Connect with us

ព័ត៌មានជាតិ

លោក ឌិន សុមេធារិទ្ធ ខាតប្រាក់ជិត១​លានដុល្លារលើវិស័យសណ្ឋាគារ​ក្នុងវិបត្តិកូវីដ

បានផុស

នៅ

វិបត្តិកូវីដ-១៩ បានអូសបន្លាយអស់រយៈពេលជិត ២ឆ្នាំ បណ្តាលឲ្យអាជីវកម្មជាច្រើនដួលរំលំ និងម្ចាស់អាជីវកម្មខាតបង់អស់ប្រាក់ជាច្រើនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមសហគ្រិនជាច្រើន ក្នុងនោះមានលោក ឌិន សុមេធារិទ្ធ ស្ថាបនិកភូមិផ្កាត្រកួន និងជាប្រធានសមាគមសណ្ឋាគារ បានខាតបង់ប្រាក់អស់មួយចំនួនធំផងដែរ នៅក្នុងវិបត្តិសកលនេះ។

លោក ឌិន សុមេធារិទ្ធ បានឲ្យដឹងថា ក្នុងវិបត្តិកូវីដ-១៩នេះ លោកខាតបង់អស់ថវិកាប្រមាណជិត ១លានដុល្លារ ប៉ុន្តែលោកមិនបានជម្រុះបុគ្គលិកណាម្នាក់ឡើយ ដោយសារតែនៅមានហិរញ្ញវត្ថុសម្រាប់ទប់ទល់។ លោកបញ្ជាក់ដូច្នេះថា« ខ្ញុំខាតអស់ជិត១លានដុល្លារចេះតែទប់ទៅ ព្រោះខ្ញុំមានថវិកាគ្រាន់ទប់ ប៉ុន្តែពេលដែលខ្ញុំទប់លែងជាប់ខ្ញុំក៏ទម្លាក់ចោលដែរ ហ្នឹងដូចយើងទម្លាក់ដុំថ្មចោលពីខ្លួន…ជាធម្មតាជីវិតរកស៊ី ដូចជាជីវិតយើងដែរ មានកើតចាស់ឈឺស្លាប់ធម្មតាទេ របស់ដែលមិនបង្កើតចំណូលឲ្យយើង យើងកុំរវីរល់ច្រើន»។ លោកថ្លែងនេះ នៅក្នុងកិច្ចពិភាក្សាភាគទី១០ ក្នុងក្របខណ្ឌ​នៃកម្មវិធីមគ្គុទេសក៍​ស្តារអាជីវកម្មក្នុងបរិបទកូវីដ-១៩ ក្រោមប្រធានបទ «មគ្គុទេសក៍ស្តារអាជីវកម្មពីវិស័យបដិសណ្ឋារកិច្ច» កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា។

លោកបន្តទៀតថា« ខ្ញុំមានមោទនភាពមួយ បុគ្គលិកខ្ញុំ ខ្ញុំមិនជម្រុះអ្នកណាមួយចោលទេ…ធម្មតាយើងរកស៊ីដំបូងក៏គ្មានលុយដែរ រកស៊ីខ្លះចំណេញខ្លះខាតខ្លះ ជារឿងធម្មតា»។

លោក សុមេធារិទ្ធ សង្កត់ធ្ងន់ថា លោកមិនចង់ស្តារលុយ១លានដុល្លារដែលខាតបង់នោះទេ គឺលោកអះអាងថា នឹងយកមកវិញលើសពី១លានដុល្លារ ៥ដង។

លោក សុមេធារិទ្ធ បានបិទសណ្ឋាគាររបស់លោកនៅខេត្តសៀមរាប មិនអាចប្រឈមនឹងការខាតច្រើន ដោយសារមិនបានសិក្សាពីទីផ្សារច្បាស់លាស់។ តាមពិតទៅ លោកបិទតាំងពីមុនជំងឺកូវីដ-១៩ រាតត្បាតទៅទៀត។

កន្លងមកប្រធានសមាគមសណ្ឋាគាររូបនេះ ធ្លាប់ប្រាប់កម្ពុជាថ្មី ក្នុងវិបត្តិកូវីដ-១៩ វិស័យសណ្ឋាគារធ្លាក់ចុះភ្ញៀវទេសចរយ៉ាងគំហុក ដោយសារតែវិស័យនេះពឹងផ្អែកលើភ្ញៀវបរទេសទាំងស្រុង ចំណែកភ្ញៀវជាតិគឺបន្តិចបន្តួចប៉ុណ្ណោះ។ ជាក់ស្តែងជំងឺកូវីដ បានរាតត្បាតខ្លាំងកន្លងទៅ គ្មានចរាចរណ៍ភ្ញៀវបរទេសចេញចូល ជាហេតុនាំឲ្យវិស័យសណ្ឋាគាររង់គ្រោះធ្ងន់ធ្ងរ។

ទោះយ៉ាងណា បច្ចុប្បន្នការងារស្នូលរបស់លោក ឌិន សុមេធារិទ្ធ គឺអភិវឌ្ឍរមណីយដ្ឋាន ភូមិផ្កាត្រកួនរបស់លោកនៅជាយរាជធានីភ្នំពេញ ​ស្ថិតនៅភូមិ​ផ្កាត្រកួន ឃុំ​ស្វាយ​ប្រទាល ​ស្រុក​ស្អាង ខេត្តកណ្តាល៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម