រមណីយដ្ឋាន “​ទឹកធ្លាក់​ភ្នំ​៥៣” ដែលមាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ ជាទី​តាំង​ដ៏​មាន​សក្ដានុពល​ទាក់ទាញ​ភ្ញៀវទេសចរ​ណ៏​យ៉ាងខ្លាំង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រមណីយដ្ឋាន “​ទឹកធ្លាក់​ភ្នំ​៥៣” ដែលមាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ ជាទី​តាំង​ដ៏​មាន​សក្ដានុពល​ទាក់ទាញ​ភ្ញៀវទេសចរ​ណ៏​យ៉ាងខ្លាំង

បានផុស

នៅ

រមណីយដ្ឋាន “​ទឹកធ្លាក់​ភ្នំ​៥៣” ដែល​ស្ថិតនៅលើ​កំពូលភ្នំ​៥៣ ក្នុង​តំបន់​ជួរ​ភ្នំព្រឹក នៅ​ភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង មាន​ទឹកជ្រោះ​ហូរ​បែក​ផ្កាត្រែង ធ្លាក់​ពីលើ​កំពូលភ្នំ​លាន់​រំពង​ព្រៃ ចុះទៅ​ផ្នែក​ខាងក្រោម​កំពស់​ប្រហែល​ជាង​២០០​ម៉ែត្រ ជា​តំបន់​ទេសចរណ៍ធម្មជាតិ​មួយ​គួរ​ឲ្យ​ទាក់ទាញ​យ៉ាងខ្លាំង ហើយ​បាននឹងកំពុង​បង្ហាញ​សម្រស់ បង្អួត​ភ្ញៀវទេសចរ​ឱ្យមក​កម្សាន្ត​ជា​បន្តបន្ទាប់ បើទោះបីជា​តំបន់​នេះ ទើប​បើក​ដំណើរការ​ក៏ដោយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​ចង់​ធ្វើដំណើរ​ទៅកាន់​តំបន់​ទេសចរណ៍​មួយ​នេះ ភ្ញៀវទេសចរ​អាច​ចេញពី​ក្រុង​បាត់ដំបង តាមផ្លូវ​ទៅ​ប​វេ​ល ត្រង់​ផ្លូវបំបែក​ថ្មគោល ដែល​មាន​ចម្ងាយ​ប្រហែល​១៣២ គ​.​ម ឬក៏​យើង​អាចធ្វើ​ដំណើរ​កាត់​តាម​ខេត្ត​ប៉ៃលិន ដែលមាន​ចម្ងាយ​ប្រមាណ​១៥៥​គ​.​ម តាមផ្លូវ​ក្រវាត់​ព្រំដែន ត្រង់ចំណុច​ភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង យើង​នឹង​ឃើញ​មាន​ស្លាក​សញ្ញា​ទឹកធ្លាក់​៥៣ នៅ​ខាងឆ្វេង​ដៃ ហើយ​បត់​ចូលទៅ​ដល់ទី​តាំង​ភ្នំ​៥៣ ត្រឹមតែ​ជាង​២​គីឡូម៉ែត្រ​ទៀត​តែប៉ុណ្ណោះ​។

ទីនេះ​មាន​ភ្ញៀវទេសចរ​មកលេង​កើន​ឡើងជា​រៀងរាល់ថ្ងៃ​មិនដែល​ដាច់​។ ចំណុច​ពិសេស​នៅទីនេះ ដែល​កំពង់​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត គឺមាន​ទឹកធ្លាក់ ខ្យល់អាកាស​បរិសុទ្ធ និង​អាច​មើល​ទេសភាព​ធម្មជាតិ​ពីលើ​កំពូលភ្នំ​ផងដែរ ហើយ​ភ្ញៀវទេសចរ ដែល​ធ្លាប់​មក​កម្សាន្ត បាន​សម្តែង​ការចាប់អារម្មណ៍​ថា ពិតជា​ជក់ចិត្ត មិន​ចាញ់​ទៅលេង​នៅ​ប្រទេសជិតខាង​នោះទេ​។

រមណីយដ្ឋាន “​ទឹកធ្លាក់​ភ្នំ​៥៣” ក្រៅពី​ទឹកធ្លាក់​, ទេសភាព​ធម្មជាតិ​, ខ្ស​ល់​អាកាស​បរិសុទ្ធ​, រមណីយដ្ឋាន​ភ្នំ​៥៣ មាន​រូង​មួយ ជា​កន្លែង​ទីសក្ការៈ​បូជា ដែល​បន្សល់​ទុកជា​យូរណាស់​មកហើយ​។ រូង​នេះ​ធ្លាប់ជា​កន្លែង​ដែល​ដូនជី ឬ​អ្នក​កាន់សីល​នានា​មកពី​ទីជិត​ឆ្ងាយ មក​តាំងសមាធិ ឬ​សូត្រធម៌ ហើយ​អ្នកស្រុក​នៅ​ទីនោះ​ដំណាល​ថា ពួកគាត់​បាន​តោង​ថ្ម​ចុះ​ជម្រៅ​ប្រមាណ​១៥​ម៉ែត្រ ដល់​ល្អាង​មួយ​ដែលមាន​ទីធ្លា​ប្រមាណ​២០​ម៉ែត្រ និង​មាន​សីតុណ្ហភាព​ត្រជាក់​ស្រេ​ប​។ បច្ចុប្បន្ន រូង​នេះ កំពុងធ្វើការ​រៀបចំ​ឱ្យមាន​ជណ្តើរ​ចុះ​ជម្រៅ​១៥​ម៉ែត្រ សម្រាប់​ភ្ញៀវទេសចរ​មក​កម្សាន្ត និង​អុជ​ធូប​ទៀន គោរពបូជា​ក្នុង​ល្អាង ដ៏​ត្រជាក់​មួយ​នេះ ។​

លោក អ៊ុច​អ៊ុំ ភី​នីស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​ថា ទឹកធ្លាក់​ភ្នំ​៥៣​នេះ មាន​យូរហើយ តែ​អ្នកគ្រប់គ្រង​តំបន់​នេះ ទើប​រៀបចំ​ឲ្យ​មាន​ភ្ញៀវ​ចូលមក​កម្សាន្ត​។ លោក​ថា ដោយសារតែ​ទឹកធ្លាក់​នេះ​មាន​អំណោយផល ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាងខ្លាំង​ក្លា យើង​មិនគួរ​ទុកចោល​ទេ ដូច្នេះហើយ​ទើប​ខាង​មន្ទីរជំនាញ ក៏ដូចជា​អាជ្ញាធរខេត្ត ជាពិសេស​ក្រសួងទេសចរណ៍​បាន​ជំរុញ​ឲ្យ​ម្ចាស់​ដែនដី មានការ​រៀប​ចំ​ធ្វើ​សួនច្បារ ធ្វើ​ផ្លូវ​ចូល និង​រៀបចំ​ឲ្យ​មាន​ចំណត​យានយន្ត ដើម្បី​ស្វាគមន៍​ភ្ញៀវ​។

បើ​និយាយ​អំពី​សក្ដានុពល លោក អ៊ុច​អ៊ុំ ភី​នីស្សា​រ៉ា អះអាង​ថា តំបន់​ទេសចរណ៍ធម្មជាតិ ដែល​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ មាន​សក្ដានុពល​ទាក់ទាញ​ភ្ញៀវទេសចរណ៍​ខ្លាំង​បំផុត​។ បើ​យើង​និយាយ​ពី​ការចាប់ផ្ដើម នៃ​ផ្លូវ​ចូល​ទៅ​កាន់​រមណីយដ្ឋាន​នេះ ដំបូង​យើង​នឹង​បានឃើញ​តំបន់​រុករក​រ៉ែ​មាស ដែល​ពលរដ្ឋ និង​ក្រុមហ៊ុន​កំពុង​ធ្វើ​អាជីវកម្ម​សព្វថ្ងៃ ទិដ្ឋភាព​ដ៏​ស្រស់បំព្រង នៃ​ជួរ​ភ្នំព្រឹក ដំណាំ​កសិកម្ម​នៅ​អម​សាង​ខាង​ផ្លូវ ទាំង​នៅលើ​ភ្នំ ទាំង​នៅតាម​ដងផ្លូវ​ចូលទៅ​កាន់​រមណីយដ្ឋាន ដែលមាន​លក្ខណៈ​ជា​ជ្រលង​ភ្នំ​។

លោក ភី​នីស្សា​រ៉ា បាន​បញ្ជាក់​ថា ពិតមែនតែ​រមណីយដ្ឋាន “​ទឹកធ្លាក់​ភ្នំ​៥៣” នេះ ទើបនឹង​ចាប់ផ្ដើម​ធ្វើការ​អភិវឌ្ឍ​ន៍​បាន​ជិត​កន្លះ​ឆ្នាំ​កន្លង​ទៅ​នេះ តែ​ម្ចាស់​រមណីយដ្ឋាន​នេះ ជាមួយនឹង​ដៃ​គួរ ហាក់​បាន​ប្រឹងប្រែង​ធ្វើ​ឲ្យ​មានការ​រីកចំរើន​យ៉ាងខ្លាំង និង​មាន​ទិដ្ឋភាព​ស្រស់ស្អាត​បំផុត​។ ដូច្នេះ​លោក​រំពឹងថា នៅ​ថ្ងៃ​អនាគត​រមណីយដ្ឋាន “​ទឹកធ្លាក់​ភ្នំ​៥៣” នេះ​នឹង​ទ​ទូល​បាន​នូវ​ការចាប់អារម្មណ៍​យ៉ាងច្រើន​កុះករ ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ធ្វើដំណើរ​ទៅ​ទស្សនា​កម្សាន្ត​៕

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services