ព័ត៌មានជាតិ
សម្ដេចធិបតី អបអរសាទរ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរាត្រីថ្ងៃទី០៤ ខែធ្នូ នេះ អបអរសាទរ ក្រមាខ្មែរត្រូវបានដាក់បញ្ជូលទៅក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្ក តាមរយៈសេចក្ដីសម្រេច 19.COM 7.b.27 នៅក្នុងកិច្ចប្រជុំអន្តររដ្ឋាភិបាល ដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការដែល ក្រមាខ្មែរ ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ជាមោទនភាពថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលបានសម្រេចនូវសមិទ្ធផល សម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល។

តាមសម្ដេចធិបតី ការចុះបញ្ជីនេះបានផ្តល់នូវតម្លៃដូចគ្នាចំពោះកម្ពុជា និង សហគមន៍អន្តរជាតិ នូវកាតព្វកិច្ចនៃកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការថែរក្សា ការពារ និងលើកតម្កើង គុណតម្លៃ “ក្រមា” ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី សម្តែងនូវអំណរព្រះគុណ ដ៏ជ្រាលជ្រៅវិសេសវិសាលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គទ្រង់តែងប្រោសព្រះរាជទាននូវការគាំទ្រជានិច្ចកាល ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងវិស័យបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបីដែលងាយប្រឈមនឹងការបាត់បង់។

នាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង គាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ជាមួយនឹងស្ថាប័នពាក់ព័ន្ធនានា អ្នកជំនាញជាតិ-អន្តរជាតិ សហគមន៍តម្បាញក្រមា សមាគមន៍ក្រមា ក៏ដូចជាអាជ្ញាធរមូលដ្ឋាន នៅតាមបណ្តារាជធានី-ខេត្តនានា រហូតសម្រេចបានជោគជ័យក្នុងការចុះ “ក្រមា” ក្នុងបញ្ជី តំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនាពេលនេះ។

សម្ដេច ហ៊ុន ម៉ាណែត ក៏ថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជូនចំពោះ ជនរួមជាតិទាំងអស់ដែលបានបន្តថែរក្សា ផលិត និងប្រើប្រាស់ក្រមាក្នុងជីវភាព រស់នៅប្រចាំថ្ងៃ ដែលជាអត្តសញ្ញាណរបស់ជាតិ និងជាកេរដំណែលប្រពៃណីដ៏ថ្លៃថ្លាក្នុងសង្គមកម្ពុជា តាំងពីដើមរៀងមក។
ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នាយករដ្ឋមន្ត្រី ក៏អំពាវនាវចំពោះស្ថានីយ៍វិទ្យុ ទូរទស្សន៍ និង បណ្តាញព័ត៌មានទាំងអស់ មេត្តាចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍ដែលជាមោទនភាពជាតិដ៏មាន សារៈសំខាន់នេះឱ្យបានទូលំទូលាយបំផុត៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


