ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ៖ ការវិនិយោគលើការអភិវឌ្ឍន៍ជំនាញនិងមុខរបរនឹងរួមចំណែកជួយវិនិយោគលើសង្គមទាំងមូល
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថាការវិនិយោគលើការអភិវឌ្ឍន៍ជំនាញមុខរបរ និងការងាររបស់យុវជននៅថ្ងៃនេះ គឺជាការចូលរួមវិនិយោគសង្គមរបស់យើងទាំងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
លោករដ្ឋមន្ត្រីបានបន្តថា ប៉ុន្តែការវិនិយោគនេះទៀតសោតក៏តម្រូវឱ្យមានការយកចិត្តទុកដាក់លើគុណភាព និងបរិមាណការងារផងដែរ។

ថ្លែងក្នុងពិធីបើកវេទិកាដៃគូ ស្តីពីជំនាញ និងអនាគតនៃការងារ ដែលត្រូវបានរៀបចំឡើងដោយអង្គការអន្តរជាតិខាងការងារ (ILO) សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើតាមរយៈប្រព័ន្ធវីដេអូអនឡាញ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ លោករដ្ឋមន្ត្រីបានបន្តទៀតថា ការវិវត្តនៃបច្ចេកវិទ្យា និងសកលភាវូបនីយកម្មព្រមទាំងបម្រែបម្រួលប្រជាសាស្ត្រ និងអាកាសធាតុ គឺជានិន្នាការធំៗ ដែលកំពុងនាំមកនូវការផ្លាស់ប្តូរក្នុងពិភពនៃការងារ ហើយការណ៍នេះក៏ផ្តល់នូវកាលានុវត្តភាពថ្មីៗ ជាច្រើនផងដែរ។
លោករដ្ឋមន្ត្រីបានបន្ថែមថា ប៉ុន្តែការផ្លាស់ប្តូរទាំងនេះ ក៏នាំមកនូវបញ្ហាប្រឈមសម្រាប់ប្រជាជនក្នុងការទទួលបានការបង្កើនជំនាញក៏ដូចជាបង្កបញ្ហាប្រឈមដល់វិស័យឯកជនក្នុងការសម្របខ្លួនទៅតាមការផ្លាស់ប្តូរទាំងនេះ ប្រកបដោយនិរន្តរភាពផងដែរ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «ការវិនិយោគលើការអភិវឌ្ឍន៍ជំនាញ មុខរបរនិងការងាររបស់យុវជននៅថ្ងៃនេះ គឺជាការចូលរួមវិនិយោគសង្គមរបស់យើងទាំងពេលបច្ចុប្បន្ននិងទៅអនាគត។ ប៉ុន្តែការវិនិយោគនេះទៀតសោតក៏តម្រូវឱ្យមានការយកចិត្តទុកដាក់លើគុណភាព និងបរិមាណការងារផងដែរ»។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ក្រសួងបាននឹងកំពុងជំរុញការអនុវត្តនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ជាពិសេសយុទ្ធសាស្ត្រគន្លឹះទី២“ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ” ដើម្បីកសាងបានកម្លាំងពលកម្មដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងស្រុក និងក្នុងតំបន់។
លោករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះការណ៍ដែលអង្គការ ILOបាននិងកំពុងអនុវត្ត គំនិតផ្តួចផ្តើមនវានុវត្តន៍នៅកម្ពុជាដើម្បីបំផុសឱ្យមានការអនុវត្តវិធានការជាក់លាក់សំដៅ៖ លើកកម្ពស់ជំនាញសម្រាប់ការងារបៃតង,ជម្រុញបរិវត្តកម្មឌីជីថលនៃប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET), ផ្តល់ការគាំទ្រដល់យុវជន ដើម្បីឱ្យពួកគេអាចអភិវឌ្ឍន៍ និងពង្រឹងជំនាញសម្រាប់អាជីពរបស់ពួកគេ, គាំទ្រដល់ពលករទេសន្តប្រវេសន៍ដែលបានធ្វើមាតុភូមិនិវត្តន៍ ឱ្យធ្វើសមាហរណកម្មក្នុងទីផ្សារការងារឡើងវិញ។

គួរជម្រាបជូនផងដែរថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាជំនាញ និងអនាគតនៃការងារ ក៏ដូចជាការឆ្លើយតបទៅនឹងការរីករាតត្បាតនៃជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញរួចមកហើយនូវគោលនយោបាយសំខាន់ៗ មួយចំនួនដូចជា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ឆ្នាំ២០១៥-២០២៥គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ និងគោលនយោបាយជាតិស្តីពីពលករទេសន្តប្រវេសន៍ ឆ្នាំ២០១៩-២០២៣ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


