ព័ត៌មានជាតិ
រដ្ឋមន្ត្រីបរិស្ថាន៖ សន្និបាតក្រសួងជាឱកាសសម្រិតសម្រាំងគោលនយោបាយ ផែនការយុទ្ធសាស្ត្រនៅឆ្នាំបន្ទាប់
ក្រសួងបរិស្ថាននៅរសៀលថ្ងៃទី ៣១ ខែតុលា ២០២២នេះ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ក្រោមវត្តមានលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ម៉ុង ឬទ្ធី ប្រធានគណៈកម្មការផែនការ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា ការជួបជុំគ្នានេះ គឺជាឱកាសដ៏មានសារសំខាន់សម្រាប់ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមពិនិត្យវាយតម្លៃលើលទ្ធផលការងារបរិស្ថាន បញ្ហាប្រឈម និងពិភាក្សាផ្លាស់ប្ដូរយោបល់ ចែករំលែក បទពិសោធន៍ ចំណេះដឹងថ្មី សម្រាប់ឈានទៅរៀបចំសម្រិតសម្រាំងគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងទិសដៅការងារបន្តឱ្យកាន់តែមានភាពសមស្រប ស៊ីសង្វាក់ និងឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង នៃសង្គម ជាតិ និងពិភពលោក។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបញ្ជាក់ថា ក្រសួងបរិស្ថានកំពុងខិតខំជំរុញការអនុវត្តបេសកកម្មរបស់ខ្លួន ដោយសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន រួមចំណែកពង្រឹងនិងពង្រីកសមិទ្ធផលសង្គម សេដ្ឋកិច្ច វប្បធម៌ សន្តិសុខនយោបាយ និងបរិស្ថានកម្ពុជារួមមាន៖ ទី១ ការធ្វើទំនើបកម្មស្ថាប័ន និងប្រែក្លាយជារដ្ឋបាលទំនើប ព្រមទាំងទំនាក់ទំនងល្អជាមួយអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យបរិស្ថាន ធានាបាននូវប្រសិទ្ធភាព និងការអនុវត្តគោលនយោបាយ ផែនការ យុទ្ធសាស្ត្រ និងផែនទីឯកភាពការងាររបស់ក្រសួងបានជោគជ័យជាអតិបរមា។

ទី២៖ គោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ គឺជាមូលដ្ឋានគ្រឹះជំរុញការកសាងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយជាមួយការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងបរិស្ថានបានផ្តល់ការគាំទ្រទាំងបច្ចេកទេស សម្ភារ និងថវិកា ដើម្បីសម្រេចបាននូវគោលបំណងភូមិឋានស្អាត និងការរស់នៅស្អាតហើយ «គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»ថ្មី គឺជាយន្តការអនុវត្តជាក់ស្ដែង ដែលបានពង្រឹងភាពជាម្ចាស់របស់អាជ្ញាធរមូលដ្ឋានលើកិច្ចការអនាម័យ និងបរិស្ថាន។
ទីបី៖ កិច្ចគាំពារបរិស្ថាន និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម ត្រូវបានពង្រឹង កែលម្អ និងសម្រួចជាបន្តបន្ទាប់ ហើយក្លាយជាយន្តការដ៏សំខាន់ដែលត្រូវបានទទួលយកយ៉ាងទូលំទូលាយ ដើម្បីរួមចំណែកដល់កិច្ចគាំពារសុខភាពសាធារណៈ ការលើកកម្ពស់សុខុមាលភាពសង្គម និងធានាបានការអភិវឌ្បប្រកបដោយចីរភាព។

ជាក់ស្តែង ជាលើកទីមួយ ដែលសមាគមរោងចក្រកាត់ដេរសំលៀកបំពាក់និងស្បែកជើង (GMAC) បានស្នើសុំឱ្យក្រសួងបរិស្ថានចុះធ្វើអធិការកិច្ចតាមរោងចក្ររបស់ខ្លួននៅទូទាំងប្រទេស សំដៅរួមចំណែកលើកកម្ពស់កិច្ចគាំពារបរិស្ថាន និងសុខុមាលភាពកម្មករ-និយោជិត ក៏ដូចជា ឆ្លើយតបនឹងលក្ខខណ្ឌតម្រូវនៃការបញ្ជាទិញ។
បើតាមលោករដ្ឋមន្ត្រី៖ «ទីបួន៖ ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការអប់រំផ្សព្វ ផ្សាយ តាមគ្រប់មធ្យោបាយប្រកបដោយប្រសិទ្ធភាព និងការបំផុសស្មារតី «កម្ពុជា មាតុភូមិខ្ញុំ» បានប្រែក្លាយវិស័យបរិស្ថានទៅជា «ក្រវ៉ាត់បៃតង» ដើម្បីធានានិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមយូរអង្វែង។

ទី៥៖ កម្ពុជាបានរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ លិខិតបទដ្ឋានគតិយុត្ត និងគំនិត ផ្តួចផ្តើមសំខាន់ៗលើវិស័យបរិស្ថានបានល្អប្រសើរ ហើយក្រសួងបរិស្ថានបាននិងកំពុងពិនិត្យធ្វើបច្ចុប្បន្នភាពនិងសម្រួចបន្ថែម ដោយបានបញ្ចប់ការកែសម្រួលសេចក្តីព្រាងក្រមបរិស្ថាន និងសៀវភៅសស្តីពីគោលនយោបាយបរិស្ថាន ដើម្បីជាមូលដ្នានឯកភាព សម្រាប់តម្រង់ទិសវិស័យនេះឱ្យឆ្លើយតបនឹងការ វិវឌ្ឍរបស់មនុស្សលោក និងធានាបានឧត្តមប្រយោជន៍ជូនជាតិមាតុភូមិជាអតិបរមា។
ទី៦៖ កិច្ចសហប្រត្តិការ និងការទូតបរិស្ថានប្រកបដោយភាពជាក់ស្តែងនិយម បានប្រែក្លាយកម្ពុជា មកឈរនៅលំដាប់ឈានមុខ ទាំងនៅក្នុងតំបន់ និងពិភពលោក សម្រាប់ភាពជា ដៃគូក្នុងការងារបរិស្ថាន ជាពិសេសការប្រែប្រួលអាកាសធាតុ ខណៈដែលវេទិកាប្រែប្រួលអាកាសធាតុបានក្លាយជាវេទិកា សកល លក្ខណៈ ពហុវិស័យ និងជាច្រកទៅរកប្រភពហិរញ្ញប្បទានអន្តរជាតិធំៗសម្រាប់ការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងផ្ដល់លទ្ធភាពឱ្យកម្ពុជាអាចកាច់ចង្កូតតម្រង់ទិសហិរញ្ញប្បទានបរទេស និងកម្មវិធីរបស់ដៃគូអភិវឌ្ឍន៍ ក្នុងភាពជាម្ចាស់យ៉ាងពេញលេញ។

ជាក់ស្តែង កិច្ចព្រមព្រៀងបៃតង (ASEAN Green Deal) ដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ាន ដើម្បីតម្រង់ទិសអាស៊ានឱ្យស្ថិតនៅលើមាគ៌ាអភិវឌ្ឍន៍បៃតង និងដោយចីរភាព គឺជាសក្ខីភាពមួយយ៉ាងប្រត្យក្ស ដែលនឹងក្លាយជាក្របខ័ណ្ឌដ៏ទូលំទូលាយបន្ថែមទៀតសម្រាប់វិស័យបរិស្ថានកម្ពុជា។ និង ទីប្រាំពីរ៖ បញ្ហាសន្តិសុខនយោបាយ ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទោះបីជាយើងសម្រេចបានសមិទ្ធផលល្អប្រសើរយ៉ាងនេះក្ដី ក៏នៅមានបញ្ហាប្រឈម ដែលនឹងត្រូវរួមគ្នាពិភាក្សារកដំណោះស្រាយឱ្យបានសមស្រប ដើម្បីកាត់បន្ថយចំណុចខ្វះចន្លោះនានា ហើយបង្កើតនូវកាលានុវត្តភាពថ្មីៗ សម្រាប់ការបោះជំហានទៅមុខបន្តទៀត។
គួរបញ្ជាក់ថាសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន អង្គសន្និបាតនឹងធ្វើការពិនិត្យ និងពិភាក្សាលើរបាយការណ៍របស់បណ្តាអគ្គនាយកដ្ឋានចំណុះក្រសួង ដែលនឹងធ្វើបទបង្ហាញទាក់ទងនឹងសមិទ្ធិផលការងារ បញ្ហាប្រឈម និងដំណោះស្រាយ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំឲ្យលោក ម៉ៃ សុគន្ធ ត្រូវចេញមុខសុំទោសលោក Keisuke Honda
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ក្ដីកង្វល់ពីកន្លែងស្នាក់នៅហូបចុករបស់ប្រតិភូកីឡា និងកីឡាករ ១ ២០០០ នាក់ត្រូវបានដោះស្រាយ