ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្ម បង្ហាញ ៧ កត្តា នាំឱ្យពលរដ្ឋរស់នៅដីសង្គមកិច្ចដោយសមប្រកប
លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញ ៧ កត្តា នាំឱ្យពលរដ្ឋរស់នៅដីសង្គមកិច្ចដោយសមប្រកប ឬដើម្បីចៀសវាងការធ្វើចំណាកស្រុក ទន្ទឹមពេលមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាល និងអង្គការដៃគូក៏ដោយ។ ការលើកឡើងរបស់លោករដ្ឋមន្ត្រីនេះ ជាការឆ្លើយតបទៅនឹងម្ចាស់គណនីហ្វេប៊ុលមួយឈ្មោះ នូវ សំបូរ ដែលបានបញ្ចេញយោបល់សួរនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងគោលនរយោបាយចែកដីសង្គមកិច្ច ឬដីសម្បទានសង្គមកិច្ច កាលពីថ្ងៃទី១០ ខែវិច្ឆិកា។

លោក នូវ សំបូរ បានលើកឡើងថា៖ “ជម្រាបសួរឯកឧត្តម ខ្ញុំឃើញគោលនយោបាយចែកដីសង្គមកិច្ច ឬដីសម្បទានសង្គមកិច្ចឱ្យអ្នកក្រីក្រគឺល្អ មានទាំងដីកសិកម្ម មានដីផ្ទះ មានផ្លូវ។ល។ តែអ្វីដែលខ្ញុំចង់សួរ គឺការបង្កបង្កើនផលរបស់កសិករ គឺដូចជាមិនបានជោគជ័យ។ បើតាមខ្ញុំ ឃើញប្រជាពលរដ្ឋខ្លះបានលក់ផ្ទះ លក់ដី និងចាកចោលផ្ទះទៅចំណាកស្រុក ម្យ៉ាងវិញទៀត ខ្ញុំមើលទៅគាត់មានដីមានផ្ទះរដ្ឋចែកឱ្យ មានទាំងអង្គការជួយជាគ្រឿងចក្រដល់សហគមន៍ទៀតផង នៅតែមិនជោគជ័យ។ តើនេះជាបញ្ហាបច្ចេកទេសដាំដុះ ឬក៏គ្មានជម្រើសទីផ្សារសម្រាប់ដាំដុះ?”។

លោក នូវ សំបូរ បានលើកឡើងទៀតថា៖ “គ្រួសារខ្លះ រដ្ឋចែកឱ្យជាង ១០ ឆ្នាំហើយ រកតែផ្ទះនៅមិនទាន់មានសមរម្យផង។ ខ្ញុំគិតថាបើចែកឱ្យពួកគាត់ហើយ រដ្ឋ ឬក្រសួងគួរគិតគូរពីកសិផលរបស់ពួកគាត់ផង គួរតែបង្កើត ឬបង្រៀនបច្ចេកទេសដាំដុះទំនើប និងស្វែងរកដំណាំណាមួយឱ្យពួកគាត់ផលិត ជួយទិញ និងស្វែងរកទីផ្សារឱ្យគាត់ដើម្បីឱ្យសហគមន៍គាត់បង្កើតជាភូមិមួយផលិតផលមួយថ្មី និងទំនើប។ បើចែកឱ្យគាត់ធ្វើកសិកម្មតាមយថាផល ពួកគាត់នៅតែក្រអីចឹង”។
ឆ្លើយតបទៅនឹង ការបញ្ចេញយោបល់របស់ម្ចាស់គណនី នូវ សំបូរ ខាងលើ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានទទួលស្គាល់ថា ពិតជាមានបញ្ហានេះបានកើតឡើងមែន ព្រោះមានជាប់ពាក់ព័ន្ធនឹងកត្តាជាច្រើន។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងចំណោមកត្តាជាច្រើននោះរួមមាន៖
១. ឆន្ទៈរបស់កសិករផ្ទាល់តែម្តង តើគាត់ពេញចិត្តនឹងមុខរបរកសិកម្មនេះ ឬអត់ ទន្ទឹមនឹងពួកគាត់មិនមានឱកាសទទួលបានប្រាក់ចំណូលផ្សេងក្រៅពីកសិកម្ម។
២. ជាប្រភេទដីថ្មី ត្រូវការពេលវេលាក្នុងការស្តារដីថ្មីនេះ។

៣. ធនធានថវិកាគាំទ្រដល់ការតាំងលំនៅឋានថ្មី និងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការងារកសិកម្ម និងមុខរបរ រួមមានទឹក (ហូបចុក និងការងារដាំដុះ)។
៤. ផ្លូវថ្នល់សមរម្យដែលផ្តល់លទ្ធភាពងាយស្រួលដល់ការទំនាក់ទំនងទីផ្សារ។
៥. ការចងក្រងជាបណ្តុំ និងសហគមន៍ដាំដុះ ដោយផ្សារភ្ជាប់ជាមួយបណ្តាញទីផ្សារ (ថាតើឈ្មួញអាចទៅប្រមូលទិញនៅទិនោះមកលក់នៅទីផ្សារ បានទទួលកម្រៃប្រសើរ ឬអត់)។

៦. សមត្ថភាពនៃក្រុមការងារ ដែលទទួលបន្ទុកនៃការអនុវត្តគម្រោង និងម្ចាស់ផ្តល់ជំនួយ។
៧. ទំហំដី និងប្រាក់ចំណូល ដែលទទួលបាន ពុំមានតុល្យភាពនឹងគ្នា (ត្រូវមានការសិក្សាឱ្យបានច្បាស់លាស់មុនការអនុវត្តគម្រោង ជាមួយការប្តេជ្ញាចិត្តរបស់ប្រជាជនដែលទទួលបានដី និងលំនៅឋានថ្មី)។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ បញ្ហាដែលលោកបានបញ្ជាក់ជូនខាងលើ គឺជាការសម្រេចចិត្តរបស់ប្រជាជន ជាមួយនឹងលទ្ធភាព និងសមត្ថភាព នៃមន្រ្តីអនុវត្តគម្រោង និងម្ចាស់ផ្តល់ហិរញ្ញប្បទាន តែប៉ុណ្ណោះ មិនអាចរាលដាលទៅជារឿងផ្សេងឡើយ”៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


