ការស្ថាបនា​ផ្លូវ ៣៨​ខ្សែ ក្រុង​សៀមរាប សម្រេច​បាន ៨៣,៨៧% ក្នុង រយៈពេល​១១ ខែ (​គិត​ត្រឹម​ថ្ងៃ ១៥ តុលា ២០២១) គ្រោង​បញ្ចប់​ការស្ថាបនា ក្នុង​ចុងខែ​ធ្នូ ឆ្នាំ​២០២១
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ការស្ថាបនា​ផ្លូវ ៣៨​ខ្សែ ក្រុង​សៀមរាប សម្រេច​បាន ៨៣,៨៧% ក្នុង រយៈពេល​១១ ខែ (​គិត​ត្រឹម​ថ្ងៃ ១៥ តុលា ២០២១) គ្រោង​បញ្ចប់​ការស្ថាបនា ក្នុង​ចុងខែ​ធ្នូ ឆ្នាំ​២០២១

បានផុស

នៅ

សៀមរាប ​៖ ថ្ងៃ​ចន្ទ ៤​រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២១ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​ប្រចាំ ការ​នៃ​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ​នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប បាន​អញ្ជើញ ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង អាជ្ញាធរ​ដែនដី មន្ត្រី​ជំនាញ​បច្ចេកទេស​ក្រោម​ឱវាទ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចុះ​ត្រួតពិនិត្យ​ការស្ថាបនា​ផ្លូវ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យមើល​គុណភាព​ផ្លូវ ការងារ​អ៊ុត​កៅស៊ូ (AC) ស្របតាម​លក្ខណៈ​បច្ចេកទេស ដែល​នឹង​ធ្វើ​ឱ្យឃើញ​យ៉ាងច្បាស់​នូវ​មុខមាត់​ថ្មី​នៃ​ក្រុង​មួយ​នេះ ព្រមទាំង​ការតភ្ជាប់​ប្រព័ន្ធ​លូ​ចាស់​-​ថ្មី ដើម្បី សម្រួល​កុំឱ្យ​លិច​ទឹក និង​អាចឱ្យ​បងប្អូន​ប្រជាពលរដ្ឋ អាច​អាស្រ័យ​ប្រើប្រាស់​បាន​។ ការចុះពិនិត្យ​នេះ​ក៏​ក្នុង​គោលបំណង ដើម្បី ពិនិត្យមើល​វឌ្ឍនភាព​ការងារ​រួម និង​ផ្តល់​គោល​ការ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា ជម្រុញ​ឱ្យ​អង្គភាព​សាងសង់ អនុវត្ត​តាម​លក្ខណៈ​បច្ចេកទេស សៀវភៅ​បន្ទុក​ឱ្យបាន​ត្រឹមត្រូវ និង​ស្តង់ដារ ដែល​អាច​ទទួលយកបាន ពោលគឺ​ធ្វើ​ផ្លូវ​ឱ្យមាន​គុណភាព​រឹងមាំ អាច​ប្រើប្រាស់​ជាប់​បាន​យូរ​អង្វែង និង​បញ្ចប់​តាម​ផែនការ​គ្រោងទុក​។

យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​បច្ចេកទេស នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ឱ្យដឹងថា វឌ្ឍនភាព​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្ត សៀមរាប​នេះ គិត​ត្រឹម​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២១ ឬ​រយៈពេល​ជាង ១១​ខែ សម្រេច​បាន​៨៣,៨៧%​នៃ​ទំហំ​ការងារ​សរុប (២% លឿន​ជាង​ផែនការ​)​។ គម្រោង​នេះ​គ្រោង​បញ្ចប់​ការស្ថាបនា នៅ​ចុង ខែធ្នូ ឆ្នាំ​២០២១ ខាងមុខនេះ​។

គម្រោង​សាងសង់​ផ្លូវ​ចំនួន​៣៨​ខ្សែ​ក្នុង​ទី​រួម​ខេត្តសៀមរាប ខេត្តសៀមរាប​នេះ មាន​គោលដៅ​ប្រែក្លាយ​ក្រុង សៀមរាប ខេត្តសៀមរាប​ឱ្យក្លាយ​ជាទី​ក្រុង​ដ៏​ទំនើប​ពោរពេញ​ដោយ​សោភ័ណភាព បរិស្ថាន​ល្អ​សម្រាប់​ការ រស់នៅ ឱ្យ​សក្ដិសម​ជា​ទីក្រុង​ទេសចរណ៍ វប្បធម៌ និង​ប្រវត្តិសាស្ត្រ អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​កាន់​តែ​ច្រើន​សំដៅ​លើកស្ទួយ​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​មានការ​រីកចម្រើន ព្រមទាំង​ធ្វើឱ្យ​ប្រសើរ​ឡើងដល់ ត​ភ្ជាប់​ពី​ទីប្រជុំជន​ក្រុង​សៀមរាប​ទៅកាន់​តំបន់​ដាច់ស្រយាល​ផងដែរ​។

គួរ​រម្លឹក​ផងដែរ​ថា គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​ចំនួន​៣៨ ខ្សែ នេះ មាន​ប្រវែង​សរុប ១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់​ថវិកាជាតិ​សរុប​ប្រមាណ​ជាង ១៤៩.២១៦.៥៩៥ ដុល្លារ​អាមេរិក ដោយ​ក្នុង​នោះ​ចំនួន​៩​លាន​ដុល្លារ​អាមេរិក​ចំណាយ​លើ​ការងារ​ចាំបាច់​ក្នុង​ការ​រៀបចំ ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់ ឋិត​ក្រៅ​គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង​៣៨​នេះ ចំណាយ ពេល​សាងសង់​ចំនួន​១៣​ខែ គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១ ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

គម្រោង​នេះ​អនុវត្ត​ដោយ​អង្គភាព​សាងសង់​ចំនួន​០៨ រួមមាន​៖ ១) កង​វិស្វកម្ម​លេខ​១៧៨​ស្ពាន​-​ថ្នល់ នៃ​នាយកដ្ឋាន​វិស្វកម្ម ២) កងវិស្វកម្ម​សម្តេច​តេ​ជោ ខេត្តសៀមរាប ៣) កងវិស្វកម្ម​តេ​ជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋាន សាធារណការ ៥) អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ៦) នាយកដ្ឋាន គ្រឿងចក្រ​និង​ស្ថាបនា​ផ្លូវ ៧) នាយកដ្ឋាន ជួសជុល និង​ថែទាំ​ផ្លូវថ្នល់ និង ៨) មន្ទីរ​សាធារណការ និង​ដឹក ជញ្ជូន ខេត្តសៀមរាប និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមការងារ​អន្តរក្រសួង​ចំនួន​៩​ក្រុម​ដើម្បី​ធានា បាន​នូវ​គុណភាព​ជាប់​រឹងមាំ ប្រើប្រាស់​បានយូរ​អង្វែង​តាម​អាយុកាល​មាន និង​សម្រេច​ការងារ​ឱ្យបាន​ទាន់ ពេលវេលា​។

ការសាងសង់​ត្រូវ​បាន​បែង​ចែកជា​បួន​ប្រភេទ​រួមមាន​៖ ១) ផ្លូវ​ជួសជុល​ដោយ​អ៊ុត​បេតុង​កៅស៊ូ (AC) បន្ថែម​ពីលើ កម្រាស់​៥​សង់ទីម៉ែត្រ ប្រវែង​សរុប​៣១,៧៧០​គីឡូម៉ែត្រ ២) ផ្លូវ​ស្ថាបនា​ដោយ​ក្រាល​បេតុង សរសៃ​ដែក កម្រាស់​២០​សង់ទីម៉ែត្រ រួច​អ៊ុត​ក្រាល​បេតុង​កៅស៊ូ​(AC)​ពីលើ កម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែង​សរុប ៧,៨៦៤ គីឡូម៉ែត្រ ៣) ផ្លូវ​ជួសជុល​ដោយ​ក្រាល​ថ្ម​ម៉ិច រួច​អ៊ុត​បេតុង​កៅស៊ូ​(AC) ពីលើ កម្រាស់​៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែង​សរុប​១៣,៧៣៨ គីឡូម៉ែត្រ ៤) ផ្លូវ​ស្ថាបនា​ដោយ​ក្រាល​បេតុង សរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែង​សរុប​៥០,៨៦២ គីឡូម៉ែត្រ និង​ការរៀបចំ​ចិញ្ចើមផ្លូវ EN-០៣ ប្រវែង​២,១៩០​គីឡូម៉ែត្រ​ផងដែរ​។

ដោយឡែក ការងារ​សាងសង់​ប្រព័ន្ធ​បណ្ដាញ​បង្ហូរទឹក​មាន​ប្រវែង​សរុប​២៤៨,៧២៤ គីឡូម៉ែត្រ ការងារ សាងសង់​ប្រព័ន្ធ​បណ្ដាញ​លូ​ទឹក​ភ្លៀង​ប្រវែង​សរុប​១៤៧,០០៥ គីឡូម៉ែត្រ និង​ការងារ​សាងសង់​ប្រព័ន្ធ បណ្ដាញ​លូទឹកកខ្វក់​មាន​ប្រវែង​១០១,៧១៩​គីឡូម៉ែត្រ និង​ការងារ​ដំឡើង​បរិក្ខារ​ផ្លូវថ្នល់​រួមមាន ការងារ បំពាក់​កាមេរ៉ា​សុវត្ថិភាព ដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ការងារ​បំពាក់​បរិក្ខារ​ចរាចរណ៍ ការងារ​ដំឡើង​ភ្លើង សញ្ញា​ចរាចរណ៍ ការងារ​ដាំ​ដើមឈើ​លើ​ខ្សែ​ផ្លូវ​ដែល​ស្ថិតក្នុង​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​៣៨ ខ្សែ​។ ការងារ​សាងសង់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ បាន​ប្រឈម​នឹង ការ​រាំ​ស្ទះ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ធ្វើអោយ​កម្មករ ក៏​ដូច​អ្នក​អនុវត្ត​មាន​លំបាក​ក្នុង​ការងារ​ប្រតិបត្តិការ ទន្ទឹម​នឹង​នេះ ពេលវេលា សម្រាប់​ការសាងសង់​មាន​រយៈពេល​ខ្លី​ក្រុម​ការ​ត្រូវ​ពុះពារ​ធ្វើ​ការងារ ទាំង​ក្នុង​រដូវវស្សា​ភ្លៀង​ធ្លាក់ មានការ​លំបាក​ក្នុង​ការងារ​សាងសង់​។ តែ​ទោះជា​យ៉ាងនេះ​ក្តី ដោយមាន​ការ​តាំង​ចិត្ត​ខ្ពស់​ពី​ក្រុមការងារ​ជំនាញ និង​ការ​ជំរុញ​យកចិត្តទុកដាក់​ខ្ពស់ ពី​ថ្នាក់ដឹកនាំ ផ្លូវ​ទាំង ៣៨​ខ្សែ កំពុង​ត្រូវ​បាន​បន្ត​ការស្ថាបនា សម្រេច​បាន​លឿន​ជាង ផែនការ កំណត់​បន្តិច និង​សង្ឃឹមថា​ក្រុង​សៀមរាប នឹង​ត្រូវ​បាន​ប្តូរ​មុខមាត់​ថ្មី នៅ​ក្នុង​ចុង​ឆ្នាំ​នេះ ជាមួយ ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ល្អ​ប្រណិត​សក្ដិសម​ជាទី​ក្រុង​ទេសចរណ៍​វប្បធម៌​របស់​កម្ពុជា​។

ថ្លែង​ទៅកាន់​ក្រុម​អ្នក​ជំនាញ​បច្ចេកទេស និង​ថ្នាក់ដឹកនាំ នា​ឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​ ខណៈ​ពេល​ដែល​ក្រសួង មាន​សម្ភារៈ ត្រួតពិនិត្យ​បច្ចេកទេស​បច្ចេកវិទ្យា​ទំនើប​មួយ​ចំនួន ហើ​យ​នោះ ក្រសួង​ក៏បាន​បញ្ជា​ទិញ សម្ភារៈ​ត្រួតពិនិត្យ មួយ​ចំនួន​ទៀត យក​មក​ប្រើ​ប្រាស់ ដើម្បី​ធានា​ថា ផ្លូវ​ទាំង ៣៨​ខ្សែ​ត្រូវ​បាន​សាងសង់​ស្របតាម លក្ខណៈ​បច្ចេកទេស ជាប់​គង់វង្ស​យូរ​អង្វែង​៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services