ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល៖ ទោះបង់លុយបើកបរផ្លូវល្បឿនលឿន ក៏នៅចំណេញជាងបើកតាមផ្លូវជាតិធម្មតា
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរ ហើយនឹងត្រៀមបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរសាកល្បងដោយមិនគិតថ្លៃ ចាប់ពីថ្ងៃទី១ ដល់ទី ៣១ ខែតុលា ឆ្នាំ ២០២២ ខាងមុខ។

ការកសាងផ្លូវល្បឿនលឿននេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ផ្លូវល្បឿនលឿន គឺផ្តល់ផលចំណេញច្រើនដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់កំណើនភ្ញៀវទេសចរណ៍ ក៏ដូចជាផ្តល់ការងារដល់ប្រជាពលរដ្ឋបន្ថែមទៀត។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា បើទោះជាការបង់ប្រាក់ប្រើប្រាស់ផ្លូវល្បឿនលឿនយ៉ាងណាក្តី ក៏នៅតែចំណេញជាងបើកបរតាមផ្លូវជាតិធម្មជាតិ។ លោកពន្យល់ថា បើសិនជាប្រជាពលរដ្ឋ បើកបរលើផ្លូវជាតិធម្មតា គឺត្រូវចំណាយពេលយូរ ប្រើប្រាស់ប្រេងសាំងច្រើន និងអត្រាអាចមានគ្រោះថ្នាក់ជាយថាហេតុខ្ពស់។ ផ្ទុយមកវិញ បើសិនជាប្រជាពលរដ្ឋ ប្រើប្រាស់ផ្លូវល្បឿនលឿន បើទោះជាត្រូវចំណាយប្រាក់ ក៏ពិតមែន តែក៏នៅចំណេញ ពោលគឺចំណេញពេលវេលា និងសុវត្ថិភាពខ្ពស់។

ពាក់ព័ន្ធនឹងតម្លៃធ្វើដំណើរ ក្នុងឆ្នាំទី១ ក្រុមហ៊ុននឹងគិតថ្លៃទៅតាមប្រភេទយានយន្ត ក្នុងនោះរថយន្តគ្រួសារ នឹងត្រូវគិតថ្លៃចំនួន ១២ ដុល្លារសម្រាប់ធ្វើដំណើរទៅ និងចំនួន ១២ ដុល្លារក្នុងការធ្វើដំណើរមកវិញ ពោលគឺសរុប ២៤ដុល្លារ។ ដោយឡែក នៅឆ្នាំទី២ ក្រុមហ៊ុន នឹងពិនិត្យយកតម្លៃធ្វើដំណើរយោងតាមកិច្ចព្រមព្រៀងសម្បទាន ដែលកម្ពុជាបានចុះហត្ថលេខាជាមួយក្រុមហ៊ុនសាងសង់។

ផ្លូវល្បឿនលឿន បានរួមចំណែកយ៉ាងសំខាន់ ជួយប៉ូលសេដ្ឋកិច្ចចំនួនពីរ គឺទី១ ប៉ូលសេដ្ឋកិច្ចភ្នំពេញ និងទី២ ប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ តាមរយៈការធ្វើដំណើរបានលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយ។
សូមបញ្ជាក់ថា ផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុនេះ ចាប់ផ្តើមដំណើរការសាងសង់ចាប់តាំងពីខែ មីនា ឆ្នាំ ២០១៩ វិនិយោគដោយក្រុមហ៊ុនចិន CRBC ក្នុងទំហំទឹកប្រាក់ជាង ២ពាន់លានដុល្លារ លាតសន្ធឹងប្រវែងជាង ១៩០ គីឡូម៉ែត្រ តភ្ជាប់រាជធានីភ្នំពេញ និងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងកោះកុង។
ផ្លូវនេះ មានទទឹងសរុប ២៤.៥ ម៉ែត្រ ខណៈចរាចលើគន្លងផ្លូវចំនួន ៤ ក្រាល AC មានសួនច្បារខណ្ឌកណ្តាល ចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មកផ្លូវជាតិលេខ៤ ចំនួន ៧កន្លែង មានស្ពានវែង-មធ្យម ៥៦កន្លែង ប្រវែង ៤.៤១៧ម៉ែត្រ ស្ពានខ្លី ៣៣កន្លែង ប្រវែង ៧៥០ម៉ែត្រ ស្ពានរំលង ៣២១កន្លែង កន្លែងឈប់សម្រាក ៣កន្លែង ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរបានដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងកន្លែងខ្លះមានល្បឿនអតិបរមា ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង៕
អត្ថបទ៖ នាង រតនៈ





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ