Connect with us

ព័ត៌មានជាតិ

បើប្រាសាទកោះកេរ មិនអាចចុះបញ្ជីបេតិក​ភណ្ឌពិភពលោក តើកម្ពុជា អាចធ្វើអ្វីបន្ត?

បានផុស

នៅ

កម្ពុជាបានដាក់ឯកសារស្នើសុំចុះបញ្ជី​ប្រាសាទកោះកេរ ទៅកាន់គណៈកម្មការបេតិកភណ្ឌពិភពលោកកាលពីដើមឆ្នាំ២០២១ ចំណែកខាងគណៈកម្មការបេតិកភណ្ឌពិភពលោក បានទទួលឯកសារ និងបានបញ្ជូនអ្នកជំនាញមកពិនិត្យ និងវាយតម្លៃរួចហើយ និងយើងកំពុងរង់ចាំទទួលលទ្ធផលនៅពាក់កណ្ដាលឆ្នាំ ២០២២នេះ។ បើករណី ប្រាសាទកោះកេរ មិនបានទទួលចុះបញ្ជីសម្បត្តិបេតិក​ភណ្ឌពិភពលោក នៅពេលនោះ តើកម្ពុជាអាចធ្វើអ្វីបន្តទៀតចំពោះកិច្ចការនេះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ លោក គង់ ពុទ្ធិការ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃនេះថា នៅពេលនេះយើងមិនទាន់អាចសន្និដ្ឋានថា ប្រាសាទកោះកេរនឹងត្រូវប្រកាសថា នឹងបានចុះបញ្ជីបេតិកភណ្ឌពិភពលោកក្នុងប្រជុំខាងមុខ ឬយ៉ាងម៉េចទេ ព្រោះលទ្ធផលស្ថិតនៅលើការសម្រេចរបស់គណៈកម្មការបេតិកភណ្ឌពិភពលោកតតាមរយៈអ្នកជំនាញការ ត្រួតពិនិត្យ និងវាយតម្លៃ និងប្រជុំសម្រេច។

លោក គង់ ពុទ្ធិការ មានប្រសាសន៍ឆ្លើយតបបន្ថែមថា៖ “ការសម្រេចរបស់ គណៈកម្មការបេតិកភណ្ឌពិភពលោក មាន ៣ កម្រិត៖ ទី១ កម្រិតអាក្រក់បំផុត គឺសម្រេចមិនឱ្យចុះបញ្ជីតែម្ដង កម្រិតទី២ សម្រេចឱ្យកែសម្រួលឯកសារបន្តិចបន្តួចណាមួយតាមការណែនាំរបស់គណៈកម្មការ និងអ្នកជំនាញ ហើយផ្ញើទៅវិញ រង់ចាំការសម្រេចម្ដងទៀត និងទី៣ បើបេតិកភណ្ឌដែលយើងស្នើទៅនោះគ្រប់លក្ខខណ្ឌហើយ គឺគណៈកម្មការសម្រេចចុះបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកតែម្ដង”។

អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ រូបនេះបញ្ជាក់ថា តាមការសម្រេចកាលពីឆ្នាំមុនថា គណៈកម្មការបេតិកភណ្ឌពិភពលោក គ្រោងប្រជុំនៅរុស្ស៊ី ប៉ុន្តែឥឡូវស្ថានភាពរុស្ស៊ីកំពុងមានបញ្ហាសង្គ្រាមជាមួយប្រទេសអ៊ុយក្រែន។

លោក គង់ ពុទ្ធិការ មានប្រសាសន៍បន្តថា៖ “ឥឡូវយើងនៅរង់ចាំលទ្ធផលការស្នើសុំចុះបញ្ជីប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈកិច្ចប្រជុំសម្រេចពី គណៈកម្មការបេតិកភណ្ឌពិភពលោក អាចនៅកំឡុងខែ ៦ (មិថុនា) ឬ ខែ ៧ (កក្កដា) ឆ្នាំហ្នឹង (២០២២) តាមការគ្រោងទុកពីឆ្នាំមុន។ ដែលយើងមិនទាន់ដឹងថា គណៈកម្មការនឹងសម្រេចរៀបចំ ឬធ្វើអ្វីរបៀបម៉េចបន្តទៀត”។

លោក គង់ ពុទ្ធិការ បញ្ជាក់ការប្ដេជ្ញាថា ក្នុងនាម​​ជាអ្នកគ្រប់គ្រងរមណីដ្ឋានប្រាសាទកោះកេរ និងជាអ្នកដឹកនាំរៀបចំឯកសារចុះបញ្ជីប្រាសាទកោះកេរចូលបញ្ជីបេតិកភណ្ឌពិភពលោក ដែលជាសេនាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពជាមួយអ្នកជំនាញការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្យាយាមពន្យល់អ្នកជំនាញការរបស់ គណៈកម្មការបេតិកភណ្ឌពិភពលោក បន្តទៀត ដើម្បីបញ្ចូលប្រាសាទកោះកេរចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ​

សូមជម្រាបថា ប្រាសាទកោះកេរមានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ មានចម្ងាយប្រមាណ ៨០ គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។

កាលពីឆ្នាំ២០១៨ កម្ពុជាបានចុះសិក្សាស្រាវជ្រាវនៅតំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារ និងប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ដើម្បីស្នើដាក់ប្រាសាទខ្មែរទាំងពីរនេះទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទអង្គរវត្តបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ ប្រាសាទព្រះវិហារនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧។

ទីតាំងប្រជុំប្រាសាទកោះកេរនេះ គឺជាអតីតរាជធានី “ឆោកគគ៌្យរ” របស់ព្រះបាទជ័យវរ្ម័នទី៤ ដែលត្រូវបានកសាងឡើងក្នុងសតវត្សទី១០ (៩២៨-៩៤២)។ ព្រះអង្គបានផ្លាស់ប្តូររាជធានីពីក្រុងយសោធរបុរៈ (ក្រុងអង្គរ) ទៅកាន់តំបន់កោះកេរនេះ ក្រោយពេលដណ្ដើមរាជបល្ល័ង្កពីក្មួយរបស់ព្រះអង្គ គឺព្រះបាទយសោវរ្ម័នទី២ ដែលសោយរាជ្យនៅក្រុងអង្គរ។ ប្រាសាទនេះកសាងឡើងតាមរចនាប័ទ្មកោះកេរ ដែលមានរាងស្រដៀងនឹងពីរ៉ាមីត៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម