ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល ជំរុញឲ្យពង្រីកការតភ្ជាប់ទាក់ទាញទេសចរខេត្តហឺណានឲ្យបាន ១ លាននាក់ឆ្នាំ ២០២៥
លោក ស៊ុន ចាន់ថុល ខណៈដឹកនាំគណៈប្រតិភូកម្ពុជា ចុះបំពេញទស្សនកិច្ចការងារទៅកាន់ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហ៊ឺណាន និងទីស្នាក់ការក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) ប្រចាំក្រុងចឹងចូវ ប្រទេសចិន បានជំរុញឲ្យក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាពង្រីកការតភ្ជាប់ ដើម្បីសម្រេចគោលដៅការទាក់ទាញភ្ញៀវទេសចរពីខេត្តហ៊ឺណានមកទស្សនាកម្ពុជាឱ្យបាន ១ លាននាក់ ក្នុងឆ្នាំ២០២៥។

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលអមដំណើរដោយឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំគណៈប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, និងសមាគមឧកញ៉ាកម្ពុជា ធ្វើទស្សនកិច្ចការងារទៅកាន់ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហឺណាន (Henan Airport Investment Group) និងទីស្នាក់ការក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) ប្រចាំក្រុងចឹងចូវ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីការប្រព្រឹត្តទៅនៃសហគ្រាស និងជំរុញការវិនិយោគបន្ថែមទៀតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបពិភាក្សាជាមួយលោក លោក Yi Riwu អគ្គនាយកក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហ៊ឺណាន លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យមានការពិនិត្យលទ្ធភាពពង្រីកគោលដៅហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដើម្បីលើកកម្ពស់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន (People to People – P2P) ជាពិសេសការតភ្ជាប់រវាងធុរជន និងធុរជន (Business to Business – B2B) ដើម្បីឈានសម្រេចគោលដៅក្នុងការទាក់ទាញភ្ញៀវទេសចរពីខេត្តហ៊ឺណានមកទស្សនាកម្ពុជាឱ្យបាន ១ លាននាក់ ក្នុងឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោក Yi Riwu អគ្គនាយកក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហ៊ឺណាន បានធ្វើការពិព័ណ៌នាអំពីសាវតាររបស់ក្រុមហ៊ុន ក៏ដូចជាវឌ្ឍនភាពថ្មីៗនៃប្រតិបត្តិការរបស់ខ្លួនដែលបានធ្វើពិពិធកម្មប្រកបដោយភាពជាក់ស្តែងនិយម ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative) និងគំនិតផ្តួចផ្តើមផ្លូវសូត្រអាកាស (Air Silk Road Initiative)។ លោកបានជម្រាបប្រាប់លោក ស៊ុន ចានថុល អំពីការបោះបោះជំហានវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគក្រោមរូបភាពជាភាគហ៊ុនិកជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia)។

ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហ៊ឺណាន គឺជាសហគ្រាសរដ្ឋដែលមានឯកទេសលើមុខសញ្ញាវិនិយោគពាក់ព័ន្ធនឹងការអភិវឌ្ឍនគរូបនីយកម្ម, ការវិនិយោគលើនគរូបនីយកម្ម, បច្ចេកវិទ្យា, ប្រតិបត្តិការ, សួនបច្ចេកវិទ្យា, និងឧស្សាហកម្មផ្នែកបច្ចេកវិទ្យា។
តាមរយៈជំនួបនេះ គណៈប្រតិភូកម្ពុជាក៏បានបង្ហាញអំពីបរិយាកាសវិនិយោគ ការគាំទ្រវិស័យឯកជនពីសំណាក់រាជរដ្ឋាភិបាល និងសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ភាគីចិនផងដែរ។ ក្នុងឱកាសនោះ លោកស៊ុន ចាន់ថុល ក៏អញ្ជើញអគ្គនាយកក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហឺណាន និងសហការីពិនិត្យលទ្ធភាព និងឱកាសក្នុងការមកទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងនិងពង្រីកមុខសញ្ញាវិនិយោគរបស់ខ្លួនបន្ថែមទៀត តាមរយៈការឆក់យកឱកាសវិនិយោគលើវិស័យដែលមានសក្តានុពល និងស្របតាមឯកទេសរបស់ក្រុមហ៊ុន។
ក្នុងឱកាសបំពេញទស្សនកិច្ចការងារទៅកាន់ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហ៊ឺណាន និងទីស្នាក់ការក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) ប្រចាំក្រុងចឹងចូវ មន្រ្តីក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក៏បានបង្ហាញអំពីសក្តានុពលទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ខណៈតំណាងសមាគមឧកញ៉ាកម្ពុជា បានលើកឡើងអំពីបរិយាកាសធុរកិច្ច និងការវិនិយោគនៅកម្ពុជា ដែលមានអំណោយផលខ្ពស់ចំពោះការវិនិយោគឯកជន៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


