ព័ត៌មានជាតិ
ទម្រាំបានកាន់តំណែងសំខាន់ៗនៃស្ថាប័នតុលាការកម្ពុជា តើលោកស្រី ជា លាង ធ្លាប់ធ្វើការងារអ្វីខ្លះ?
លោកស្រី ជា លាង ជាស្រ្តីខ្មែរដំបូងដែលកាន់តំណែងជាអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល ចាប់ពីឆ្នាំ២០០៩ រហូតដល់បច្ចុប្បន្ននេះ។ លោកស្រី ក៏ធ្លាប់កាន់តំណែងជាសហព្រះរាជអាជ្ញានៃតុលាការខ្មែរក្រហមផងដែរ។ ទម្រាំបានកាន់តំណែងសំខាន់ៗក្នុងស្ថាប័នតុលាការនេះ តើលោកស្រី ជា លាង មានប្រវត្តិបែបណា? ហើយលោកស្រីមានសមត្ថភាព និងចំណេះដឹងដល់កម្រិតណាដែរ? នៅថ្ងៃនេះ «កម្ពុជាថ្មី» នឹងជម្រាបជូននូវប្រវត្តិរបស់លោកស្រី ដូចខាងក្រោម ៖

លោកស្រី ជា លាង កើតនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៦៩ មានស្រុកកំណើតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានឪពុកឈ្មោះ កែវ ជា និងម្តាយឈ្មោះ សេង សៀម និងមានបងប្អូន ៦នាក់។ លោកស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយលោក សុខុម ឫទ្ធីវុធ ជាមន្ត្រីនៅក្រសួងសុខាភិបាល។
ក្រោយបញ្ចប់ការសិក្សានៅវិទ្យាល័យទួលទំពូង នៅឆ្នាំ១៩៨៨ លោកស្រី ជា លាង ត្រូវបានរាជរដ្ឋាភិបាលផ្តល់អាហារូប ករណ៍ឲ្យទៅបន្តការសិក្សានៅប្រទេសអាល្លឺម៉ង់ ជំនាញនីតិសាស្ត្រ ដោយលោកស្រី បានចំណាយពេលសិក្សាប្រមាណ ៧ឆ្នាំ ដើម្បីទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្រ្ត នៅសាកលវិទ្យាល័យ Martin Luther នៅឆ្នាំ ១៩៩៥។ បន្ថែមពីនេះ លោកស្រី ក៏ទទួលបានវគ្គបណ្ដុះបណ្ដាលផ្សេងៗជាច្រើនទៀត ដូចជា វគ្គបណ្ដុះបណ្ដាលស្ដីពី សិទ្ធិមនុស្ស នៅប្រទេសដាណឺម៉ាក វគ្គបណ្ដុះបណ្ដាលផ្នែកច្បាប់ និងតុលាការ នៅប្រទេសជប៉ុន និងវគ្គបណ្ដុះបណ្ដាលស្ដីពី ការស៊ើបអង្កេតរឿងក្ដីព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុងឡាអេ ប្រទេសហូឡង់។

បន្ទាប់ពីបញ្ចប់ការសិក្សានៅប្រទេសអាល្លឺម៉ង់ លោកស្រី បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ហើយបានចាប់ផ្តើមចូលបម្រើការងារជាមន្ត្រីផ្នែកច្បាប់នៅក្រសួងយុត្តិធម៌ នៅឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ១៩៩៩ លោកស្រី ត្រូវបានដំឡើងតួនាទីជាអនុប្រធានការិយាល័យបណ្តុះបណ្តាលនៃក្រសួងយុត្តិធម៌។ ដោយហេតុថា លោកស្រី ជាអតីតនិស្សិតដែលបានសិក្សានៅក្រៅប្រទេស និងមានបទពិសោធលើកិច្ចការច្បាប់ ជាពិសេស ជំនាញបទល្មើសព្រហ្មទណ្ឌ លោកស្រី ជា លាង ក៏ត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ នៅឆ្នាំ២០០២។ ក្នុងតួនាទីជាព្រះរាជអាជ្ញានេះ លោកស្រី បានចូលរួមក្នុងដំណើរការកាត់ក្តីជាច្រើននៅសាលាឧទ្ធរណ៍ និងធ្វើអធិការកិច្ចលើការងាររបស់ព្រះរាជអាជ្ញានៅតាមសាលាដំបូងរាជធានី-ខេត្ត ជាដើម។

កិច្ចការបន្ទាប់របស់លោកស្រី គឺជាសហព្រះរាជអាជ្ញាជាតិនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅថា សាលាក្តីខ្មែរក្រហម បន្ទាប់ពីសាលាក្តីនេះត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០០៦។ ក្នុងនាមជាសហព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហម លោកស្រី ជា លាង បានធ្វើការចោទប្រកាន់ជនជាប់ចោទជាមេដឹកនាំកំពូលៗ ក្នុងរបបខ្មែរក្រហមជាបន្តបន្ទាប់ ដើម្បីយកមកកាត់ទោសតាមផ្លូវច្បាប់។ លុះដល់ឆ្នាំ២០០៩ លោកស្រី ក៏ទទួលការតែងតាំងជាអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល រហូតដល់បច្ចុប្បន្ននេះ ហើយក៏ជាស្រ្តីទី១ ដែលកាន់តំណែងកំពូលនេះនៅស្ថាប័នតុលាការផងដែរ។ រយៈពេលជិត ១៣ឆ្នាំ សម្រាប់តំណែងជាអគ្គព្រះរាជអាជ្ញានៅតុលាការកំពូល លោកស្រី បានបំពេញការងារយ៉ាងសកម្មលើកិច្ចការច្បាប់ និងតុលាការនៅកម្ពុជា ដែលភាគច្រើន គឺលោកស្រីធ្វើលើកិច្ចការព្រហ្មទណ្ឌ៕

ដោយ ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី