះ គឺទាក់ទងទៅនឹងការទទួលជំនួយ និងធ្វើកិច្ចការឲ្យបរទេស។ លោកលើកជាឧទាហរណ៍ថា ប្រសិនបើថ្នាក់ដឹកនាំនៅអាមេរិកាំង ហើយបម្រើផលប្រយោជន៍ឲ្យចិន តើអាមេរិកទទួលយកបានដែរឬទេ?។ ចំណែកប្រទេសថៃ មិនមែនយកគំរូពីកម្ពុជាទេ ថៃបានរំលាយគណបក្សរាប់សិបរួចមកហើយ។ ដូច្នេះនៅកម្ពុជា គ្មានអតីតគណបក្សប្រឆាំង គ្មានប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស ឬយ៉ាងណា?
លោក កែវ រ៉េមី លើកឡើងដែរថា មិនមែនឲ្យតែគណបក្ស ដែលរិះគន់រាជរដ្ឋាភិបាល ត្រូវតែរំលាយចោលនោះទេ។ លោកថា គណបក្សដែលជេរសាហាវជាងគេ គឺគណបក្សជួង។ ប៉ុន្តែសមត្ថកិច្ច មិនអាចចាប់កំហុសបាននោះទេ ដោយសារតែគេចេះនិយាយ ចេះប្រើប្រាស់ថវិកា ដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួន។ គណបក្សជួង មិនមានកំហុសអ្វីទាក់ទង ទៅនឹងការប្រើប្រាស់ថវិកា ឬបម្រើផលប្រយោជន៍ឲ្យបរទេសនោះទេ។
អ្វីដែលពិសេសមួយទៀតនោះ លោក កែវ រ៉េមី បានអះអាងថា មានតែកម្ពុជាទេ ដែលអនុញ្ញាតឲ្យមានការិយាល័យឧត្តមស្នង ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ឬប៉ូលីសសិទ្ធិមនុស្សប្រចាំនៅកម្ពុជា គឺអនុញ្ញាតឲ្យបន្តអាណត្តិរហូត។ លោកថា កម្ពុជាមានសិទ្ធិបញ្ចប់អាណត្តិ ប៉ុន្តែសម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «បើចង់នៅរហូតក៏នៅរហូតទៅ ដើម្បីជួយមើលសិទ្ធិមនុស្សទាំងអស់គ្នា»។
លោកថា សម្ដេចតេជោ ហ៊ុន សែន តែងតែជួបជាមួយអ្នករាយការណ៍ពិសេស នៅពេលចាប់ផ្ដើមអាណត្តិនៃបេសកកម្ម។ ប៉ុន្តែលើកលែងតែលោក យ៉ាស ហ្គាយ មួយប៉ុណ្ណោះ ក្នុងចំណោមអ្នករាយការណ៍ពិសេសទាំង ៧រូប ប្រចាំនៅកម្ពុជា ដែលសម្ដេចមិនព្រមជួប ដោយសារលោក យ៉ាស ហ្គាយ បានធ្វើសេចក្តីថ្លែងការណ៍ មុនចាប់ផ្ដើមបេសសកម្ម ដោយវាយប្រហាររាជរដ្ឋាភិបាល គ្រាន់តែយោងទៅលើអត្ថបទសារព័ត៌មាន៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ