Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ​កំណត់​ឲ្យ​រៀបចំ​សំណុំ​ឯកសារ​ដំឡើង​ឋានន្តរស័ក្តិ​តាម​វេន​ប្រចាំឆ្នាំ​២០២១​យ៉ាងយូរ​ត្រឹម​ថ្ងៃ​៣១​ធ្នូ​ជា​កំហិត

បានផុស

នៅ

ភ្នំពេញ​ ៖​ ក្រសួងមហាផ្ទៃ​បានកំណត់​ឲ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត​ដែល​មិនទាន់​បានបញ្ចប់​ការរៀបចំ​សំណុំ​ឯកសារ​ដំឡើង​ឋានន្តរស័ក្តិ ថ្នាក់​តាម​វេន​ប្រចាំឆ្នាំ​២០២១​ត្រូវ​ព​ន្លឿ​ន​កិច្ចការ​នេះ ឲ្យ​បាន​រួចរាល់ និង​បញ្ជូនមក​ក្រសួងមហាផ្ទៃ​ឲ្យ​បាន​យ៉ាងយូរ​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ជា​កំហិត​។

តាមរយៈ​សេចក្តី​ជួន​ដំណឹង​មួយ​ដែល​ទើប​ទទួលបាន​នៅថ្ងៃនេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ឲ្យ​ដឹងថា ​«​រហូតមកដល់​ពេលនេះ រដ្ឋបាលខេត្ត​មួយចំនួន បានរៀបចំ​សំណុំ​ឯកសារ​ដំឡើង​ឋានន្តរស័ក្តិ ថ្នាក់​តាម​វេន​ប្រចាំឆ្នាំ​២០២១ រួចរាល់​ហើយ ។​ដោយឡែក​សម្រាប់ រដ្ឋបាល​រាជធានី ខេត្ត​ផ្សេងទៀត​ដែល​ពុំទាន់ បានបញ្ចប់​ការរៀបចំ​សំណុំ​ឯកសារ​ដំឡើង​ឋានន្តរស័ក្តិ ថ្នាក់​តាម​វេន​ប្រចាំឆ្នាំ​២០២១ ត្រូវ​ព​ន្លឿ​ន​កិច្ចការ​នេះ ឲ្យ​បាន​រួចរាល់ និង​បញ្ជូនមក​ក្រសួងមហាផ្ទៃ (​នាយកដ្ឋាន​បុគ្គលិក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​) ឲ្យ​បាន​យ៉ាងយូរ​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ជា​កំហិត​»​។

លោក​បាន​បន្ត​ទៀត​ថា ​ចំពោះ​ការដំឡើង​ថ្នាក់​តាម​កម្រិត​សញ្ញាបត្រ រដ្ឋបាល​រាជធានី ខេត្ត​នីមួយៗ​ត្រូវ​ប្រមូលផ្តុំ និង​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ច្បាស់លាស់ រួច​លើកសំណើ និង​បញ្ជូន​សំណុំ​ឯកសារ មក​ក្រសួងមហាផ្ទៃ យ៉ាងយូរ​ត្រឹម​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២១ ដើម្បី​ក្រសួង​ពិនិត្យ សម្រេច​តាម​គោលការណ៍ និង​នីតិវិធី​កំណត់​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើនេះ សម្រាប់​ឆ្នាំ​២០២១​ខាងមុខ ក្រសួង​មុខងារសាធារណៈ បានស្នើ​ឲ្យ​ក្រសួង ស្ថាប័ន​ថ្នាក់​ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ព​ន្លឿ​ន​ការដំឡើង ឋានន្តរស័ក្តិ ថ្នាក់​ប្រចាំឆ្នាំ​តាម​វេន​អតីតភាព តាម​វេន​ជ្រើសរើស និង​តាម​កម្រិត​សញ្ញាបត្រ​ជូន​មន្ត្រីរាជការ​ស៊ីវិល ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ឲ្យ​បាន​ទាន់​ពេល​វេលា និង​ជា​ផលប្រយោជន៍​ដល់​មន្ត្រីរាជការ​ម្នាក់ៗ ដែល​បាន​ខិតខំ​បំពេញការងារ​ពិតប្រាកដ និង​មាន​អតីតភាព​ការងារ​អប្បបរមា ០២​ឆ្នាំ គិត​មកដល់​ថ្ងៃទី​១៣ ខែមេសា នៃ​ឆ្នាំ​នីមួយៗ​។

ដើម្បី​ធានា​ឲ្យ​ការដំឡើង​ឋានន្តរស័ក្តិ ថ្នាក់​ប្រចាំឆ្នាំ និង​តាម​កម្រិត​សញ្ញាបត្រ​ជូន​មន្ត្រីរាជការ​ស៊ីវិល​នៅ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុង​ឆ្នាំ​២០២១​ខាងមុខ ដំណើរការ​រៀបចំ​បាន​ទាន់​ពេលវេលា និង​អនុវត្ត​ស្របតាម​គោលការណ៍​បែបបទ និង​នីតិវិធី​កំណត់ លោក​សក់​សេដ្ឋា​បាន​ណែនាំ​ថា​១៖ ការដំឡើង​ឋានន្តរស័ក្តិ ថ្នាក់​ប្រចាំឆ្នាំ និង​តាម​កម្រិត​សញ្ញាបត្រ​របស់​មន្ត្រីរាជកា​រ​ស៊ីវិល ដែល​ត្រូវបាន​ផ្ទេរ​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នាពេល​កន្លងមក រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​មាន​សមត្ថកិច្ច ត្រូវ​ពិនិត្យ និង សម្រេច​ដាក់ចេញ​ដីកា​ស្តីពី​ការដំឡើង​ថ្នាក់ និង​ឋានន្តរស័ក្តិ​ប្រចាំឆ្នាំ និង​តាម​កម្រិត​សញ្ញាបត្រ ជូន​មន្ត្រីរាជការ​ស៊ីវិល​របស់ខ្លួន​ស្របតាម​គោលការណ៍ បែបបទ និង​នីតិវិធី​ដែល​ច្បាប់ ព្រះរាជក្រឹត្យ​ស្តីពី​លក្ខន្តិកៈ ដោយឡែក​សម្រាប់​បុគ្គលិក​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​សេចក្តីណែនាំ​ពាក់ព័ន្ធ​ខាងលើ បានកំណត់​។

២៖ ចំពោះ​ការដំឡើង​ឋានន្តរស័ក្តិ ថ្នាក់​ប្រចាំឆ្នាំ និង​តាម​កម្រិត​សញ្ញាបត្រ​ជូន​មន្ត្រីរាជការ​ស៊ីវិល ដែល​ត្រូវបាន តែងតាំង​ឲ្យ​ទៅ​បំពេញការងារ​ជាមួយ​ក្រុមប្រឹក្សា នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ រួមមាន គណៈ​អភិបាល​រាជធានី ខេត្ត ក្រុង​ស្រុក ខណ្ឌ នាយក​រដ្ឋបាល​សាលា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ស្មៀនឃុំ សង្កាត់ រដ្ឋបាល​រាជធានី ខេត្ត​នីមួយៗ​ត្រូវ​ដំណើរ​ការរៀបចំ​ស្របតាម​សេចក្តីណែនាំ​លេខ ០១២ ស​ណន ស្តីពី​ការដំឡើង​ថ្នាក់ និង​ឋានន្តរស័ក្តិ​ជូន​មន្ត្រីរាជការ​ស៊ីវិល ក្រសួងមហាផ្ទៃ៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម