សេដ្ឋកិច្ច
អគ្គទេសាភិបាលធនាគារជាតិបារម្ភពីការប្រើអំណាចបង្កកទ្រព្យសម្បត្តិដោយអាមេរិក
អគ្គទេសាភិបាលធនាគារជាតិកម្ពុជាលោកស្រី ជា សិរី បានលើកឡើងពីក្ដីបារម្ភចំពោះការប្រើអំណាចទណ្ឌកម្មបង្កកទ្រព្យសម្បត្តិលើប្រទេសមួយដោយអាជ្ញាធរអាមេរិក បន្ទាប់ពីឃើញឧទាហរណ៍នៃការបង្កកលុយរបស់រុស្ស៊ីក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកន្លងទៅ។ លោកស្រីថាដរាបណានៅតែប្រើប្រាស់ដុល្លារអាមេរិកនោះអាមេរិកនៅតែមានអំណាចនេះ ហើយការផ្លាស់ប្ដូរឈប់ចាយលុយដុល្លារគឺជារឿងដ៏វែងឆ្ងាយមួយ។

ថ្លែងក្នុងសិក្ខាសាលាស្ដីពីប្រាក់រៀល និងអបអរខួប៤៥ឆ្នាំនៃការដាក់ចរាចរប្រាក់រៀលឡើងវិញនៅសភាជាតិកម្ពុជាកាលពីថ្ងៃទី២០ ខែមីនា លោកស្រី ជា សិរី បានលើកឡើងថាអំណាចបង្កកទ្រព្យសម្បត្តិរបស់អាមេរិកគឺជាការបារម្ភរបស់ធនាគារកណ្ដាលរបស់ប្រទេសទាំងអស់នៅទូទាំងពិភពលោក។ ស្របពេលដែលការប្រើប្រាស់ប្រាក់ដុល្លារយ៉ាងទូលំទូលាយនៅកម្ពុជាដូចពេលបច្ចុប្បន្នពិតជានាំឱ្យកម្ពុជាមានភាពងាយរងគ្រោះជាពិសេសក្នុងពេលដែលមានវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្នុងពេលដែលមិនមានភាពប្រាកដប្រជានៃនយោបាយអាមេរិក ព្រមទាំងការបែងចែកភូមិសាស្ត្រនយោបាយជាដើម។

លោកស្រីថា៖ «ពេលដែអាមេរិកគាត់ដាក់ទណ្ឌកម្មលើរដ្ឋាភិបាលរុស្ស៊ីគាត់ទៅបង្កលុយរបស់ធនាគារកណ្ដាលរុស្ស៊ីដែរ។ បង្កកលុយគេប៉ុន្មានពាន់ប៊ីលានទុកនៅហ្នឹងគាត់។ ដល់អ៊ីចឹងខាងគេ(ប្រទេសផ្សេងៗ)ទំាងអស់គ្នា គេចាប់ភ្ញាក់រឮកថា អូ! លុយរបស់យើងដែលយកទៅវិនិយោគគឺជាលុយយើងដរាបណា អាមេរិកថាលុយហ្នឹងលុយរបស់យើង។ បើថ្ងៃណាគាត់ថាលុយហ្នឹងមិនមែនជាលុយរបស់យើងទេគាត់រឹបអូសយកស្រេចចិត្ត។ អ៊ីចឹងទេជាកិច្ចបារម្ភអ្នកដែលកាន់លុយដុល្លារគឺភ័យខ្លួន»។
លោកស្រីបានពន្យល់ថា លុយដុល្លារអាមេរិកគឺជាសម្បត្តិរបស់រតនាគារអាមេរិកដូច្នេះប្រសិនជាថ្ងៃណាមួយអាមេរិកមិនសប្បាយចិត្តជាមួយនឹងគោលនយោបាយប្រទេសណាមួយ អាមេរិកមានសិទ្ធិគ្រប់ពេលក្នុងការបង្កកលុយមិនទទួលយកពីប្រទេសនោះដែលនេះហើយជាក្ដីបារម្ភដែលមិនត្រឹមតែធនាគារជាតិនោះទេ ពលរដ្ឋក្នុងប្រទេសនោះក៏ប៉ះពាល់ផងដែរ។

ដុល្លារូបនីយកម្មនៅកម្ពុជាត្រូវបានកត់សម្គាល់មានវត្តមានចាប់ពីឆ្នាំ១៩៩៣ក្នុងពេលដែលកម្ពុជាត្រូវបានគ្រប់គ្រងដោយអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិ អ៊ុនតាក់ ដែលយកដុល្លារមកចាក់ចូលក្នុងប្រទេសប្រមាណ១ពាន់៧០០លានដុល្លារអាមេរិក ធ្វើឱ្យមានលំហូរនៃលុយដុល្លារនៅកម្ពុជារហូតដល់ពេលបច្ចុប្បន្ន ហើយការងាកមកឈប់ប្រើប្រាស់ដុល្លារគឺជារឿងពិបាកមួយ។
ថ្លែងក្នុងសន្នីសិទសារព័ត៌មាននៅថ្ងៃទី២០ ខែមីនា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា លោក ឈាង វុន មានប្រសាសន៍ថាការធ្វើបដិដុល្លារូបនីយកម្មបាននៅកម្ពុជាលុះត្រាតែធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខ្មែរ និងអ្នកវិនិយោគបរទេសទុកចិត្តលើប្រាក់រៀលជាមុនសិន។ លោកថារដ្ឋាភិបាលធ្លាប់បានគិតលើរឿងនេះតាំងពីទស្សវត្សឆ្នាំ៩០មកម្លេះ។
លោកថា៖ «ភាពទុកចិត្តទាល់តែបន្តិចម្ដងៗ យើងធ្វើឱ្យអ្នកទាំងអស់ហ្នឹងមានទំនុកចិត្តក្នុងការប្រើប្រាស់ប្រាក់រៀល ហើយបានទំហំប្រាក់រៀលកើនឡើងទំហំទូទាត់ដោយប្រាក់ដុល្លារថយចុះ ផ្លាស់បន្តិចម្ដងៗទើបបាន»។

លោកបន្ថែមថាប្រាក់រៀលគឺជានិមិត្តិរូបជាតិមួយដ៏សំខាន់ ជាមោទនភាពជាតិ បង្ហាញពីឯករាជ្យ និងភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ។ ក្នុងនាមជាប្រទេសឯករាជ្យមួយ ប៉ុន្តែបែរជាចាយលុយបរទេសពិតជាប៉ះពាល់ដល់មុខមាត់ជាតិ។
គួរឱ្យដឹងផងដែរថាបន្ទាប់ពីមានជម្លោះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្ដាលរុស្ស៊ីប្រមាណ ៣០០ពាន់លានដុល្លារ ជាការឆ្លើយតបរុស្ស៊ីក៏ប្រកាសប្រើវិធានការឆ្លើយតបដួចគ្នា ខណៈក្រុមប្រទេស BRICS ដែលដឹកនាំដោយ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បួង ក៏កំពុងមានវិធានជាបន្តបន្ទាប់ដើម្បីកាត់បន្ថយនូវការប្រើប្រាស់ប្រាក់ដុល្លារក្នុងកិច្ចប្រតិបត្តិការសេដ្ឋកិច្ចរបស់ខ្លួនដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក