ព័ត៌មានជាតិ
កាន់កាតធនាគារតែមួយ អាចដកប្រាក់បានពីទូ ATM ចំនួន៥៣ ផ្សេងគ្នា
ធនាគារជាតិនៃកម្ពុជា បានបង្កើតកម្មវិធីមួយឈ្មោះថា ប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) ដើម្បីសម្រួលដល់សាធារណជន ក្នុងការអាចដកប្រាក់ឆ្លងធនាគារបាន ដោយមិនអស់សេវា។ ប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) គឺជំរុញការអនុវត្តសន្ធានកម្មប្រព័ន្ធរបស់គ្រឹះស្ថានសមាជិក ផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់អ្នកប្រើប្រាស់តាមរយៈការកាន់ប័ណ្ណទូទាត់តែមួយ ដែលអាចប្រើប្រាស់ទាំងក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាចូលរួមចំណែកក្នុងការសម្រេចបានសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាបន្ន និងស្ថិរភាព។

ធនាគារដែលចូលជាសមាជិកនៃកម្មវិធីនេះមានចំនួន ៥៣ ក្នុងនោះសមាជិកផ្ទាល់ធនាគារពាណិជ្ជមាន ៤៥ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមាន ៦ ព្រមទាំងសមាជិកមិនផ្ទាល់ជាធនាគារពាណិជ្ជមាន២។ ធនាគារទាំងនោះរួមមាន អេស៊ីលីដា ស្ថាបនា ABA, Canadia, CIMB, FTB, Cambodia Post Bank, AMK និងធនាគារមីក្រូហិរញ្ញវត្ថុផ្សេងៗមួយចំនួនទៀត។
កម្មវិធី CSS ដែលធនាគារជាតិដាក់ចេញនេះ បានផ្តល់ភាពងាយស្រួលដល់អ្នកកាន់កាត ATM តែមួយ អាចដកប្រាក់ចេញពីប៉ុស្តិ៍ ATM ជាសមាជិកភាពនៃ CSS បានគ្រប់ទីកន្លែង។

លោក ហេង កូយ ប្រធានចាត់ការទូទៅនៃសមាគមធនាគារកម្ពុជា បានបញ្ជាក់ថា គ្រប់ប៉ុស្តិ៍ ATM ទាំងអស់នៅទូទាំងប្រទេស ដែលមានបិទពាក្យថា CSS នៅពីមុខ មានន័យថា ជាសមាជិកភាពដែលធនាគារជាតិ បានរៀបចំជាប្រព័ន្ធ ឲ្យសាធារណជនអាចដកប្រាក់ពីទូ ATM នោះបាន បើទោះជាធនាគារផ្សេងគ្នា។ «យើងធ្វើការជាមួយធនាគារជាតិ ដើម្បីធ្វើយ៉ាងណាឲ្យអតិថិជនរបស់ធនាគារដែលមិនទាន់មានប៉ុស្តិ៍ ATM នៅតាមបណ្តាខេត្តនានាៗ អាចដកប្រាក់តាមទូ ATM ធនាគារផ្សេងបាន»។

លោក ហេង កូយ បានលើកឡើងថា សមាគមធនាគារ នឹងបន្តធ្វើការលើរឿងនេះ ពោលគឺរៀបចំឲ្យធនាគារដែលប្រើកាត ហើយមិនទាន់មានទូ ATM ដាក់ពង្រាយច្រើន ចូលជាសមាជិកនៃប្រព័ន្ធបន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់ខ្លួន។
មន្រ្តីជាន់ខ្ពស់សមាគមធនាគារកម្ពុជា បានឲ្យដឹងថា នៅកម្ពុជា មានធនាគារពាណិជ្ជចំនួន ៥៦ធនាគារ, ធនាគារឯកទេសមានចំនួន ១១, ចំណែកមីក្រូហិរញ្ញវត្ថុ មានចំនួនជិត ១០០គ្រឹះស្ថាន។

សូមបញ្ជាក់ថា ប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) បានដំណើរការទូទាត់លើឧបករណ៍ប័ណ្ណឥណពន្ធ ដែលប្រតិបត្តិការផ្ទេរមូលនិធិនៃឧបករណ៍នេះ កើតឡើងដោយប្រើប្រាស់ម៉ាស៊ីដក និងដាក់ប្រាក់ស្វ័យប្រវត្តិ( ATM) និងម៉ាស៊ីន POS ជាភ្នាក់ងារប្រតិបត្តិការ។ ប្រព័ន្ធ CSS បានដំណើរការទូទាត់លើប្រតិបត្តិការ ៣ប្រភេទ គឺប្រតិបត្តិការផ្ទេរប្រាក់(ATM), ប្រតិបត្តិការដកប្រាក់( ATM និង POS), ប្រតិបត្តិការទិញទំនិញ(POS), និងមានប្រតិបត្តិការមិនមែនហិរញ្ញវត្ថុចំនួន៣ទៀត គឺប្រតិបត្តិការពិនិត្យសមតុល្យ ប្រតិបត្តិការរបាយការសង្ខេប និងប្រតិបត្តិការប្តូរលេខសម្ងាត់។
ប្រព័ន្ធ CSS បានដំណើរការទូទាត់ចំនួន ២៤២ថ្ងៃ នៅឆ្នាំ ២០២១ ដោយបានទូទាត់លើប្រតិបត្តិការជាប្រាក់រៀលសរុបចំនួន ៣៨៣,៥ពាន់ប្រតិបត្តិការ បានកើនឡើង ៦២,១% (ពី ២៣៦,៦ពាន់ប្រតិបត្តិការ) និងទំហំប្រាក់ទូទាត់មានចំនួន ៧៦,២ ប៊ីលានរៀល ដោយបានកើនឡើងជាង ៧៨,៤% ធៀបនឹងឆ្នាំ ២០២០។ ក្នុងនោះប្រតិតបត្តិការដុល្លារមានចំនួន ៨៦,៥ពាន់ប្រតិបត្តិការ ដោយកើនឡើង ៨១% និងទំហំប្រាក់ទូទាត់មានចំនួន ១០,៤លានដុល្លារ ដោយកើនឡើង ១,១ដង(ពី ៤,៩លានដុល្លារ) ធៀបនឹងឆ្នាំ ២០២០៕
អត្ថបទ៖ ទួន សុផល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


