Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ស្នើឲ្យមេដឹកនាំបក្សភ្លើងទៀន ចេញមុខបកស្រាយករណីទណ្ឌិត សម រង្ស៊ី ប្រមាថព្រះមហាក្សត្រ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យមេដឹកនាំគណបក្សភ្លើងទៀន ចេញមុខបកស្រាយចំពោះករណីដែលទណ្ឌិត សម រង្ស៊ី ប្រមាថព្រះមហាក្សត្រ តើជារឿងត្រឹមត្រូវ ឬមិនត្រឹមត្រូវ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពីធីសំណេះសំណាល និងផ្តល់ស្រូវពូជជូនដល់ប្រជាកសិករជាង ៣ពាន់គ្រួសារ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ ក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ២៦ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យមេដឹកនាំគណបក្សភ្លើងទៀន ចេញមុខបកស្រាយករណីលោក សម រង្ស៊ី ដែលជាទណ្ឌិត ប្រមាថព្រះមហាក្សត្រ និងចាត់ទុកព្រះមហាក្សត្រ គ្មានមនសិការជាតិសូម្បីតែបន្តិច និងជាជនក្បត់ជាតិនោះ តើជារឿងត្រឹមត្រូវ ឬមិនត្រឹមត្រូវ?

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះ និយាយដោយត្រង់ជូនចំពោះឯកឧត្ដម ទាវ វណ្ណុល ឯកឧត្ដម ថាច់ សេដ្ឋា ឯកឧត្ដម សុន ឆ័យ ដែលជាមេដឹកនាំគណបក្សភ្លើងទៀន សូមចេញមកបញ្ជាក់អះអាងថា តើការនិយាយរបស់ សម រង្ស៊ី ខ្ញុំចំឈ្មោះអាហ្នឹងចុះ ព្រោះវាមិនអាចថា ក្រែងលោមានការភ័ន្ដច្រឡំ តើការនិយាយរបស់អា សម រង្ស៊ី ត្រឹមត្រូវ ឬមិនត្រូវ យើងចង់បានការបញ្ជាក់ពីគណបក្សភ្លើងទៀន ឲ្យបានច្បាស់ ថាតើការប្រមាថព្រះមហាក្សត្រ និងចាត់ទុកព្រះមហាក្សត្រ គ្មានមនសិការជាតិសូម្បីតែបន្តិច និងជាជនក្បត់ជាតិ តើត្រឹមត្រូវឬទេ»?  

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា មេដឹកនាំគណបក្សភ្លើងទៀន នឹងចេញមុខបញ្ជាក់ជូនជនរួមជាតិឲ្យបានដឹង ហើយស្នើឲ្យសមាជិក-សមាជិកាគណបក្សភ្លើងទៀន ពិនិត្យមើលមេដឹកនាំរបស់ខ្លួន ថាតើពួកគេចេញមុខបកស្រាយដែរឬទេ?។ សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកថា រឿងនេះមិនមែនជារឿងតូចតាច ឬជារឿងលេងសើចនោះទេ។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ អតីតមេបក្សប្រឆាំងលោក សម រង្ស៊ី បានបន្តប្រមាថអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរថា «មិនមានមនសិការជាតិ និងក្បត់ជាតិ»។

នៅក្នុងពិធីសំណេះសំណាល ជាមួយប្រជាកសិករជាង ៥ពាន់គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់ នៅក្នុងខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី ២៥​ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាព្រះសង្ឃគ្រប់ព្រះអង្គ ងើបឈរឡើង ដើម្បីប្រឆាំងជនក្បត់ជាតិ ដែលគេដឹងថាចង់សំដៅទៅលើលោក សម រង្ស៊ី ដែលជាទណ្ឌិត ដែលបានបន្តប្រមាថព្រះចេស្ដា ព្រះមហាក្សត្រ កាលពីពេលថ្មីៗនេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ប៉ុន្មានថ្ងៃនេះ ពីរថ្ងៃមកនេះ គេមិនត្រឹមតែជេរត្រឹមខ្ញុំទេ គេជេរព្រះមហាក្សត្ររបស់យើង ដូច្នេះខ្ញុំអំពាវនាវចំពោះប្រជាពលរដ្ឋទាំងអស់ ទាំងព្រះសង្ឃ ព្រះហស្ដ ងើបឈរឡើង ដើម្បីប្រឆាំងជនក្បត់ជាតិ ហើយនិងបក្សដែលផ្សាភ្ជាប់ជាមួយជនក្បត់ជាតិ ដើម្បីធានាការពារ រាជានិយម ការពារ រាជបល្ល័ង្គ ការពារព្រះមហាក្សត្រ ការពារ ឯកភាព សន្តិភាព នៃទឹកដីរបស់យើង»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា រាជរដ្ឋាភិបាលកម្ពុជា មិនទុកឲ្យជនក្បត់ជាតិនេះ នៅបន្តការរំខាន ឬប្រមាថព្រះចេស្ដា ព្រះមហាក្សត្រ ទៀតឡើយ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម