Connect with us

ព័ត៌មានជាតិ

កម្ពុជាចាត់ទុកអង្គការILO ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច

បានផុស

នៅ

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា កម្ពុជាបានចាត់ទុកអង្គការILOជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការដាក់ចេញនូវកម្មវិធីនានាដើម្បីលើកកម្ពស់យុត្តិធម៌សង្គម និងការងារសមរម្យជូនកម្មករនិយោជិតប្រកបដោយប្រសិទ្ធភាព។

ការលើកឡើងនេះបានធ្វើឡើងកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងសម័យប្រជុំលើកទី១១០ នៃសន្និសិទអន្តរជាតិខាងការងារ នៅប្រទេសស្វីស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិតរដ្ឋមន្ត្រីបានបន្តថា អង្គការILO គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់តាមរយៈការបន្តអនុវត្តកម្មវិធីជាច្រើនជាអាទិ៍៖ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់លក្ខខណ្ឌការងារ
និងការអភិវឌ្ឍវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា។ ជាងនេះទៅទៀត កម្ពុជាបានកំពុងអនុវត្តកម្មវិធីការងារសមរម្យសម្រាប់កម្ពុជាបានចំនួន៥ដំណាក់កាលចាប់តាំងពីឆ្នាំ២០០៥មក។ ហើយក្នុងដំណាក់កាលទី៥
ឆ្នាំ២០១៩-២០២៣ ត្រូវបានរៀបចំឡើងស្របពេលគម្រប់ខួប៥០ឆ្នាំ នៃសមាជិកភាពរបស់កម្ពុជា ជាមួយនឹងអង្គការ ILO។

លោកបណ្ឌិតរដ្ឋមន្ត្រីបានបន្ថទៀតថា រាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា តាមរយៈគោលការណ៍គ្រឹះរបស់ILO ដែលផ្តោតលើយន្តការត្រីភាគី និងកិច្ចសន្ទនាសង្គម នឹងអាចដោះស្រាយនូវបញ្ហាចំពោះមុខ និងសម្រេចបាននូវបេសកកម្មអង្គការអន្តរជាតិខាងការងារដើម្បីបន្តលើកកម្ពស់ការងារសមរម្យប្រកបដោយផលិតភាពសម្រាប់គ្រប់គ្នា។

នៅក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរចំពោះលោក Gilbert Houngbo ដែលទទួលបានការគាំទ្រ និងជ្រើសតាំងជាអគ្គនាយកថ្មី នៃអង្គការអន្តរជាតិខាងការងារ ដែលនឹងចូលកាន់តំណែងនៅក្នុងខែតុលា ឆ្នាំ២០២២នេះ។

តាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា លោករដ្ឋមន្ត្រីសូមគាំទ្រនូវអនុសាសន៍ដែលបានលើកឡើងក្នុងរបាយការណ៍របស់
លោក Guy Ryder អគ្គនាយកអង្គការ ILO ស្តីពី “វិបត្តិការផ្លាស់ប្តូររចនាសម្ព័ន្ធការងារ និងអនាគតនៃការងារ”
និងខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍ស្តីពី “ការងារសមរម្យ សេដ្ឋកិច្ច សង្គម និងសាមគ្គីភាព” ក៏ដូចជា “ការអំពាវនាវជាសកលដើម្បីចាត់វិធានការសម្រាប់ការស្តារឡើងវិញពីវិបត្តិកូវីដ-១៩ ដោយផ្តោតលើកត្តាមនុស្សជាស្នូល ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់” ដែលនឹងរួមចំណែកសម្រេចបាននូវគោលដៅរួមនៃរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងអាណត្តិជាប្រវត្តិសាស្ត្ររបស់អង្គការILO ក្នុងការសម្រេចបាននូវយុត្តិធម៌សង្គម និងការងារសង្គមសម្រាប់គ្រប់គ្នា។ ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រីបានលើកឡើងវិធានការនានាក្នុងការចូលរួមលើកកម្ពស់ដល់ការរស់នៅរបស់កម្មករនិយោជិតក្នុងកំលុងការរាតត្បាតជំងឺកូវីដ១៩កន្លងទៅ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញជាបន្តបន្ទាប់ និងអនុវត្តប្រកបដោយជោគជ័យនូវកញ្ចប់វិធានការអន្តរាគមន៍ចំនួន ១០ជុំដោយផ្តោតទៅលើមុខព្រួញ ចំនួន៤ គឺ៖ ១- ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ , ២- ការរក្សាលំនឹងជីវភាពប្រជាជន ពិសេសសម្រាប់ប្រជាជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ព្រមទាំងអ្នកបាត់បង់ការងារធ្វើ, ៣-ការខិតខំជួយឲ្យអស់លទ្ធភាព ដើម្បីធ្វើឲ្យធុរកិច្ច និងអាជីវកម្មអាចរស់បាន និងរក្សាការងារ, និង ៤- ការរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងស្ថេរភាពសង្គម។

រាជរដ្ឋាភិបាលបានអនុវត្តនូវវិធានការដោះស្រាយផលប៉ះពាល់របស់និយោជក និងកម្មករនិយោជិត រួមមានការអនុញ្ញាតឲ្យរោងចក្រសហគ្រាសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរអាចព្យួរកិច្ចសន្យាការងារកម្មករនិយោជិតទទួលបានប្រាក់ជំនួយឧបត្ថម្ភ និងការបណ្តុះបណ្តាលជំនាញទន់និយោជកទទួលបានការអនុគ្រោះចំពោះកាតព្វកិច្ចនានា និងការចាក់វ៉ាក់សាំង
ជូនកម្មករនិយោជិតតាមបណ្តារោងចក្រ សហគ្រាសការលើកកម្ពស់លក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ,ការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ, ថែរក្សាសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ, និងផ្តល់កិច្ចគាំពារសង្គម ជូនដល់កម្មករនិយោជិតក្នុងស្រុក និងពលករទេសន្តរប្រវេសក៍កម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល,
ច្បាប់ និងបទប្បញ្ញតិ្តជាតិជាធរមាន និងអនុសញ្ញា ILOដែលកម្ពុជាបានផ្តល់សច្ចាប័ន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម