ខណៈគម្រោងសាងសង់ស្ពានឆ្លងទន្លេនៅខេត្តក្រចេះនឹងចាប់ផ្តើមបើកការដ្ឋានឆាប់ៗនេះ អាជ្ញាធរស្រុកព្រែកប្រសព្វបានផ្សព្វផ្សាយដល់ពលរដ្ឋក្នុងមូលដ្ឋាន បានដឹងពីសមិទ្ធផលជាប្រវត្តិសាស្រ្តនេះ។
លោក សូម សារិត អភិបាលស្រុកព្រែកប្រសព្វបានសម្តែងការសាទរនិងមោទនភាពដែលស្រុកជាប់ដងទន្លេនេះនឹងទទួលបានសមិទ្ធផលស្ពានឆ្លងទន្លេជាប្រវត្តិសាស្រ្តថ្មីក្នុងពេលឆាប់ៗនេះ។
លោក សូម សារិត ដែលទើបផ្លាស់មកដឹកនាំជាអភិបាលស្រុកព្រែកប្រសព្វបានឲ្យកម្ពុជាថ្មីដឹងថា ពលរដ្ឋនៅស្រុកព្រែកប្រសព្វទទួលបានព័ត៌មានពីគម្រោងស្ពានឆ្លងទន្លេនៅខេត្តក្រចេះជាច្រើនឆ្នាំមកហើយ។ គម្រោងស្ពាននេះជាការទន្ទឹងរង់ចាំដ៏យូរ ខណៈបច្ចុប្បន្នពលរដ្ឋមានការលំបាកត្រូវឆ្លងដត្រូវចំណាយច្រើន និងក៏ប្រឈមហានិភ័យផ្សេងៗ។
លោកអភិបាលស្រុកបានប្រាប់ពីភូមិសាស្រ្តស្រុកព្រែកប្រសព្វភាគច្រើនពលរដ្ឋពឹងផ្អែកលើវិស័យកសិកម្ម។ តាមរយៈសមិទ្ធផលស្ពានថ្មីនេះ លោករំពឹងទុកថា នឹងជួយលើកស្ទួយជីវភាពពលរដ្ឋឲ្យល្អប្រសើរថែមទៀត។
ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាយករដ្ឋមន្រ្តីកម្ពុជានិងចិន បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ១៨ ក្នុងនោះក៏មានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេនៅខេត្តក្រចេះ។
នៅក្នុងសន្នីសីទបញ្ចប់ក្នុងកិច្ចប្រជុំអាស៊ានប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានហៅគម្រោងសាងសង់ស្ពាននេះ ជាសមិទ្ធផលប្រវត្តិសាស្រ្តសម្រាប់ពលរដ្ឋខេត្តក្រចេះ។
យ៉ាងណាមិញ បើតាមការបញ្ជាក់ពីលោកអភិបាលស្រុកព្រែកប្រសព្វ មិនទាន់ដឹងថាដំណើរការនៃការបើកការដ្ឋានសាងសង់ជាផ្លូវការនឹងចាប់ផ្តើមនៅពេលណានៅឡើយទេ។
ថ្មីៗនេះ មានការផ្សព្វផ្សាយរូបភាពពីការបញ្ជូនគ្រឿងចក្រដើម្បីសាងសង់ស្ពានឆ្លងទន្លេនៅខេត្តក្រចេះនៅលើបណ្តាញសង្គម។ ឆ្លើយតបសំនួររបស់សារព័ត៌មានកម្ពុជាថ្មីក្នុងសន្និសីទពីវឌ្ឍនភាពរយៈពេល ៥ ឆ្នាំរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ទទួលស្គាល់ថា គ្រឿងចក្រមួយចំនួនពិតជាបានបញ្ជូនទៅ ដើម្បីត្រៀមបើកការដ្ឋានស្ពាននៅខេត្តក្រចេះ។
លោកថ្លែងយ៉ាងដូច្នេះថា “ពិត ១០០% គ្រឿងចក្រមួយចំនួនពិតជាបានបញ្ជូនទៅ។ ជាធម្មតាក្រុមហ៊ុនត្រូវបញ្ជូនគ្រឿងចក្រទៅមុន និងធ្វើការបណ្តើរៗមុនការដ្ឋានសាងសង់ចាប់ផ្តើមជាផ្លូវការ”។
ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ តាមការសិក្សាមានប្រវែងសរុប ១១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ដោយគ្រោងចំណាយថវិកាសរុបជាង ៥៦លានដុល្លារ។ ក្នុងគម្រោងស្ពាននេះ ក៏មានសាងសង់ផ្លូវតភ្ចាប់ពីស្ពានទៅខេត្តកំពង់ធំកាត់តាមស្រុកសណ្តាន់ រហូតដល់ខេត្តសៀមរាប៕