Connect with us

ព័ត៌មានជាតិ

«បូជនីយដ្ឋានចងចាំ នៃកម្ពុជា» ចំនួន ៣ ចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ

បានផុស

នៅ

បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា រួមមាន ទីតាំង​ឧក្រិដ្ឋកម្ម​ចំនួន ៣ ត្រូវ​បាន​ចុះ​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ ដែល​នេះ​គឺជា​មោទនភាព​ជាតិ​ដ៏​ធំធេង​ថ្មី​មួយ​ទៀត​សម្រាប់​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​សេចក្ដីជូនដំណឹង​​ស្ដីពី​ការ​ចុះ«បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា ៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា និង​សន្តិភាព» ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ កាលពី​ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ ២០២៥ ម្សិលមិញ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សម័យប្រជុំ​លើក​ទី ៤៧ ថ្ងៃ​ទី ១១ ខែ​កក្កដា ឆ្នាំ ២០២៥ នាទី​ក្រុង​ប៉ារីស សាធារណរដ្ឋ​បារាំង គណៈកម្មាធិការ បេតិកភណ្ឌ​ពិភពលោក បាន​ពិនិត្យ ពិភាក្សា និង​សម្រេច​ជា​ឯកច្ឆន្ទ ចុះ“​បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា ៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម មក​ជា​មណ្ឌល​ផ្សះផ្សា និង​សន្តិភាព​” ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ តាមរយៈ​សេចក្ដី​សម្រេច លេខ 47 COM 8B.14។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​បន្ត​ថា ការ​ទទួល​ស្គាល់​ជា​ផ្លូវការ “​បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា ៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា និង​សន្តិភាព​” ជា​បេតិកភណ្ឌ​ពិភពលោក នា​ពេលនេះ គឺជា​មោទនភាព​ជាតិ​ដ៏​ធំធេង​ថ្មី​មួយទៀត​សម្រាប់​ប្រទេស​កម្ពុជា បន្ទាប់ពី​ការ​ចុះ រមណីយដ្ឋាន​មរតក​ប្រវត្តិសាស្ត្រ​នានា​ដូចជា រមណីយដ្ឋាន​អង្គរ (១៩៩២) ប្រាសាទ​ព្រះវិហារ (២០០៨) តំបន់ ប្រាសាទ​សំបូរ​ព្រៃ​គុក (២០១៧) និង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ (២០២៣)។ “បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា​” គឺជា​ទីតាំង​ប្រវត្តិសាស្ត្រ​សហ​សម័យ​ដំបូង​គេ​នៅ​កម្ពុជា និង​ក្នុង​តំបន់ ដែល​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នា​យុគ​សម័យថ្មី។ សមិទ្ធផល​ទាំងនេះ កើត​ចេញពី​ការចូលរួម នៃ​ការ​ថែរក្សា​ប្រវត្តិសាស្ត្រ​ជាតិ​របស់​ប្រជាជន​កម្ពុជា​គ្រប់ៗ រូប ជាពិសេស​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាប់​មិន​ដាច់​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន និង​ការ​ដឹកនាំ​ដ៏​ប៉ិនប្រសប់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជានិច្ចកាល តែងតែ​ផ្តល់​អាទិភាព​ខ្ពស់​ដល់​កិច្ចការ​អភិរក្ស និង​ការ​អភិវឌ្ឍ​បេតិកភណ្ឌ​ប្រកប​ដោយ​ចីរភាព រួម​ទាំង​ការ​ការពារ​សច្ចភាព ប្រវត្តិសាស្ត្រ​ជាតិ​ឲ្យ​គង់វង្ស​ស្ថិតស្ថេរ។ “​បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា​” រួមមាន ទីតាំង​ឧក្រិដ្ឋកម្ម​ចំនួន ៣ ត្រូវ​បាន​ចុះបញ្ជី ៖ អតីត​មន្ទីរ​ឃុំឃាំង ម​-១៣ (​ស្ថិតនៅ​ព្រំប្រទល់​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​កំពង់ស្ពឺ​) សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង (​ស​-២១) និង មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក (​ស្ថិតនៅ​រាជធានី​ភ្នំពេញ​)។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បន្ត​ទៀត​ថា បំណង និង​មូលដ្ឋាន នៃ​ការ​ចុះ​បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា​” ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក គឺ​បង្ហាញ​ពិភពលោកអំពីភាព​រឹងមាំ និង​ប៉ិនប្រសប់​របស់​ប្រជាជាតិ​កម្ពុជា ដែល​បាន​ប្រែក្លាយ “​វាល​ពិឃាដ​” មក​ជា “​ទឹកដី​សន្តិភាព​” មានតម្លៃ​ដ៏​ជ្រាលជ្រៅ​ក្នុង​ជម្រៅ​ចិត្ត​របស់​ខ្មែរ​គ្រប់ៗ រូប ហើយ​ក៏​ជា​ស្មារតី​ចងចាំ​ដ៏​ថ្លៃថ្លា​បំផុត​របស់​ពិភពលោក មិន​ចំពោះ​តែ​ប្រជាជន​កម្ពុជា​នោះ​ឡើយ ប៉ុន្តែ​សម្រាប់​មនុស្ស​ជាតិ​ទាំងមូល។ ការ​ចុះបញ្ជី​នេះ ក៏​ជា​ការ​គោរព​រំឭក​ដល់​ជនរងគ្រោះ​ទាំងឡាយ​ពី​អតីតកាល​ដ៏​ឈឺផ្សា​របស់​កម្ពុជា ហើយក៏​ជា​ភស្តុតាង នៃ​ការ​ប្ដូរផ្ដាច់​ការពារ​ដ៏​មុតមាំ​បំផុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​អនាគត​យុវជន​ជំនាន់​ក្រោយ ដើម្បី​ធានា​ជា​អមត​នូវ​ស្មារតី​ចងចាំ ការ​រៀនសូត្រ​មេរៀន​ប្រវត្តិសាស្ត្រ និង​ការ​ថែរក្សា​សន្តិភាព ដែល​ជា​រតនវត្ថុ​មិន​អាច​កាត់ថ្លៃ​សម្រាប់​ប្រជាជាតិ និង​ប្រជាជន។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ សង្កត់ធ្ងន់​ថា ចាប់ពី​ពេលនេះ​តទៅ “​បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា​” នឹង​ក្លាយ​ជា​ផ្នែក​មួយ នៃ​ការ​ចងចាំ​ពិភពលោក ហើយក៏​ជាទី​តាំង​ដែល​មជ្ឈដ្ឋាន​អន្តរជាតិ​ទូទាំង​សកលលោក​បាន​យល់​កាន់តែ​ច្បាស់​ពី​ទុក្ខ​លំបាក​របស់​ប្រជាជន​កម្ពុជា​ក្នុង​ពេល​អតីតកាល ព្រម​ទាំង​ភាព​រឹងមាំ​របស់​ប្រជាជន​កម្ពុជា​ក្នុង​ការ​កសាង សន្តិភាព និង​ការ​អភិវឌ្ឍ ក្រោម​ពាក្យស្លោក “​អរគុណ​សន្តិភាព”៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម