ប្រធានមន្ទីរអប់រំយុវជន និងកីឡាបានមានប្រសាសន៍ថា ការពាក់ម៉ាសនៅក្នុងថ្នាក់រៀនរបស់សិស្សានុសិស្ស នៅរាជធានីភ្នំពេញលែងជាកាតព្វកិច្ច ទៀតហើយពោលគឺអាស្រ័យទៅលើការសម្រេចចិត្តរបស់សិស្សម្នាក់ៗប៉ុណ្ណោះ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៤ឧសភានេះថា «សម្រាប់នៅរាជធានីភ្នំពេញយើងលែងតម្រូវឱ្យសិស្សានុសិស្សពាក់ម៉ាសនៅក្នុងថ្នាក់រៀនបន្តទៀតហើយ។
ការពាក់ឬមិនពាក់វាជាសិទ្ធិសេរីភាពរបស់ពួកគាត់ម្នាក់ៗ គាត់ពាក់ក៏បានមិនពាក់ក៏បាន។ប៉ុន្តែពួកគាត់ត្រូវបន្តអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងសាលារៀន»។
លោកប្រធានមន្ទីរបានបន្តថាវិធានការវ៉ាស់កម្តៅ លាងដៃនិងសាប៊ូឬជែលនិងអាកុលនៅតែបន្តអនុវត្តជាប់ជាប្រចាំនៅតាមសាលារៀននីមួយៗព្រោះថាបើទោះបីជាទៅថ្ងៃខាមុខជំងឺកូវីដ១៩លែងមានក៏យើងនៅតែបន្តអនុវត្តដដែលព្រោះវិធានការនេះអាចការពារការឆ្លងបានពីមេរោគផ្សេងៗផងដែរពិសេសជំងឺដែលឆ្លងតាមចំណីអាហារនិងកាត់បន្ថយបានពីជំងឺរាករូសដែលចម្លងពីចំណីអាហារ។
យ៉ាងណាក៏ដោយ លោកប្រធានមន្ទីរបានលើកទឹកចិត្តដល់សិស្សា នុសិស្សត្រូវបន្តអនុវត្តវិធានការការពារ ៣កុំ និង៣ការពាររបស់ប្រមុខរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួនពិសេសការពាក់ម៉ាសឱ្យបានត្រឹមត្រូវពិសេសនៅទីកន្លែងដែលបិទជិត តាមពិធីនានាដែលមានមនុស្សប្រមូលផ្តុំច្រើនដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍បើទោះបីជាកម្ពុជាមិនមានឆ្លងករណីជំងឺនេះថ្មីជាប់ៗគ្នាក្នុងរយៈពេល៧ថ្ងៃក៏ដោយ។
លោកប្រធានបានបញ្ជាក់ថាក្រៅពីពាក់ម៉ាសចំពោះការរៀននៅក្នុងថ្នាក់ពេញម៉ោងឬមិនពេញម៉ោងគឺអាស្រ័យទៅតាមស្ថានភាពជាក់ស្តែងរបស់សាលានីមួយៗជាអ្នកសម្រេចព្រោះថារហូតមកដល់ពេលនេះក្រសួងអប់រំយុវជននិងកីឡានៅមិនទាន់មានចេញសេចក្តីណែនាំថ្មីណាមួយនៅឡើយទេ។
លោក ហែមស៊ីណារ៉េត បានឱ្យដឹងថា «ការរៀនពេញម៉ោងឬមិនពេញម៉ោងគឺសាលានីមួយៗជាអ្នករៀបចំទៅតាមជាក់ស្តែងដោយសាលាខ្លះមានសិស្សតិចបញ្ចូលគ្នារៀនបានពេញម៉ោងនៅក្នុងថ្នាក់រៀន។
ចំណែកសាលាខ្លះទៀតដែលមានសិស្សច្រើនអាចរំលែកគ្នារៀនឆ្លាស់គ្នាគឺរៀនក្នុងថ្នាក់ផងនិងរៀនតាមអនឡាញផងព្រោះថារហូតមកដល់ពេលនេះក្រសួងអប់រំយុវជននិងកីឡានៅមិនទាន់មានចេញសេចក្តីណែនាំណាមួយថ្មីនៅឡើយទេ»។
ក្រសួងសុខាភិបាលបានណែនាំរួចហើយពីទីតាំងដែលមិនតម្រូវឱ្យពាក់មាសនៅទីសាធារណៈ ដូចជា នៅផ្លូវឬសួនច្បារសាធារណៈអគារឬបន្ទប់បើកបង្អួចឬផ្សារទំនើបធំៗដែលមានប្រព័ន្ធរំហូរខ្យល់ចេញចូលល្អជាដើមដោយប្រជាជនទាំងអស់អាចជ្រើសរើសដោយខ្លួនឯងពីការបន្តពាក់ម៉ាស់ឬមិនពាក់ម៉ាស់។
ប៉ុន្តែការពាក់ម៉ាស់នេះត្រូវបានលើកទឹកចិត្តឱ្យបន្តអនុវត្តនៅពេលមានការ ចូលរួមក្នុងព្រឹត្តិការណ៍ជួបជុំទីតាំងសកម្មភាពសង្គម-
សេដ្ឋកិច្ចនានាដែលមានការប្រមូលផ្តុំមនុស្សច្រើនកុះករកកកុញ ជាអាទិ៍ការរៀបចំសន្និសីទ កិច្ចប្រជុំ សិក្ខាសាលាឬវគ្គបណ្តុះបណ្តាលផ្សេងៗនិងទីតាំងបិទជិតនានាដែលពុំមានប្រព័ន្ធរំហូ រខ្យល់ចេញចូលល្អឬទីកន្លែងដែលមានការសង្ស័យថាមានបុគ្គលដែលប៉ះពាល់នឹងជំងឺកូវីដ-១៩។
ចំពោះ ទីតាំងបិទជិត ត្រូវបន្តអនុវត្តកាតព្វកិច្ចពាក់ម៉ាសឬការពាក់ម៉ាសជាជម្រើសដោយផ្អែកទៅតាមការកំណត់នៅគោលការណ៍ប្រតិបត្តិស្តង់ដារនានា (SOPs)ដែលក្រសួង-ស្ថាប័នមានសមត្ថកិច្ចបានដាក់ចេញនាពេលកន្លងមក។
ប៉ុន្តែកាតព្វកិច្ចពាក់ម៉ាសនេះ ត្រូវបន្តអនុវត្តសម្រាប់អ្នកជំងឺកូវីដ-១៩និងអ្នកដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមាន កូវីដ-១៩៕
អត្ថបទ៖ សំអឿន