ស្ថាប័នជំនាញ បើកកិច្ចពិភាក្សា ដើម្បីឆ្លងច្បាប់ ពីការងារបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និងវៀតណាម – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ស្ថាប័នជំនាញ បើកកិច្ចពិភាក្សា ដើម្បីឆ្លងច្បាប់ ពីការងារបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និងវៀតណាម

Published

on

អន្គរគណៈកម្មការជំនាញរដ្ឋសភា ដឹកនាំដោយប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដោយសហការជាមួយតំណាងគណៈកម្មការជំនាញផ្សេងៗទៀតរបស់រដ្ឋសភា បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រធានស្ថាប័ន កិច្ចការព្រំដែន ដើម្បីពិភាក្សា លើសេចក្តីព្រាងច្បាប់ចំនួន២។ 

សេចក្តីព្រាងច្បាប់ចំនួន២នេះ រួមមានទី១- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ទី២- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ​ ធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ នៅសាលបាយ័ន នៃវិមានរដ្ឋសភា ដោយខាងអន្តរគណៈកម្មការជំនាញរដ្ឋសភា ដឹកនាំដោយលោក ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា​ និងគណៈកម្មការនីតិកម្ម​ និងយុត្តិធម៌​ នៃរដ្ឋសភា​ រួមជាមួយតំណាងគណៈកម្មការជំនាញផ្សេងៗទៀតរបស់រដ្ឋសភា ហើយខាងតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ និងលោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ព្រមទាំងមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញមួយចំនួនទៀត។

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែន គោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម បានចុះហត្ថលេខា កាលថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៩ ហើយត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តទទួលយកកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ កន្លងទៅ។ សេចក្តីព្រាងច្បាប់នេះដែរ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា បានបើកកិច្ចប្រជុំកាលពីថ្ងៃទី២០ ​​ដើម្បីអនុម័តប្រគល់ឲ្យគណៈកម្មការជំនាញផងដែរ។

លោក​ ផៃ ​ស៊ីផាន​ អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិ​បាល​ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា តាម​រយៈកា​រ​បង្ហាញ​របស់​​អ្នក​បច្ចេកទេស ​គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន នៃប្រទេសទាំង២ ​បានសម្រេចការងារបោះបង្គោលព្រំដែន បានចំនួន៨៤ ភាគរយហើយ។ នៅ​ក្នុង​៨៤ ​ភាគ​រយ​នេះ​ រាជ​រដ្ឋា​ភិបាល​​កម្ពុជា​បាន​អនុម័ត​យល់​ព្រម​ជា​មួយ​រដ្ឋាភិបាលវៀតណាម។ លោកបញ្ជាក់ថា កិច្ចព្រមព្រៀងនេះយកជាការបាន ល្គឹក​ណា​ដែល​ស្ថាប័ន​នីតិ​ប្ប​ញ្ញត្តិ​ផ្ដល់​សច្ចាប័ន​។​ ​ដូច្នេះ​ការ​ងារ​នេះ គឺជា​ការ​ងារ​ផ្ដល់​សច្ចា​ប័ន​។ បានសេចក្ដីថា ​រដ្ឋ​សភា​យល់​ព្រម​នៅ​ក្នុង​ការងារ​ បច្ចេក​ទេស​របស់​គណ​កម្មា​ធិការ​ព្រំដែន​ ដែល​តំណាង​ដោយរាជរដ្ឋាភិបាល។

លោក​ ផៃ​ ស៊ីផាន​ ពន្យល់​ថា ​រដ្ឋ​សភាមុន​នឹង​ឲ្យ​សច្ចា​ប័ន​ គឺ​ត្រូវ​​ពិនិត្យ​មើល​គ្រប់​ជ្រុង​​ជ្រោយនៅដំណាក់កាលចុងក្រោយ ហើយពេលណារដ្ឋសភាផ្ដល់សច្ចាប័ន សេច​ក្ដី​ព្រាង​ច្បាប់​នេះ​ ក្លាយ​ជា​ច្បាប់​​ត្រូវ​បាន​ដាក់​​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​​៕

អត្ថបទ៖ កោះកែវ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services