ជីវិតកម្សាន្ដ
កេរ្តិ៍ឈ្មោះ ឈិនឡុង ពិបាកស្រោចស្រង់មកវិញ ក្រោយផ្សាយផលិតផលច្រើនប្រភេទប៉ះពាល់សុខភាពមហាជន
តួសម្តែងភាពយន្តដ៏ល្បីល្បាញរបស់ចិន លោក Jackie Chan ឬទស្សនិកជននិយមហៅថាតួឈិនឡុង គឺជាតារាភាពយន្តលំដាប់ពិភពលោក និងជាទីពេញចិត្តរបស់ទស្សនិកជនគ្រប់វ័យក្នុងពេលច្រើនទសវត្សរ៍ ដោយគាត់ធ្លាប់ត្រូវគេចាត់ទុកថាជាគ្រាប់ពេជ្រនៅក្នុងឧស្សាហកម្មផ្សាយពាណិជ្ជកម្មផង ដែលស្វែងរកដោយម៉ាកល្បីៗ។ ទោះបីយ៉ាងណា តារាសម្តែងលេងក្បាច់គុនដ៏រហ័សរហួនរូបនេះ ធ្លាប់ត្រូវមនុស្សជាច្រើនរិះគន់ជាបន្តបន្ទាប់ ចំពោះការផ្សាយពាណិជ្ជកម្មផលិតផលដែលមានគុណភាពអន់បំផុត។

ស្ថិតនៅក្នុងចំណោមការផ្សាយពាណិជ្ជកម្មឲ្យផលិតផលទាំងនោះ ឧប្បត្តិហេតុមួយដែលតារារូបនេះក្លាយជាតំណាងឲ្យយីហោសាប៊ូកក់សក់ដែលលក់ផលិតផលមានផ្ទុកសារជាតិបង្កមហារីក ត្រូវបានចាត់ទុកថា ជាស្នាមប្រឡាក់ ដែលមិនអាចលាងជម្រះបានក្នុងអាជីពដ៏រុងរឿងរបស់តារាស្តេចក្បាច់គុនកុងហ្វូរូបនេះ។
ត្រលប់ទៅកាន់នៅក្នុងឆ្នាំ ២០០៨ លោក Jackie បានជួបបញ្ហានៅពេលដែលផលិតផលនំប៉ាវដែលគាត់តំណាងត្រូវបានគេរកឃើញថា មិនមានសុវត្ថិភាពសម្រាប់អនាម័យចំណីអាហារ។ តាមរយៈការធ្វើតេស្តដោយចៃដន្យ ផលិតផលរបស់ម៉ាកនេះរកឃើញថា មានផ្ទុកបាក់តេរី Staphylococcus aureus យ៉ាងច្រើន ដែលបង្ខំឲ្យអាជ្ញាធរសុខាភិបាលចេញការប្រមូលជាបន្ទាន់ទូទាំងប្រទេស។ មេរោគ Staphylococcus aureus គឺជាភ្នាក់ងារបង្ករោគ នៃការឆ្លងមេរោគលើមនុស្ស ដូចជា រលាកសួត រលាកពោះវៀនធំ រលាកស្រោមបេះដូង និង រលាកស្រោមខួរ ជាដើម។
ក្រោយមកក្នុងឆ្នាំ២០០៧ តារាចិនវ័យ៧១ឆ្នាំរូបនេះ បានយល់ព្រមធ្វើជាតំណាងឲ្យម៉ាកថែរក្សាសក់ Bawang នៃក្រុមហ៊ុន Royal Wind Group ដោយគាត់បានថតវីដេអូជាច្រើនសម្រាប់ផ្សាយពាណិជ្ជកម្ម និងថែមទាំងសរសេរអត្ថបទអំពីការប្រើប្រាស់ផលិតផលដើម្បីការពារការជ្រុះសក់ក្នុងវ័យកណ្តាលរបស់គាត់ថែមទៀតផង។ ការចូលរួមដោយផ្ទាល់របស់តួលំដាប់ពិភពលោកនេះ នៅក្នុងយុទ្ធនាការផ្សាយពាណិជ្ជកម្មធំៗ និងតូច ក៏ដូចជាបទពិសោធន៍របស់គាត់ជាមួយផលិតផល បានធ្វើឲ្យអ្នកប្រើប្រាស់រាប់លាននាក់ជឿជាក់ និងទិញប្រើប្រាស់យ៉ាងគគ្រឹកគគ្រេង។
មិនយូរប៉ុន្មាន នៅក្នុងឆ្នាំ២០១០ ទស្សនាវដ្តី Next របស់ហុងកុង បានចេញផ្សាយលទ្ធផលតេស្តដែលបង្ហាញថាផលិតផលសាប៊ូកក់សក់ Bawang រួមទាំងប្រេងប្រឆាំងនឹងការជ្រុះសក់ និងផលិតផលថែរក្សាសក់មួយចំនួនផ្សេងទៀតរបស់ Royal Wind Group មានផ្ទុកសារធាតុឌីអុកស៊ីត១,៤ ដែលជាសមាសធាតុចាត់ថ្នាក់ដោយទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក (EPA) ជាសារធាតុបង្កមហារីកដល់មនុស្ស។ ព័ត៌មាននេះបានធ្វើឲ្យមនុស្សភ្ញាក់ផ្អើលយ៉ាងឆាប់រហ័ស និងបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពផលិតផល។

ក្នុងនាមជាទូត (BA) នៃម៉ាកយីហោ Bawang តារាសម្ដែងចិនបានក្លាយជាចំណុចសំខាន់នៃការវាយប្រហារ និង រិះគន់ចំពោះភាពលោភលន់ ធ្វើបាបមនុស្ស ការផ្សាយពាណិជ្ជកម្មមិនពិត និងការមិនអើពើនឹងគុណភាពផលិតផលដើម្បីតែទទួលបានកម្រៃនិងប្រាក់ចំណូលខ្ពស់។ បន្ទាប់ពីត្រូវបានមហាជនរិះគន់អស់រយៈពេលជាយូរមក លោកបានបដិសេធរាល់ការចោទប្រកាន់ ហើយនិយាយថា មាននរណាម្នាក់មានបំណងចង់ធ្វើបាបលោក និងផលិតផល Bawang។ តារាប្រុសរូបនេះថែមទាំងបញ្ជាក់ថា លោក និងសហការីតែងតែប្រុងប្រយ័ត្នក្នុងការជ្រើសរើសផលិតផលមកផ្សព្វផ្សាយ។
ទោះបីជាគាត់មិនប្តឹង ឬពិន័យក៏ដោយ ក៏រូបភាពរបស់ឈិនឡុងបានប៉ះពាល់យ៉ាងខ្លាំង ហើយកេរ្តិ៍ឈ្មោះក៏ស្រាប់តែធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ដោយសារតែរឿងអាស្រូវ។ រហូតមកដល់ពេលនេះ ព្រឹត្តិការណ៍ផ្សាយពាណិជ្ជកម្មសាប៊ូកក់សក់ដែលមានសារធាតុបង្កមហារីក នៅតែជាកេរ្តិ៍ឈ្មោះមិនល្អនៅក្នុងអាជីពរបស់តារាជើងចាស់ដដែល។
ថ្វីដ្បិតតែនៅក្នុងវិស័យសិល្បៈរបស់ចិន លោក Jackie Chan ត្រូវគេសរសើរថាជាតារាប្រុសនាំមុខនូវប្រាក់ចំណូលយ៉ាងច្រើនដល់ស្នាដៃដែលគាត់បានសម្តែង។ យ៉ាងណាមិញ សម្រាប់ពិភពផ្សាយពាណិជ្ជកម្ម តារាសម្ដែងត្រូវបានគេចាត់ទុកថា ជាគ្រោះមហន្តរាយទៅវិញ ដោយសារតែ ភាគច្រើននៃម៉ាកយីហោ ដែលតួក្បាច់គុនតំណាង តែងតែមានបញ្ហាតាំងពីការគ្រប់គ្រងរហូតដល់គុណភាពផលិតផល។ ដូច្នេះបន្ទាប់ពីប្រតិបត្តិការរយៈពេលខ្លី ម៉ាកយីហោភាគច្រើនបានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវដ៏គួរឲ្យតក់ស្លុត ហើយខ្លះថែមទាំងត្រូវបានលុបចោលជាអចិន្ត្រៃយ៍ ឬក៏ប្រកាសក្ស័យធន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១៦ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


