ព័ត៌មានជាតិ
ខួបលើកទី៥៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម
ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ គឺជាខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងវៀតណាម (២៤ មិថុនា ១៩៦៧ – ២៤ មិថុនា ២០២២) និងជាឆ្នាំមិត្តភាពផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានថ្លែងថា កម្ពុជា និងវៀតណាម ជាប្រទេសជាប់ភូមិផងរបងជាមួយគ្នា និងមានទំនាក់ទំនងជាមួយគ្នាជាងមួយពាន់ឆ្នាំមកហើយ។ បើយើងនិយាយពីសម័យទំនើបវិញ ប្រទេសយើងទាំងពីរ បានឆ្លងកាត់ការលំបាក រួមសុខរួមទុក្ខជាមួយគ្នា និងជួយគ្នាទៅវិញមកក្នុងបុព្វហេតុទាមទារឯករាជ្យពីរបបអាណានិគមនិយម រហូតទទួលបានជោគជ័យដ៏ត្រចះត្រចង់។
លោកថា ទំនាក់ទំនងដ៏ជិតស្និទ្ធនេះ ត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរ ចាប់តាំងពីសម័យព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលវៀតណាម រហូតមកដល់ថ្នាក់ដឹកនាំបច្ចុប្បន្ន ហើយកំរិត នៃទំនាក់ទំនងមិត្តភាពកម្ពុជា-វៀតណាម ក៏ត្រូវបានលើកម្ពស់ទៅជា “ទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ” ក្នុងឆ្នាំ២០០៥។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចំណងមិត្តភាពជាប្រពៃណី និងអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ ត្រូវបានរឹតបន្តឹងឱ្យកាន់តែរឹងមាំតាមរយៈការប្រាស្រ័យទាក់ទង និងផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់ និងនៅគ្រប់កាលៈទេសៈរវាងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចាប់ពីកម្រិតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រធានសភា និងថ្នាក់មូលដ្ឋាននៃប្រទេសទាំងពីរ។ ជាក់ស្តែងក្នុងខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញបំពេញទស្សនកិច្ចនៅរដ្ឋធានីហាណូយ បន្ទាប់មកនៅក្នុងខែធ្នូ ឆ្នាំ២០២១នេះដែរ ឯកឧត្តម ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋវៀតណាម ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ ថ្មីៗនេះ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ក៏បានអញ្ជើញជាសហអធិបតីជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងពិធីអបអរខួប៤៥ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ក្នុងខេត្តត្បូងឃ្មុំផងដែរ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានរំលេចយ៉ាងច្បាស់អំពីសាមគ្គីភាព មិត្តភាពពិសេសរវាងកម្ពុជា និងវៀតណាម ព្រមទាំងស្មារតីអន្តរជាតិរបស់ប្រជាជនវៀតណាម ក្នុងការជួយស្រោចស្រង់ប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ជារួមយើងអាចវាយតម្លៃបានថា ក្នុងរយៈពេល៥៥ ឆ្នាំកន្លងទៅនេះ ទំនាក់ទំនងកម្ពុជា-វៀតណាម បានបង្ហាញឱ្យសកលលោកមើលឃើញយ៉ាងច្បាស់ថា គឺជាទំនាក់ទំនងដ៏រឹងមាំ ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងធន់ទៅនឹងសំពាធពីការប្រែប្រួលភូមិសាស្ត្រនយោបាយទាំងក្នុងតំបន់ និងអន្តរជាតិ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ