ព័ត៌មានជាតិ
លោក ផៃ ស៊ីផាន ថា មិនត្រឹមតែអ្នកសារព័ត៌មានទេ ពេលខ្លះខ្លួនលោកផ្ទាល់ ខលទៅអ្នកនាំពាក្យមិនលើកដែរ
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា មានពេលខ្លះ មិនចាំបាច់តែអ្នកសារព័ត៌មានទេ ខ្លួនលោកផ្ទាល់ ខលទៅអ្នកនាំពាក្យស្ថាប័នខ្លះមិនលើកដែរ ដែលនេះជាបញ្ហាដែលយើងជួបទាំងអស់គ្នា។
បើតាមលោក ផៃ ស៊ីផាន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលមិនមែនជាសាលាទេ ប៉ុន្តែជាកន្លែងមួយសម្រាប់ផ្ដល់ឱកាសសម្រាប់អ្នកសារព័ត៌មាន ដែលចង់ដឹងបញ្ហាអ្វីមួយ ហើយពិបាកទាក់ទងជាមួយស្ថាប័នផ្សេងៗ សូមសរសេរសំបុត្រដាក់ទៅអង្គភាព ហើយលោកនឹងអញ្ជើញអ្នកនាំពាក្យ ឬតំណាងស្ថាប័ននោះមកផ្ដល់ព័ត៌មានដោយផ្ទាល់តែម្ដង។ លោកថា កន្លងមកតែងតែឮសូរអ្នកសារព័ត៌មានរអូរទាំពីការពិបាកទំនាក់ទំនងជាមួយអ្នកនាំពាក្យ ឬតំណាងស្ថាប័នផ្សេងៗដើម្បីបំភ្លឺព័ត៌មាន។ លោកថា សម្ដេចតេជោហ៊ុន សែន បានប្ដេជ្ញាចិត្តបង្កើតឲ្យមានអ្នកនាំពាក្យ ដើម្បីធ្វើយ៉ាងណាឱ្យលំហូរព័ត៌មានដោយសេរី សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ “ហើយអ្នកនាំពាក្យនេះ មិនត្រឹមតែអ្នកសារព័ត៌មានទេ ពេលខ្លះខ្លួនខ្ញុំខល ក៏គេមិនលើកដែរ អាហ្នឹងយើងជួបទាំងអស់គ្នា”។
លោក ផៃ ស៊ីផាន បានដឹងដែរថា មានពេលខ្លះខាងអង្គភាពអ្នកនាំពាក្យបានចុះទៅហ្វឹកហ្វឺនពួកគាត់ដល់ទីកន្លែង តែពួកគាត់មិនមកចូលរួមផង គាត់ឲ្យអ្នកដែលមិនទទួលខុសត្រូវមកចូលរួម “ខ្ញុំខ្លាចតែប្រើអ្នកបើកឡានរបស់គាត់មកឱ្យអង្គុយស្ដាប់យើងទៀតផង យើងអត់ដឹង យើងគ្រាន់តែដឹងថា តំណាងមកពីមន្ទីរនេះ មកពីមន្ទីរនោះ។ មន្ទីរព័ត៌មានខលទូរស័ព្ទទៅ គាត់ថា រវល់។ រវល់យ៉ាងម៉េច បើការងារនេះជាតួនាទីរបស់គាត់។ គាត់ត្រូវតែពន្យល់ប្រាប់តាមនាទីដែលខ្ញុំបានបង្កើតសម្រាប់ឆ្លើយឆ្លងដោះស្រាយរាល់បញ្ហា ដែលសាធារណជនលោកមិនយល់នូវសាច់រឿងហ្នឹង ហើយគាត់ឡើងមកពន្យល់ប្រាប់។ នេះជាគណនេយ្យភាពដែលជាធាតុផ្សំមួយ នៃអ្វីទៅដែលជាអភិបាលកិច្ចល្អ ដែលសម្ដេចលោកខិតខំប្រឹងណាស់ ហើយជួនកាលលោកធុញទ្រាន់ និងការិយាធិបតេយ្យនេះពេកទៅ លោកអាកាត់ខ្លួនឯង ដូច្នេះខ្ញុំគិតថា អ្នកសារព័ត៌មានយល់អំពីស្ថានភាពពិតរបស់យើង”។
ទាក់ទងបញ្ហានេះដែរ តំណាងអ្នកសារព័ត៌មានមួយចំនួនក៏បានលើកឡើងដែរថា មានអ្នកនាំពាក្យមួយចំនួននៅពេលទូរស័ព្ទសុំការបំភ្លឺ បែរជាប្រើពាក្យគ្រោតគ្រាតមិនសមរម្យ ហើយមានអ្នកនាំពាក្យខ្លះទៀតបានប្រាប់ឱ្យទៅយកព័ត៌មានពីអង្គភាពផ្សេងៗដែលគាត់ទើបផ្ដល់ឲ្យ។ ពួកគាត់មិនអាចទៅយកព័ត៌មានពីស្ថាប័នផ្សេងបានទេ ដោយសារតែអង្គភាពរបស់គាត់ត្រូវការខ្លឹមសារមួយ ដែលចេញពីអ្នកនាំពាក្យផ្ទាល់ ចេញពីតំណាងស្ថាប័នដោយផ្ទាល់ មិនអាចយកខ្លឹមសារពីអង្គភាពផ្សេងបានទេ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំវេទិកាជួបជាមួយអ្នកសារព័ត៌មាន ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងរយៈពេលកន្លងមករបស់អ្នកសារព័ត៌មាន និងកិច្ចការរដ្ឋ ទាក់ទងលំហព័ត៌មានសេរី, ការទទួលព័ត៌មាន ដើម្បីផលប្រយោជន៍សាធារណជន, វេទិការអាស៊ាន និងបច្ចុប្បន្នភាពអ្នកនាំពាក្យ រួមជាមួយនឹងសំណូមពរផ្សេងៗ។
លោក ផៃ ស៊ីផាន បញ្ជាក់ដែរថា អ្នកនាំពាក្យមានភារកិច្ច២ គឺទី១, ការផ្សព្វផ្សាយព័ត៌មានពីស្ថាប័នរបស់ខ្លួនទៅកាន់មហាជន ក៏ដូចជាប្រជាពលរដ្ឋ និងទី២, ការឆ្លងឆ្លើយជាមួយអ្នកសារព័ត៌មាន ក៏ដូចជាមហាជន។ លោកថា កន្លងមកអ្នកសារព័ត៌មានបានជួបប្រទះបញ្ហាប្រឈមមួយចំនួន ទាក់ទងការទទួលបានព័ត៌មាន ពីស្ថាប័នខ្លះ តែមិនទាន់ឃើញមានពាក្យតវ៉ាផ្លូវការណាមួយនោះទេ។ លោកថា មានពេលខ្លះអ្នកសារព័ត៌មាន មិនអាចសុំការបំភ្លឺពីស្ថាប័នមួយបាន ប៉ុន្តែយើងមិនមានច្បាប់ ហើយនៅពេលមានច្បាប់យើងនឹងប្រសើរឡើង៕
ដោយ ៖ កោះកែវ

-
សន្តិសុខសង្គម៥ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


