Connect with us

ព័ត៌មានជាតិ

លោក​ប៉ាន សូរស័ក្តិ ធ្លាប់​ដឹកនាំ​ក្រុមហ៊ុន​​ប្រេង​អាមេរិក មុន​កាន់​តំណែង​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម

បានផុស

នៅ

លោក​ប៉ាន សូរស័ក្តិ​​ បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​។ លោក​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៅ​ឆ្នាំ​២០១៦ និង​បន្ត​កាន់​មុខតំណែង​ជា​ថ្មី​នៅ​ឆ្នាំ ២០១៨ នៃ​រដ្ឋាភិបាល​នីតិកាល​ទី ៦។ តាម​ជីវប្រវត្តិ​ មុន​កាន់​ការងារ​រដ្ឋ​លោក​មាន​បទពិសោធន៍​​ការងារ​វិស័យ​ឯកជនជាច្រើន​ឆ្នាំ ហើយ​ក៏​ធ្លាប់​ដឹកនាំនៅ​ក្រុមហ៊ុន​ប្រេង​ដ៏​ធំ​មួយ​ដែលមាន​មូលដ្ឋាននៅ​អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រវត្តិ​សិក្សា

លោក​ប៉ាន សូរស័ក្តិ ធ្លាប់​រស់នៅ​និង​សិក្សា​នៅ​ប្រទេស​បារាំង​និង​សហរដ្ឋ​អាមេរិក​ជិត ២០ឆ្នាំ ដោយ​មាន​សញ្ញាប័ត្រ បរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ច្បាប់ គណិតវិទ្យា វិទ្យាសាស្ត្រ​កុំព្យូទ័រ​ពី​សាកល​វិទ្យាល័យ​ល្បីៗ​នៅ​បារាំង​​និង​សហរដ្ឋ​អាមេរិក។

លោក​បាន​ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ​នៅ​ឆ្នាំ​១៩៩២ មុន​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣។

អាជីពការងារ

មុន​ពេល​ចូល​បម្រើ​ការងារ​ក្នុង​វិស័យ​សាធារណៈ លោក​បាន​ចំណាយ​ពេល​ក្នុង​អាជីព​ការងារ​ក្នុង​ក្រុមហ៊ុន​ឯកជន​អស់​រយៈ​ពេល​ជាង ១៨ ឆ្នាំ ដោយ​បាន​កាន់កាប់​មុខ​តំណែង​ជាន់ខ្ពស់​ជាច្រើន។ តំណែង​ខ្ពស់បំផុត​ជា​​អនុ​ប្រធាន​សាជីវកម្ម​របស់​ក្រុមហ៊ុន UNOCAL ដែល​ជា​ក្រុមហ៊ុន​រុករក​ប្រេង និង​ឧស្ម័ន​ពហុជាតិ​របស់​អាមេរិក​នៅ​សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី ថៃ និង​សិង្ហបុរី និង​ក៏​បាន​កាន់តួនាទី​ជា​នាយកប្រចាំ​ប្រទេស​កម្ពុជា​។ ក្រៅ​ពី​នេះ​លោកធ្លាប់​ធ្វើការ​ជា​អ្នកស្រាវជ្រាវ​សម្រាប់​កងទ័ពអាកាស​សហរដ្ឋអាមេរិក និង​មន្ទីរ​បញ្ចកោណ​ផង​ដែរ។

​ក្រៅពីនោះ លោក​ប៉ាន សូរស័ក្តិ​ ធ្លាប់​​បម្រើការ​ងារ​នៅ​ក្នុង​ស្ថាប័ន​មួយ​ចំនួន​ទៀត រួមមាន​ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​ស្ថាបត្យករ​កម្ពុជា អនុប្រធាន​ក្រុមប្រឹក្សា​ស្តង់ដារ​ជាតិ ក្រុម​ប្រឹក្សា​ស្ថិតិ​ជាតិ ក្រុម​ប្រឹក្សា​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ជាតិ (NCST) និង​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា​អាមេរិកាំង (AmCam)។

ស្នាដៃ​ធំៗ

ក្រោម​ការ​ដឹកនាំ​របស់​លោក ក្រសួង​ពាណិជ្ជកម្ម​បាន​ជំរុញ​ឱ្យ​មាន​សេចក្តី​ព្រាង​ច្បាប់​ និង​វិសោធនកម្ម​ច្បាប់​ផ្សេងៗ រួម​ទាំង​ការ​ការពារ​អ្នកប្រើប្រាស់ សុវត្ថិភាព​ចំណីអាហារ ការប្រកួតប្រជែង ប្រតិបត្តិការ​ដែល​មាន​សុវត្ថិភាព និង​ដំណោះស្រាយ​ពាណិជ្ជកម្ម។

លោក ប៉ាន សូរស័ក្តិ ត្រូវ​បាន​គេ​ទទួលស្គាល់​ជា​អ្នក​ជំរុញ​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន (ICT) ក្នុង​ការ​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​បង្កើន​សមត្ថភាព​ប្រកួតប្រជែង។

លោក​បាន​ផ្ដួចផ្ដើម និង​ដឹកនាំ​ការ​អនុវត្ត​ផែនការ​មេ ICT និង​ធ្វើ​​ទំនើបកម្ម​នៃ​ហេដ្ឋារចនាសម្ព័ន្ធ ICT របស់​ក្រសួង និង​ចូលរួម​​បង្កើត​សេចក្តី​ព្រាងច្បាប់ E-Commerce និង​គំនិត​ផ្តួចផ្តើម​ក្រសួង​អេឡិចត្រូនិក (E-ministry) ក៏ដូចជា​បង្កើត​ស្តង់ដារ​អក្សរ​ខ្មែរ​យូនីកូដ​នៅក្នុងកុំព្យូទ័រ។

លោក​​បាន​ដឹកនាំ​ការ​ចរចា​ក្នុង​ការ​​នាំ​​អង្ករ​កម្ពុជាចេញ​​ទៅ​កាន់​ប្រទេស​ចិន ដោយ​រួច​ពន្ធ​ចំនួន ២០​ម៉ឺន​តោន កាល​ពី​ឆ្នាំ​២០១៧ និង​បង្កើន​ដល់ ៣០​ម៉ឺន​តោន ក្នុង​១​ឆ្នាំ។

ក្រសួង​​ពាណិជ្ជកម្មដែល​មាន​លោក​ជា​រដ្ឋមន្រ្តី ​ក៏​បាន​​ដាក់​ដំណើរការ​មន្ទីរ​ពិសោធន៍​កាំកុង​ត្រូល​ចល័ត និង​នៅ​តាម​ខេត្ត ដើម្បី​ការពារ​និង​លើក​កម្ពស់​សុខុមាល​ភាព​ប្រជាពលរដ្ឋ​ខ្មែរ ព្រមទាំង​ទប់​ស្កាត់​សកម្មភាព​ធុរកិច្ច​មិន​ស្មោះ​ត្រង់។ ជាមួយគ្នា​នេះ បាន​សហការ​​ជាមួយ​​ធនាគារ​ជាតិ​​កម្ពុជា​លើក​​កម្ពស់​​ប្រាក់​រៀលជាតិ តាមរយៈ​ការ​កំណត់​ឲ្យ​មាន​ការ​បិទ​តម្លៃ​ជា​ប្រាក់​រៀល ចំពោះ​រាល់​ទំនិញ​ប្រើប្រាស់​ដែល​ចរាចរណ៍​​លើ​​ទីផ្សារ​​តូច​ធំ​។

លោក​បាន​ដឹកនាំ និង​ការពារ​ច្បាប់​មួយ​ចំនួន​ដោយ​ជោគជ័យ​មាន​ដូចជា៖ ច្បាប់​ស្តីពី​ឧបាស្រ័យ​ពាណិជ្ជកម្ម ពិធីសារ​ធ្វើ​វិសោធនកម្ម​ផ្តល់​សច្ចាប័ន​លើ​កិច្ច​ព្រមព្រៀង​អាស៊ាន​-ចិន អាស៊ាន​-កូរ៉េ អាស៊ាន​-ឥណ្ឌា និង​បាន​ចរចា​បញ្ចប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អាស៊ាន​-ហុងកុង ព្រមទាំង​កិច្ច​ព្រមព្រៀង​កម្ពុជា ឡាវ វៀតណាម ស្តីពី​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​ជាដើម។ លោក ប៉ាន សូរស័ក្តិ ​បាន​គាំទ្រ​ឲ្យ​មាន​ការ​បង្កើត​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​ចំនួន ៥​ កន្លែង នៅ​តាម​បណ្តា​ទីក្រុង​នៃ​ខេត្ត​សំខាន់ៗ​របស់​ប្រទេស​ចិន។ 

តាម​រយៈក្រសួង​ពាណិជ្ជកម្ម លោក​បាន​ជំរុញ​ឲ្យ​មាន​ការ​គាំទ្រ​ផលិតផល​ខ្មែរ តាមរយៈ​ការ​តាំង​ពិព័រណ៍​​ជាតិ និង​អន្តរជាតិ​ជាច្រើន ដូចជា៖ យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​​ប្រទេស ពិព័រណ៍​ពិភពលោក ដែល​ធ្វើ​ឡើង​រយៈពេល ៦​ខែ រៀងរាល់ ៥​ឆ្នាំ​ម្តង ពិព័រណ៍​អន្តរជាតិ​ដែល​ធ្វើ​ឡើង​រយៈពេល ០៣​ខែ រៀងរាល់ ៥​ឆ្នាំ​ម្តង ឆ្លាស់​គ្នា​ជាមួយ​ពិព័រណ៍​ពិភពលោក និង​ពិព័រណ៍​ចិន-​អាស៊ាន ដែល​ធ្វើ​ឡើង​ជា​រៀងរាល់​​ឆ្នាំ។ តាមរយៈ​ការ​ចូលរួម​ពិព័រណ៍​ទាំង​នេះ ផលិតផល​ជាច្រើន​របស់​កម្ពុជា ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំ​ទូលាយ ដើម្បី​ជំរុញ​ការ​នាំចេញ​ដំណាល​គ្នា​ជាមួយ​នឹង​ការ​ចុះ​កិច្ច​ព្រមព្រៀង​វិនិយោគ​ជាច្រើន រវាង​កម្ពុជា និង​បរទេស។

ក្រៅពីនេះ លោក​ក៏​បាន​គាំទ្រ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ផលិតផល​ហាឡាល់ (Halal) ដើម្បី​ឆ្លើយ​តប​តម្រូវការ​ទីផ្សារ​ក្នុង​និង​ក្រៅ​ប្រទេស។

គោលដៅ​

ក្នុង​នាម​​ជា​រដ្ឋមន្រ្តី លោក​បាន​ជំរុញវិស័យពាណិជ្ជកម្ម តាមរយៈ​ការធ្វើកំណែ​ទម្រង់ស៊ី​ជម្រៅ ការ​កាត់បន្ថយចំណាយ និង​ការពង្រឹង​ភាពប្រកួតប្រជែង​នៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារ​អន្តរជាតិ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ផលិតកម្ម កម្រិត​ចំណូល កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ក្នុង​ចក្ខុវិស័យ ឆ្នាំ២០៥០ ប្រែក្លាយ​កម្ពុជានឹងក្លាយជាប្រទេស​មាន​ចំណូលខ្ពស់ ឬជាប្រទេសអភិវឌ្ឍន៍៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២៧ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥២ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម