ព័ត៌មានជាតិ
មន្ត្រីក្រសួងបរិស្ថាន ៖ សូមកុំជឿថា ការបរិភោគសាច់សត្វព្រៃ ផ្ដល់សុខភាពល្អ ប៉ូវកម្លាំង និងអាចជួយព្យាបាលជំងឺផ្សេងៗ ឲ្យសោះ
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានថ្លែងប្រាប់ដល់ប្រជាពលរដ្ឋទាំងអស់ថា សូមកុំជឿថាការបរិភោគសាច់សត្វព្រៃ ផ្ដល់នូវសុខភាពល្អ ប៉ូវកម្លាំង និងអាចជួយព្យាបាលជំងឺផ្សេងៗ ឲ្យសោះ ដោយនៅពេលមានជំងឺអ្វីមួយ ត្រូវទៅពិនិត្យពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យវិញ ទើបជាល្អ។

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងបរិស្ថាន” នាព្រឹកថ្ងៃទី ៣០ ខែសីហានេះថា ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅជិតតំបន់ការពារធម្មជាតិ គឺមានទម្លាប់ចាប់សត្វព្រៃដើម្បីយកមកធ្វើម្ហូប។ ក្នុងនោះ ក៏មានប្រជាពលរដ្ឋមួយចំនួន មានទម្លាប់ហូបសាច់សត្វព្រៃ ដោយជឿថា សត្វព្រៃ ផ្ដល់សុខភាពល្អឲ្យពួកគាត់ ប៉ូវកម្លាំង និងអាចជួយព្យាបាលជំងឺជាដើម។
ត្រង់ចំណុចនេះលោក នេត្រ ភក្រ្តា បានស្នើដល់ប្រជាពលរដ្ឋកុំជឿឲ្យសោះ ដោយនៅពេលមានជំងឺសូមទៅពិភាក្សាជាមួយគ្រូពេទ្យ។ លោកថា «ចំណុចទាក់ទងជាមួយនឹងសត្វព្រៃនេះ យើងឃើញថា ទម្លាប់របស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលនៅជិតតំបន់ការពារធម្មជាតិ គឺទម្លាប់គាត់ចាប់សត្វដើម្បីធ្វើម្ហូប បងប្អូនយើងមួយចំនួន ក៏មានទម្លាប់គឺចូលចិត្តហូបសាច់សត្វ ដោយជឿថា សត្វព្រៃនឹងផ្ដល់សុខភាពល្អឲ្យគាត់ ប៉ូវកម្លាំង អាចជួយព្យាបាលជំងឺ ក៏ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋកុំជឿ បើសិនជាបងប្អូនប្រជាពលរដ្ឋ មានជំងឺសូមអញ្ជើញទៅពិភាក្សាជាមួយនឹងក្រុមគ្រូពេទ្យ សូមអញ្ជើញទៅពិនិត្យតាមបែបវេជ្ជសាស្រ្ដ»។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្ថែមថា សូមប្រជាពលរដ្ឋកុំជឿថា ឆ្អឹងតេសអាចជួយព្យាបាលជំងឺផ្សះ ឈាមពង្រូលអាចជួយព្យាបាលជំងឺផ្សេងៗ ឬក៏ថា ប្រភេទសត្វព្រៃផ្សេងៗទៀត អាចជួយជាថ្នាំផ្សះនោះឲ្យសោះ។ លោក នេត្រ ភក្រ្តា បានលើកឡើងទៀតថា «តែផ្ទុយមកវិញ បើសិនជាបងប្អូនបរិភោគ ឬយកសាច់សត្វទាំងអស់នេះ ទៅព្យាបាលជំងឺ ឬក៏ឈាមទៅព្យាបាលជំងឺ វានឹងអាចធ្វើឲ្យបងប្អូនបាត់បង់ ឬក៏មានវិប្បដិសារីជាមិនខាន នៅពេលដែលជំងឺឲ្យកាន់តែវិវត្តន៍អាក្រក់ ពីព្រោះថា យោងតាមការសិក្សាបែបវិទ្យាសាស្រ្ដ ឈាមរបស់សត្វព្រៃ សំណាករបស់សត្វព្រៃ គឺមានទៅដោយមេរោគ ហើយមេរោគនោះ ក៏សាហាវដែរ»។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្ថែមទៀតថា ប្រភេទជំងឺមួយចំនួន ដែលបានរាតត្បាតឆ្លង និងសម្លាប់មនុស្សមួយចំនួននៅពិភពលោក ក៏មួយផ្នែកបានចម្លងមកពីសត្វដែរ។ ដូច្នេះ ការបោះបង់ចោលទម្លាប់នៃការហូបសាច់សត្វព្រៃ ដោយរក្សាទុកវាឲ្យនៅក្នុងព្រៃ មិនមែនត្រឹមតែមានប្រយោជន៍ សម្រាប់ប្រព័ន្ធអេកូឡូស៊ីប៉ុណ្ណោះទេ តែក៏សម្រាប់សុខភាព ហើយមានតម្លៃជាសេដ្ឋកិច្ចតាមរយៈការផ្ដល់ជាទេសចរណ៍ធម្មជាតិ ផងដែរ។
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន ក៏បានឲ្យដឹងដែរថា ក្រសួងបរិស្ថាន បានរៀបចំដឹកនាំនូវយុទ្ធនាការអន្ទាក់សូន្យ ដែលចាប់ផ្ដើមឡើងនៅខេត្តចំនួន ៦ ដែលរួមមាន៖ ខេត្តក្រចេះ, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី, កំពង់ធំ, និងខេត្តព្រះវិហារ ដែលខេត្តទាំងអស់នេះ សម្បូរទៅដោយតំបន់ការពារធម្មជាតិ ហើយតំណាងស្ទើតែពាក់កណ្ដាល នៃផ្ទៃដីការពាររបស់កម្ពុជា។
លោកបន្ថែមទៀតថា តំបន់ទាំងអស់នោះ ក៏ជាតំបន់ដែលសម្បូរទៅដោយការលក់សាច់សត្វព្រៃផងដែរ ជាពិសេសគឺផ្សារសាមគ្គី នៅទីរួមខេត្តស្ទឹងត្រែងតែម្ដង ហើយបន្ទាប់ពីបើកយុទ្ធនាការអន្ទាក់សូន្យមក គឺមន្ត្រីបរិស្ថានចុះបង្រ្កាបទីតាំងលក់សាច់សត្វព្រៃទាំងនោះ ជាបន្តបន្ទាប់។ ក្នុងនាមក្រសួងបរិស្ថានលោក នេត្រ ភក្រ្តា បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅជិតតំបន់ការពារធម្មជាតិ សូមបោះបង់ចោលនូវទម្លាប់ដាក់អន្ទាក់សត្វព្រៃ និងប្រជាពលរដ្ឋទូទៅ សូមបោះបង់ចោលនូវទម្លាប់បរិភោគសាច់សត្វព្រៃ ផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


