ព័ត៌មានជាតិ
លោក សាយ សំអាល់ ចែករំលែកបទពិសោធន៍ស្តីពី “វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ” ដល់ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ
ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាវាគ្មិនកិត្តិយស ចែករំលែកបទពិសោធន៍ស្តីពី “វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយា កាសគ្មានវិវាទ” ជូនដល់ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិត សរុបជាង ២,២០០នាក់ នៅ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ) ដែលមានអ្នកចូលរួមផ្ទាល់ជាង ១,៥០០នាក់ និងចូល រួមតាមប្រព័ន្ធ Zoom នៅទីតាំងទី១ (ទួលស្លែង) ជាង ៧០០នាក់ ។

លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរាយការណ៍ជូនអង្គពិធីជ្រាបថា បច្ចុប្បន្នសាកលវិទ្យាល័យមាន ២ទីតាំងនៅក្នុងរាជធានីភ្នំពេញ បាននិងកំពុងបណ្តុះបណ្តាល លើកម្មវិធីសិក្សា ៥កម្រិតធំៗ ១-ថ្នាក់បំប៉នភាសាអង់គ្លេស-ចិន-កុំព្យូរទ័រ ២-ថ្នាក់បរិញ្ញាបត្ររង ៣-ថ្នាក់បរិញ្ញាបត្រ ៤-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង៥-ថ្នាក់បណ្ឌិត ដោយសិក្សាតាមកម្មវិធីសិក្សាជាភាសាជាតិ (National Program) បង្រៀនជាពីរភាសា៖ ខ្មែរ រួមជាមួយ អង់គ្លេស និងកម្មវិធីសិក្សាអន្តរជាតិ (International Program) បង្រៀនជាភាសាអង់គ្លេស១០០% និងមាន ១៣មហាវិទ្យាល័យ (៤៥ជំនាញ)។

ទន្ទឹមគ្នានេះ សាកលវិទ្យាល័យក៏បានបញ្ចូលកម្មវិធីចែករំលែកបទពិសោធន៍ ទៅក្នុងកម្មវិធីសិក្សារបស់និស្សិត នៅរៀងរាល់ឆមាសនៅគ្រប់មហាវិទ្យាល័យ ដោយបាន អញ្ជើញ ថ្នាក់ដឹកនាំ និង ឥស្សរជនជាតិ-អន្តរជាតិមកពីគ្រប់ស្ថាប័នជាវាគ្មិន កិត្តិយសចែករំលែកបទពិសោធន៍ ដល់និស្សិត ឱ្យមានឱកាស បានសិក្សារៀនសូត្របន្ថែម ដើម្បីបង្កើនចំណេះដឹង ជំនាញ សមត្ថភាព ពង្រឹងវិន័យ និងវិជ្ជាជីវៈ ស្របតាមបាវចនារបស់ប៊ែលធីគឺ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” ។
ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប បានគោរពកោតសរសើរនិង អបអរសាទរ លោកឧបនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ ដឹកនាំគ្រប់ជាន់ថ្នាក់ របស់ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានជោគជ័យ ដ៏ត្រចះត្រចង់គួរជាទីមោទនៈក្នុងការងារវាស់វែងដីធ្លី ក្នុងក្របខណ្ឌទូទាំងប្រទេស ជាពិសេស រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយ វិវាទដីធ្លី ដើម្បីធានាការគ្រប់គ្រងនិងប្រើប្រាស់ដីដោយសមធម៌ និងសុខសាន្ត ។

លោកបណ្ឌិត ក៏បានគោរពថ្លែងអំណរគុណ លោកឧបនាយករដ្ឋមន្ត្រី ដែលផ្តល់កិត្តិយសអញ្ជើញ ជាវាគ្មិនចែករំលែកចំណេះដឹង និងបទពិសោធន៍ដឹកនាំ ជូនគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតប៊ែលធី ព្រមទាំងបានផ្តាំផ្ញើអង្គពិធីទាំងមូល ត្រូវយកចិត្តទុកដាក់ស្តាប់ និងកត់ត្រានូវបទពិសោធន៍ និងចំណេះដឹងល្អៗ សម្រាប់ទុកប្រើប្រាស់ជាទុន ដើម្បីអភិវឌ្ឍសមត្ថភាពតទៅអនាគត ។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រង ប៊ែលធីគ្រុប ដែលបានចាប់អារម្មណ៍ នូវអ្វីដែលក្រសួងកំពុងតែអនុវត្តនិងស្នើសុំឱ្យមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ នាថ្ងៃនេះ ។

លោកឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា យើងទាំងអស់គ្នាបានធ្វើការសម្រេចចិត្តមួយ ដ៏ត្រឹមត្រូវក្នុងខ្សែជីវិត របស់ខ្លួន គឺការសម្រេចចិត្តមកសាលារៀន ការសម្រេចចិត្តជ្រើសរើសមុខវិជ្ជា ដែលជាចំណងចំណូលចិត្តរបស់ខ្លួន ប៉ុន្តែមិនប្រាកដ ថាការជ្រើសរើសនេះគឺត្រឹមត្រូវ១០០%នោះទេ ។

នោះហើយគឺជាដំណើរ នៃការស្វែងយល់និងការស្គាល់ខ្លួនឯង ដែលនេះគឺជា ដំណើរការកសាងជីវិតរបស់ខ្លួនក្រោមការសម្រេចចិត្តដ៏ច្បាស់លាស់ ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការកសាង ប្រទេសជាតិមួយប្រៀបដូចទៅ នឹងការកសាងគ្រួសារមួយដូច្នោះដែរ។ ប្រសិនបើ ការកសាងគ្រួសារបានត្រឹមត្រូវ ប្រកបដោយ សុភមង្គល កូនចៅទទួលបានការអប់រំរៀនសូត្រ មានការងារធ្វើសមរម្យ នោះប្រទេសជាតិប្រាកដ ជាមានភាពសុខសាន្ត ហើយ រាល់ជំហាន ដែលត្រូវបោះទៅមុខប្រាកដជាមានភាពត្រឹមត្រូវ និងអាចបន្តនិរន្តរភាពនៃសង្គមជាតិតទៅមុខទៀត ។

ផ្ដើមចេញពី ការសម្រេចចិត្តត្រឹមត្រូវទាំងអស់គ្នា ដំណើររបស់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់នាពេលនេះ គឺជាដំណើរ របស់ប្រទេសជាតិ ហើយដំណើររបស់ប៊ែលធីគ្រុប ក៏ជាដំណើររបស់ប្រទេសជាតិផងដែរ ។

ជាមួយគ្នានោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងនូវការងារចំនួន ៦ចំណុច ជាអាទិ៍ ការចុះបញ្ជីដីបង្ហើយ ការបញ្ចប់វិវាទដីធ្លី ការផ្តល់ សេវាគាប់ចិត្ត ការគ្រប់គ្រងតំបន់បឹងទន្លេសាប ការរៀបចំនិង គ្រប់គ្រងរមណីយដ្ឋានអង្គរ និងការដោះស្រាយវិវាទបុរី ដែលក្រសួង បានអនុវត្តដើម្បីបញ្ចប់ ភាពចម្រូងចម្រាស់នៅក្នុងសង្គមជាតិ បង្កើតបរិយាកាសគ្មាន វិវាទសម្រាប់ប្រជាពលរដ្ឋ ទូទាំងប្រទេស ដើម្បីជាគតិចែករំលែកដល់ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតប៊ែលធី បានយល់ដឹងផងដែរ ៕
ដោយ ៖ សុខា















-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ