ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ណែនាំពលករខ្មែរធ្វើការនៅថៃ ត្រូវត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ មុនមកលេងស្រុក ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
មន្ត្រីជាន់ខ្ពស់ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំដល់ពលករខ្មែរធ្វើការនៅប្រទេសថៃ ដែលត្រូវធ្វើដំណើរមកលេងស្រុកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ត្រូវត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ ដើម្បីចៀសវាងមានបញ្ហាផ្សេងៗ ឬប៉ះពាល់ដល់សុខសុវត្ថិភាព ខណៈបច្ចុប្បន្នមានពលករមួយចំនួនបានធ្វើដំណើរតាមច្រកព្រំដែនអន្តរជាតិនានាចូលមកប្រទេសកម្ពុជាជាបណ្តើរៗ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២៨ មីនា នេះថា «ខ្ញុំសូមធ្វើការអំពាវនាវដល់បងប្អូនពលករខ្មែរដែលមានបំណងចង់វិលត្រឡប់មកមាតុប្រទេសវិញ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ សូមត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ក្នុងការបំពេញបែបបទក្នុងការចេញចូលប្រទេសកម្ពុជាហើយការចេញចូលកម្ពុជានេះចាប់ពីថ្ងៃទី ១ មេសា រហូតដល់ថ្ងៃទី ១៥ ខែឧសភា មិនមានការបង់ថ្លៃទិដ្ឋាការទេ សូមរក្សារបៀបរៀបរយឱ្យបានត្រឹមត្រូវនៅក្នុងការរង់ចាំការបំពេញបែបបទ ត្រូវសហការជាមួយមន្ត្រី ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធក្នុងករណីបងប្អូនមានចម្ងល់អ្វីមួយអាចសាកសួរព័ត៌មានពីមន្ត្រីនៅទីនោះ ដើម្បីធ្វើយ៉ាងណាឱ្យការចេញចូលប្រកបដោយរលូន និងមិនមានការកកស្ទះយូរ»។

លោក កត្តា អ៊ន បានលើកឡើងថា ក្នុងនាម ក្រសួងការងារ សូមជូនពរពីចម្ងាយដល់ពលករដែលធ្វើដំណើរពីប្រទេសថៃចូលមកកម្ពុជា សូមឱ្យមានសុខសុវត្ថិភាព សុខភាពល្អ សប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងមានសុភមង្គលគ្រប់ក្រុមគ្រួសារ។

ជាមួយគ្នានេះ លោក កត្តា អ៊ន បានណែនាំដល់ពលករខ្មែរកុំចូលតាមច្រករបៀងខុសច្បាប់ផ្សេងៗ ដើម្បីចៀសវាងមានបញ្ហា និងប៉ះពាល់ដល់សុខសុវត្ថិភាព។

គួរបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ ២០២៤ មានពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃចំនួន ១ ២៩២ ២៩៧ នាក់ ស្រី ៥២១ ៨៦២ នាក់ ដោយពួកគាត់ទៅធ្វើការនៅតាមបណ្តារោងចក្រ និងក្រុមហ៊ុននានាដូចជា តាមរោងចក្រចំណីអារហារ ផ្នែកឧស្សាហកម្មក្រុមហ៊ុនសំណង់ សេវាកម្ម និងកសិកម្ម ដោយជាមធ្យមទទួលបានប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ ខែ និងបានផ្ញើថវិកាមកក្រុមគ្រួសារវិញប្រមាណជាង ២ ពាន់លានដុល្លារ ក្នុង ១ ឆ្នាំ បានចូលរួមលើកស្ទួយសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?