Connect with us

ព័ត៌មានជាតិ

ព្រះអង្គធំនៅ​ភ្នំសំពៅ នឹងក្លាយ​ជា​គោលដៅទេសចរណ៍​សាសនាធំជាងគេ ក្រោយ​បញ្ចប់​សាងសង់​​ដ៏ខ្លី​ខាងមុខនេះ

បានផុស

នៅ

ពុទ្ធ​បដិមាន​អង្គធំនៅ​រមណីយដ្ឋាន​ភ្នំសំពៅ គ្រោងនឹង​ធ្វើ​ពិធីអភិសេក​នៅមុនចូលឆ្នាំខ្មែរខាងមុខនេះ ខណៈដែលទីរមណីយដ្ឋាន​កម្សាន្តនេះ​ ក៏​នឹង​ក្លាយ​ជាគោលដៅទេសចរណ៍តាមបែបសាសនាដ៏ធំជាងគេនៅទិសប៉ែកពាយព្យនៃប្រទេស​កម្ពុជា។

ពុទ្ធ​បដិមា​ព្រះអង្គធំដែលឆ្លាក់ជាប់មជញ្ជាំងភ្នំនៅផ្នែកខាងកើតនៃជញ្ចាំងភ្នំសំពៅ បាន​ចំណាយពេលរាប់សិបឆ្នាំ​ក្នុង​ការ​សាងសង់ និង​កំពុង​​ខិតទៅ​រក​ការ​បញ្ចប់ទាំងស្រុងនៅពេលដ៏ខ្លី​ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក វាសនា ជាមេជាងបានប្រាប់កម្ពុជាថ្មីថា ការសាងសង់រូបព្រះអង្គធំនៅភ្នំសំពៅ ក្រោយផ្អាកអស់មួយ​រយះ​ពេលវែង ក្រុម​ជាង​បានបន្តការសាងសង់ឡើងវិញដោយ​មាន​យកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត ក្នុងការពន្លឿនការ​សាងសង់​​ឲ្យបាន​បញ្ចប់មុនរដូវកាលចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ២០២៥។

លោកបន្តថា “ក្រោយសាងសង់រួច ព័ត៌មានខ្ញុំ​ដឹង​ ខាងរដ្ឋបាលខេត្តគ្រោងធ្វើពិធីអភិសេកឲ្យបានមុនចូលឆ្នាំ តែខ្ញុំអត់ដឹង​ថា​ថ្ងៃណាទេ”។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា ការប្រារព្វពិធីអភិសេករូបព្រះអង្គធំ រដ្ឋបាលខេត្ត នឹងធ្វើឡើងឲ្យបានមុនចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។ តែថ្ងៃកំណត់នោះមិនទាន់កំណត់នៅឡើយ ដោយ​រដ្ឋបាលខេត្តកំពុងប្រឹក្សាយោបល់គ្នានៅឡើយ។

លោកអះអាងថា ប្រហែល​ទំនងជារង់​ចាំបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ក្នុងនោះមានរៀបចំ​សួនច្បារលម្ហែកាយជាដើម ក៏ត្រូវដាក់សម្ពោធ​​ឲ្យបាន​មុនចូលឆ្នាំដើម្បីឲ្យភ្ញៀវមកកម្សាន្តក្នុងរដូវកាលចូលឆ្នាំនេះ។

ខណៈ​ដែលពុទ្ធបដិមា​អង្គ​ធំ​នៅ​រមណីយដ្ឋាន​ភ្នំសំពៅ នឹងក្លាយ​ជា​គោលដៅទេសចរណ៍តាមបែបសាសនាដ៏ធំជាងគេប្រចាំនៅ​ទិសប៉ែកពាយព្យនៃប្រទេសកម្ពុជា លោក ហម អរុណ រំពឹងថានឹង​ទទួល​បាន​កំណើនភ្ញៀវជាតិនិងអន្តរជាតិ​មក​កម្សាន្ត​កាន់តែច្រើន ក្រោយ​​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗត្រូវ​បាន​រៀបចំ​រួម​ទាំង​ពុទ្ធបដិមាន​ដ៏ធំដែល​ភ្ញៀវទេសចរជាតិនិង​អន្តរជាតិ​មិន​អាច​ខកខានមកទស្សនា៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម