ព័ត៌មានជាតិ
អនុប្រធានទី១រដ្ឋសភាជំរុញការពង្រឹងអធិបតេយ្យជាតិតាមរយៈការចាយប្រាក់រៀល
អនុប្រធានទី១ រដ្ឋសភាកម្ពុជាលោក ជាម យៀប បានជំរុញពលរដ្ឋក្នុងការចាយវាយប្រាក់រៀលឱ្យកាន់តែច្រើនដើម្បីជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ និងជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព ដោយចាត់ទុកជាការបណ្ដុះស្មារតីជាតិនិយមពង្រឹងអធិបតេយ្យភាពជាតិ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រាក់រៀល ប្រព័ន្ធបាគងនិងខេអេចឃ្យូអរ(KHQR)នៅសាលសន្នីសិទសភាជាតិលោក ជាម យៀប បានកោតសរសើរធនាគារជាតិនៃកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ និងវិធានការជាច្រើន រួមទាំងវិធានការផ្សព្វផ្សាយតាមគ្រប់រូបភាព ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល ប្រព័ន្ធបាគង និង ខេអេចឃ្យូអរ KHQR ក្នុងរយៈកាលកន្លងមក។ លោកបានគូសបញ្ជាក់ថារដ្ឋសភាគាំទ្រទាំងស្រុងដល់កិច្ចការទាំងឡាយណាពង្រឹងប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុក្របខ័ណ្ឌនយោបាយរូបិយវត្ថុ ក៏ដូចជាការជំរុញឱ្យមានការប្រើប្រាស់ប្រាក់រៀលទូលំទូលាយ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរក្សានូវអធិបតេយ្យជាតិធ្វើឱ្យសេរីភាពនៃសេដ្ឋកិច្ចកាន់តែមានភាពប្រសើរឡើងនិងពង្រឹងនូវអត្តសញ្ញាណ ជាតិ និងភាពធន់។

លោកថា៖ «ប្រាក់រៀល បានលើកស្ទួយអត្តសញ្ញាណជាតិ បានកសាងជំនឿទុកចិត្ត ជួយជំរុញសាមគ្គីភាព និងបណ្តុះការបង្រួបបង្រួម និងស្មារតីជាតិនិយមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ ការជំរុញការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កាន់តែជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ ដែលជួយក្នុងការគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព»។
ប្រាក់រៀលកម្ពុជាត្រូវបានដំណើរការឡើងវិញក្រោយពីប្រទេសជាតិទើបរំដោះពីរបបខ្មែរក្រហមនាថ្ងៃ ៧ មករា ១៩៧៩ ដែលបង្ហាញពីការគិតគូរយ៉ាងហ្មត់ចត់ និងការទទួលស្គាល់ពីថ្នាក់ដឹកនាំនាសម័យនោះទៅលើភាពចាំបាច់នូវការមានរូបិយវត្ថុជាតិផ្ទាល់ខ្លួនមួយ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។

ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា លោក ឈាង វុន បានលើកឡើងថាក្នុងរយៈពេលកន្លងមកស្ថាប័ននីតិប្បញ្ញត្តិកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការលើកកម្ពស់ទំនុកចិត្តប្រាក់រៀល។ រដ្ឋសភា ព្រឹទ្ធសភា និងធនាគារជាតិនៃកម្ពុជាធ្លាប់បានរៀបចំសិក្ខាសាលាពាក់ព័ន្ធនឹងវឌ្ឍនភាពនៃប្រព័ន្ធធនាគារ និងការប្រើប្រាស់ប្រាក់រៀល ហើយសង្ឃឹមថា ការរៀបចំទិវាប្រាក់រៀលរួមគ្នានាថ្ងៃនេះ គឺជាសក្ខីកម្មថ្មីមួយទៀត ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋសភា និងព្រឹទ្ធសភា ក្នុងការចូលរួមជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយឡើងថែមទៀត។
ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់ថា៖ «ទិវាប្រាក់រៀល នឹងបន្តជាវេទិកាដ៏សំខាន់ក្នុងការលើកកម្ពស់ប្រាក់រៀល និងមានការចូលរួមយ៉ាងផុលផុសពីគ្រប់ស្ថាប័ន ក្នុងការលើកស្ទួយការប្រើប្រាស់ប្រាក់រៀល ទាំងក្នុងប្រាក់ចំណូល ចំណាយ ការដាក់តាំងស្លាកតម្លៃ ការទូទាត់ និងការសន្សំ ជាដើម។ រដ្ឋសភាត្រៀមខ្លួនជានិច្ច ក្នុងការបន្តកិច្ចសហការជាមួយធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្ថាប័នផ្សេងទៀត ក្នុងការចូលរួមជំរុញការប្រើប្រាស់ប្រាក់រៀល»។

អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាលោកស្រី ជា សិរី បានមានប្រសាសន៍ថាប្រាក់រៀលបានរួមចំណែកក្នុងពង្រឹងអត្តសញ្ញាណជាតិ អធិបតេយ្យភាពជាតិ និងគាំទ្រដំណើរការស្តារសេដ្ឋកិច្ចជាតិ។ លោកស្រីបន្ថែមថាដោយសារការអូសបន្លាយសង្គ្រាមស៊ីវិលជាងបីទស្សវត្សរ៍ ជាពិសេសរបបខ្មែរក្រហម បានបំបាត់ប្រាក់រៀលមិនឱ្យចរាចរទៀតនោះទំនុកចិត្តមកលើប្រាក់រៀលបានបាត់បង់ទាំងស្រុងហើយការស្តារទំនុកចិត្តឡើងវិញ វាជាការលំបាកបំផុត។លើសពីនេះការហូរចូលយ៉ាងសន្ធឹកសន្ធាប់នូវប្រាក់ដុល្លារក្នុងដើមទស្សវត្សរ៍១៩៩០ ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាទទួលយកប្រាក់ដុល្លារអាមេរិកមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃជំនួសរូបិយវត្ថុជាតិ ។
លោកស្រីថា៖ «ទោះជាយ៉ាងណាក៏ដោយនារយៈពេល២ទស្សវត្សរ៍ចុងក្រោយ ក្រោមដំបូលសុខសន្តិភាពដែលទទួលបានពីនយោបាយឈ្នះៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សេដ្ឋកិច្ចមានវឌ្ឍនភាពយ៉ាងឆាប់រហ័សស្ទើរគ្រប់វិស័យ ហើយតម្លៃប្រាក់រៀលក៏មានស្ថិរភាពយ៉ាងល្អប្រសើរ ជាមួយកម្រិតទាបនៃអតិផរណា»។

បើតាមអគ្គទេសាភិបាលធនាគារជាតិស្ថិរភាពនយោបាយនិងសេដ្ឋកិច្ចបានបើកលទ្ធភាពឱ្យរាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជាដាក់ចេញនូវនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាបន្តបន្ទាប់តាមរយៈយន្តការទីផ្សារ ដោយបានស្តារទំនុកចិត្តលើប្រាក់រៀលនិងបង្កើតឧបករណ៍រូបិយវត្ថុជាប្រាក់រៀល។ ជាលទ្ធផល ទំហំប្រាក់រៀលក្នុងចរាចរណ៍បានកើនឡើងជាលំដាប់ជាមធ្យម ១៥% ក្នុង១ឆ្នាំ នាអំឡុង ២ទសវត្សរ៍ចុងក្រោយ ខណៈដែលឥណទាននិងប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារជារៀល ក៏បានកើនឡើងលឿនក្នុងអត្រា ៣៥% និង ៣០% រៀងគ្នាដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


