អត្ថាធិប្បាយ
បទវិភាគ៖«ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការសហប្រជាជាតិ គឺជាឱកាសមាសសម្រាប់កម្ពុជា»
បន្ទាប់ពីមានហេតុការណ៍ទាហានថៃបីនាក់ដើរជាន់មីនបណ្តាលឱ្យដាច់ជើងម្នាក់ និងរងបួសពីរនាក់កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៥ ភាគីថៃបាន និងកំពុងធ្វើអាជីវកម្មលើរឿងនេះយ៉ាងសម្បើម។ ទាំងកងទ័ព ទាំងក្រសួងការបរទេស និងទាំងសារព័ត៌មានថៃ ហាក់ដូចជាមមាញឹកយ៉ាងខ្លាំងក្នុងការប្រឌិតរឿងទម្លាក់កំហុសមកលើកម្ពុជាតាមទម្លាប់អាក្រក់ឥតប្រែប្រួលរបស់ពួកគេ។

ជាដំបូង ពួកគេនាំគ្នាចោទប្រកាន់ទាំងបំពានគ្មានការពិតថា គ្រាប់មីនទាំងនោះ ទើបតែត្រូវបានដាក់ថ្មីៗនេះដោយទាហានកម្ពុជា។ ប៉ុន្តែ អ្វីដែលធ្វើឱ្យសាធារណជនហួសចិត្តនៅត្រង់ថា ពួកគេអះអាងថា មីននោះផ្ទុះនៅលើទឹកដីរបស់ខ្លួន តែបែរជាចោទថាភាគីកម្ពុជាជាអ្នកបង្កប់ទៅវិញ។ ត្រង់នេះ វាហាក់ដូចជាការភូតកុហកនៅលើគោកពេក ពីព្រោះបើទាហានទាំងនោះ ដើរនៅលើដីថៃ ហេតុអ្វីបានជាកងទ័ពកម្ពុជាអាចចូលទៅដាក់មីនកើត?
ទីបំផុត ការភូតកុហកនេះ ត្រូវបានបកអាក្រាតដោយក្រសួងការពារជាតិកម្ពុជាកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ តាមរយៈសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ ដោយបញ្ជាក់ថា កងទ័ពថៃបានបង្កើតតម្រាយផ្លូវថ្មីចូលក្នុងដីកម្ពុជាដោយខ្លួនឯងដោយខុសពីកិច្ចព្រមព្រៀង ហើយបានជាន់មីនដែលសល់ពីសម័យសង្គ្រាមក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានបញ្ជាក់ទៀតថា កម្ពុជាបានដាស់តឿនភាគីថៃជាញឹកញាប់ឱ្យគោរពឱ្យបានម៉ឺងម៉ាត់នូវតម្រាយផ្លូវដែលបានឯកភាពគ្នាក្នុងការដើរល្បាត ពីព្រោះតំបន់នោះមានគ្រាប់មីនដែលសល់ពីសម័យសង្គ្រាម។

ទោះបីជាកម្ពុជាបានដេញទាន់ជាន់កែងបែបនេះក៏ដោយ ក៏ភាគីថៃនៅតែអះអាងដោយមិនខ្មាសអៀនថា ខ្លួននឹងនាំយករឿងនេះទៅប្តឹងអង្គការសហប្រជាជាតិថាកម្ពុជាបំពានអនុសញ្ញាទីក្រុងអូតាវ៉ាស្តីពីការប្រឆាំងនឹងការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស។ តាមពិត បើតាមទស្សនៈយល់ឃើញផ្ទាល់របស់ខ្ញុំ ការប្រកាសនាំយកសំណុំរឿងនេះទៅប្តឹងអង្គការសហប្រជាជាតិពីសំណាក់ភាគីថៃ គឺជាដំណឹងល្អណាស់សម្រាប់កម្ពុជា ពីព្រោះថ្នាក់ដឹកនាំកម្ពុជាតែងប្រកាសម្តងហើយម្តងទៀតថាកម្ពុជា គឺជារដ្ឋអធិបតេយ្យមួយដែលគោរពច្បាប់អន្តរជាតិ និងយកច្បាប់អន្តរជាតិជាគោល។ ក្នុងន័យនេះ បំណងរបស់ថៃដែលចង់នាំយកសំណុំរឿងនេះទៅអង្គការសហប្រជាជាតិគួរតែត្រូវបានស្វាគមន៍ ហើយការនាំសំណុំរឿងផ្ទុះមីនទៅអង្គការសហប្រជាជាតិ គឺជាភស្តុតាងថ្មីមួយទៀតដ៏មានទម្ងន់ក្នុងការជំរុញរឿងនេះទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
កន្លងទៅនេះ បន្ទាប់ពីមានព្រឹត្តិការណ៍ដែលទាហានថៃចូលទៅបាញ់កងទ័ពខ្មែរម្នាក់ឱ្យស្លាប់កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចនាំយកសំណុំរឿងប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅដោះស្រាយនៅឯតុលាការយុត្តិធម៌អន្តរជាតិ។ ប៉ុន្តែ រហូតមកដល់ពេលនេះ ភាគីថៃនៅតែបដិសេធមិនព្រមសហការដោយអះអាងថា ថៃមិនទទួលស្គាល់យុត្តាធិការតុលាការនេះឡើយ។

ដូច្នេះ ការដែលថៃនាំសំណុំរឿងផ្ទុះមីននៅមុំ៣ទៅប្តឹងអង្គការសហប្រជាជាតិ គឺជាឱកាសល្អណាស់សម្រាប់កម្ពុជា ក្នុងការជំរុញឱ្យអង្គការសហប្រជាជាតិជួយដាក់សម្ពាធលើថៃ ដើម្បីឱ្យយល់ព្រមទៅដោះស្រាយនៅតុលាការ ICJ ពីព្រោះហេតុការណ៍ផ្ទុះគ្រាប់មីននេះ ក៏ស្ថិតនៅក្នុងតំបន់ដែលថៃទាមទារយកដីខ្មែរដែលកម្ពុជាបានដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិនោះដែរ។ ដូច្នេះ មានតែតុលាការរបស់អង្គការសហប្រជាជាតិមួយនេះទេ ទើបអាចសម្រេចក្តីបានដោយយុត្តិធម៌លើសំណុំរឿងនេះ។
យើងសង្ឃឹមជឿជាក់ថា ពេលដែលថៃដាក់សំណុំរឿងនេះដល់អង្គការសហប្រជាជាតិ កម្ពុជា អាចប្រើប្រាស់ឱកាសនេះ ដើម្បីជំរុញឱ្យអង្គការសហប្រជាជាតិជួយគាំទ្រ ដើម្បីនាំយកសំណុំរឿងនេះទៅតុលាការអន្តរជាតិបាន ពីព្រោះអង្គការសហប្រជាជាតិមិនមែនជាស្ថាប័នកាត់ក្តីរឿងព្រំដែនទេ។ ម្យ៉ាងទៀត រឿងពីរផ្ទួនគ្នាដែលកើតនៅកន្លែងតែមួយ ហើយជាទីកន្លែងដែលភាគីនីមួយៗទាមទារថាជាដែនដីរបស់ខ្លួន ដូច្នេះ មានតែតុលាការយុត្តិធម៌អន្តរជាតិទេដែលជាស្ថាប័នមានសមត្ថកិច្ចក្នុងការសម្រេចសេចក្តី។ ក្រោមសម្ពាធរបស់អង្គការសហប្រជាជាតិ ថៃដែលជាសមាជិកអង្គការសហប្រជាជាតិដែរនោះ ប្រាកដជាពិបាកក្នុងការប្រកែកណាស់។ តើនេះមិនមែនជាឱកាសមាសសម្រាប់កម្ពុជាទេឬ?
ដោយ៖ វង្ស មករា សាស្ត្រាចារ្យ និងជាអ្នកវិភាគនយោបាយ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


