ព័ត៌មានជាតិ
លោក សាយ សំអាល់ ស្នើឱ្យភាគីវិវាទដីធ្លីទាំងអស់ដោះស្រាយបញ្ហា និងឈានទៅបញ្ចប់បញ្ហាដីធ្លីទាំងមូលក្នុងខេត្តក្រចេះ
ក្រចេះ ៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ចប់វិវាទដីធ្លី និងឈានទៅបញ្ចប់។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលាខេត្តក្រចេះ ហើយក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមន្រ្តីរាជការ ចំនួន ១៤០នាក់។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សា លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា កិច្ចប្រជុំនេះ គឺជាឱកាសរួមគ្នាបញ្ចប់បញ្ហាវិវាទដីធ្លីនៅក្នុងខេត្តក្រចេះ និងឈានទៅបញ្ចប់ការចុះបញ្ជីដីធ្លីនាពេលខាងមុខ ដូច្នេះសុំស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមរកដំណោះស្រាយឱ្យបានសមស្របលើបញ្ហាវិវាទដីធ្លីនីមួយៗ និងចុះបញ្ជីដីឱ្យបានចប់សព្វគ្រប់ដើម្បីបញ្ចប់ភាពចម្រូងចម្រាសលើបញ្ហាដីធ្លី ក្នុងខេត្តក្រចេះទាំងមូល។

លោក សាយ សំអាល បានថ្លែងថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ការងារចុះបញ្ជីដីធ្លីជាបញ្ហាសំខាន់ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់។ ដូច្នេះសូមជំរុញដល់ក្រុមការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ត្រូវខិតខំបំពេញភារកិច្ចនេះឱ្យបានល្អត្រឹមត្រូវ និងឆាប់រហ័សស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានកំណត់ ជាពិសេសនោះគឺការបន្តសកម្មភាពរៀបចំចុះបញ្ជីដីធ្លីឱ្យបានរួចរាល់ ប្រកបដោយប្រសិទ្ធភាព និងសុក្រឹតភាព។

លោកឧបនាយករដ្ឋមន្រ្តី បានបន្តថា កន្លងទៅថ្មីៗនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការងារដែលត្រូវធ្វើបន្តត្រូវបែងចែកជាពីរ គឺការងារចំពោះមុខ និងការងាររយៈពេលវែង។ ការងារចំពោះមុខត្រូវបញ្ចប់ការងារនេះដោយប្រសិទ្ធភាព និងសុក្រឹត្យភាព តាមរយៈការចុះបញ្ជីដីឱ្យបានត្រឹមត្រូវ ហើយត្រូវចុះបញ្ជីជាប្រព័ន្ធតែម្តង។

យោងតាមរបាយការណ៍លោក អ៊ូ សុបុណ្ណកា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តក្រចេះ បានឱ្យដឹងថា សម្រាប់ខេត្តក្រចេះមានក្បាលដីប៉ាន់ស្មានដែលត្រូវចុះបញ្ជីចំនួន ២២០,១០៦ក្បាលដី, ក្បាលដីដែលបានវាស់វែង ចំនួន ១៨៥,១១៩ក្បាលដី, ក្បាលដីបានវាស់វែងកំពុងបន្តនីតិវិធី ចំនួន ៨៩,៥១៥បណ្ណ/ក្បាលដី, ក្បាលដីមិនទាន់វាស់វែង ចំនួន ៣៤,៩៨៧បណ្ណ/ក្បាលដី។

ដោយឡែកសម្រាប់ក្បាលដីពុំទាន់វាស់វែង មានចំនួន ៣៤,៩៨៧ បណ្ណ/ក្បាលដី ដោយក្នុងនោះគ្រោងប្រកាសតំបន់វិនិច្ឆ័យឱ្យបានចប់មុនបំណាច់ខែសីហា ឆ្នាំ២០២៥ និងគ្រោងវាស់វែងឱ្យបានចប់មុនបំណាច់ខែធ្នូ ឆ្នាំ២០២៥។
យោងតាមរបាយការណ៍របស់ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានលើកឡើងថា ការដោះស្រាយវិវាទដីធ្លី រដ្ឋបាលខេត្តប្រើយន្តការក្រុមការងារចម្រុះថ្នាក់ខេត្ត ដឹកនាំដោយអភិបាលរងខេត្តទទួលបន្ទុកចំនួន ១រូប ជាប្រធានក្រុមការងារ និងមានការចូលរួមពីសមាសភាពមន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក និងមានលេខាធិការដ្ឋានដោះស្រាយវិវាទដីធ្លីជាសេនាធិការគណៈកម្មការសុរិយោដី និងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ក្រុង ស្រុក។
ជារួមគ្រប់យន្តការ និងការដោះស្រាយវិវាទដីធ្លីត្រូវបានពង្រឹងឱ្យមានសកម្មភាពរស់រវើកប្រកបដោយភាពទន់ភ្លន់ និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីខិតខំបញ្ចប់សំណុំរឿងវិវាទទាំងនោះ។ ជាក់ស្ដែងសំណុំរឿងវិវាទដីធ្លីក្នុងខេត្តត្រូវបានក្រុមការងារខេត្ត ស្រុក និងឃុំ សង្កាត់កំពុងបន្តដោះស្រាយជាបន្តបន្ទាប់។
គួរឱ្យដឹងថា ក្នុងជំនួបពិភាក្សានេះមានគោលបំណងដោះស្រាយវិវាទដីធ្លី ដែលទាមទារការចូលរួមពីគ្រប់ថ្នាក់ដឹកនាំតាមបណ្តាក្រសួងស្ថាប័ន និងអាជ្ញាធរដែនដីពាក់ព័ន្ធ សំដៅដោះស្រាយការចុះបញ្ជីដីជូនប្រជាពលរដ្ឋ និងចុះបញ្ជីដីរដ្ឋ សំដៅធានាសុវត្ថិភាព ការគ្រប់គ្រង កាត់បន្ថយវិវាទដីធ្លី ជំរុញការផ្តល់សេវាសាធារណៈកាន់តែរហ័ស បង្កេីតនូវបរិយាកាសគ្មានវិវាទ បិទបញ្ចប់ការវាស់វែង និងសំណុំរឿងពាក់ព័ន្ធដីធ្លីទូទាំងខេត្តក្រចេះ៕







-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


