ព័ត៌មានជាតិ
ពីជិតផុតពូជ បច្ចុប្បន្នប្រភេទសត្វស្មោញនៅបឹងទន្លេសាប មានចំនួនច្រើនជាងគេនៅអាសុីអគ្នេយ៍
ខេត្តបាត់ដំបង៖ ប្រធានសហគមន៍អេកូទេសចរណ៍ នៅតំបន់បឹងទន្លេសាប បានឱ្យដឹងថា តាមរយៈការទប់ស្កាត់យ៉ាងតឹងតែងរបស់ក្រុមការងារ សត្វស្មោញដែលជិតបាត់បង់ បានគង់វង្សបន្តពូជកើនឡើងយ៉ាងច្រើន។ បច្ចុប្បន្នសត្វស្មោញបានកើនឡើងហក់ខ្ពស់ជាងបណ្តាប្រទេសនៅប៉ែកអាសុីអគ្គេយ៍។

លោក តុន ណៃ ប្រធានសហគមន៍អេកូទេសចរណ៍ នៅតំបន់បឹងទន្លេសាប បានឱ្យ “កម្ពុជាថ្មី” ដឹងនៅថ្ងៃទី២៤ ខែកុម្ភៈនេះថា៖ “សត្វស្មោញដែលជាសត្វកម្រជាងគេនៅអាសុីអគ្នេយ៍ក្នុងអំឡុងឆ្នាំ២០០១ ក្រុមការងារបានរកឃើញជម្រកសត្វស្មោចមានតែ ២ដើមឈើប៉ុណ្ណោះ មានតែចំនួន៥០០ក្បាល នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ឋិតនៅចំណុចព្រែកទាល់ និងចំណុចស្ទឹងសែន ក្នុងស្រុកឯកភ្នំ។ ក្រោយការអភិរក្សរហូតដល់បច្ចុប្បន្ននេះ ប្រភេទសត្វស្មោញមានចំនួនច្រើនជាងគេនៅប៉ែកអាសុីអគ្គេយ៍ កើនឡើងដល់ជិត ៨ ០០០ ក្បាល”។

ប្រធានសហគមន៍អេកូទេសចរណ៍ រូបនេះបន្តថា បានបន្តថា កំណើនសត្វស្មោញកើនឡើងយ៉ាងសន្ធឹកសន្ធាប់នេះ ក្រោយពីរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការទប់ស្កាត់ការប្រមាញ់ ដើម្បីអភិរក្សសត្វស្លាបនៅបឹងទន្លេសាប ខណៈចាប់តាំងពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០១០ លោកជាប្រធានក្រុមនៃមន្ត្រីអភិរក្សសត្វព្រៃនៅតំបន់នោះ។ លោកបញ្ជាក់ថា អ្នកភូមិបណ្តែតទឹកជាទម្លាប់កាលសម័យមុន គឺរកត្រី និងសត្វដើម្បីធ្វើជាម្ហូបជំនួសសាច់មាន់ និងទា ដោយគ្មានការហាមឃាត់ ទើបធ្វើឱ្យសត្វប្រភេទកម្រជិតដាច់ពូជបែបនេះ។

លោក តុន ណៃ បន្តឱ្យដឹងថា សត្វស្លាបកម្រដែលបានរងគ្រោះទាំង៩ប្រភេទទៀត ក៏ត្រូវបានកើនឡើងជាបន្តបន្ទាប់ផងដែរ នៅលើផ្ទៃដីសម្រាប់អភិរក្សសត្វព្រៃនៅតំបន់រាំសាបព្រែកទាល់ មានចំនួន ២១ ៣៤២ ហិកតា ដែលពពួកសត្វទាំងនោះបានបង្កជាហ្វូងហោះហើរទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាជាបន្តបន្ទាប់យ៉ាងច្រើន កាលពីមុនសម័យកូវីដ១៩ ខណៈសូម្បីតែចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២១ មានភ្ញៀវទេសចរជាតិចំនួន ២ ១៣២ នាក់ និងភ្ញៀវបរទេសចំនួន ៦៥ នាក់ ចូលទស្សនាហ្វូងសត្វស្លាប ផ្ទះបណ្តែតទឹក និងកន្លែងលក់វត្ថុអនុស្សាវរីយ៍របស់សហគមន៍។

បើតាមមន្ត្រីផ្នែកនៃអង្គការអភិរក្សបឹងទន្លេសាប រួមនឹងអង្គការចំនួន៥ទៀត ដែលមានអង្គការ UNDP ផង បានបង្ហាញថា ក្នុងអំឡុងឆ្នាំ២០០៨ សត្វស្លាបដ៏កម្រចំនួន ១០ប្រភេទដែលត្រូវបានរងគ្រោះបំផុត ដែលត្រូវបានមន្ត្រីជំនាញរួមជាមួយអង្គការជាដៃគូ បានទប់ស្កាត់ និងអភិរក្សឡើងវិញ។ ក្នុងនោះប្រភេទសត្វស្មោញជាប្រភេទសត្វស្លាបដ៏កម្រជាងគេនៅអាសុីអគ្គេយ៍ ដែលត្រូវបានយកចិត្តទុកដាក់ក្នុងការការពារបំផុត ក្នុងចំណោមសត្វកម្រទាំង ១០ប្រភេទ ដែលបានរងគ្រោះ។

សត្វកម្រទាំងនោះ មាន ទី១. សត្វស្មោញ ២. សត្វត្រដក់តូច ៣. សត្វត្រដក់ធំ ៤. សត្វទុងប្រផេះ ៥. ចង្កៀលខ្យង ៦. រនាលពណ៌ ៧. ពពួលទឹក ៨. ក្ងខ្លួនស ៩. អង្កត់ខ្មៅ ១០. អកត្រីប្រផេះ។ សត្វស្លាបនៅតំបន់បឹងទន្លេសាបទាំងអស់បានបែកចែកជា ៣ប្រភេទគឺ ទី១ ប្រភេទសត្វដោយសម្បូរ ទី២ ប្រភេទសត្វដោយបង្គួរ និងទី៣ ប្រភេទសត្វដ៏កម្រនៅប៉ែកអាសុីអគ្គេយ៍។

មន្ត្រីនៃអង្គការអភិរក្សដែនបឹងទន្លេសាបបានសង្កត់ធ្ងន់ថា ការបាត់បង់ពពួកសត្វស្លាបកម្រទាំងអស់ខាងលើនេះ ដោយសាតែការប្រមាញ់របស់អ្នកភូមិបណ្តែតទឹក ដែលជាទំនៀមទម្លាប់ប្រមាញ់សត្វទាំងនោះធ្វើជាម្ហូបប្រចាំថ្ងៃ ឬធ្វើជាម្ហូបក្នុងពិធីផ្សេងៗ ខណៈពេលនោះ មិនទាន់មានច្បាប់ការពារ និងអភិរក្សនៅឡើយ៕
អត្ថបទ៖ សៅ សារិទ្ធ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


