ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយលោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលជួបពិភាក្សាជាមួយលោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ ក្រោយពីលោកទាំងពីរ បានសរសេរលិខិតស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃទី ២៨ ខែវិច្ឆិកានេះថា «ទើបជួបពិភាក្សាជាមួយរដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា និងបណ្ឌិត យ៉ង សាំងកុមារ ព្រមទាំងលោក ឡឹក សុធា លើការងារកសិកម្ម ដែលលោកទាំងពីរនាក់ទើបមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា»។

លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន, និងលោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសរសេរលិខិតដាច់ដោយឡែកពីគ្នា កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា មានការផ្សព្វផ្សាយលិខិតរបស់លោកបណ្ឌិត យ៉ង សាំងកុមារ និងមនុស្សជំនិតរបស់លោក គឺលោក ឡឹក សុធារ បានសរសេរលិខិតសូមគោរពជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

ក្នុងលិខិតដាច់ដោយឡែកពីគ្នា តែមានអត្ថន័យដូចគ្នា លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ បានរៀបរាប់ថា ដោយឃើញនូវគោលនយោបាយរបស់សម្ដេចតេជោលើវិស័យកសិកម្ម ដែលសម្តេចទើប បានប្រកាសថ្មីៗ ក្នុងនោះ មានគោលនយោបាយលើកកម្ពស់ជីវភាពកសិករ ប្រកបដោយវិធានការណ៍ជាក់ស្តែង ដូចជា៖ គោលនយោ បាយផលិតពូជ សម្រាប់លក់ចែកជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ គោលនយោបាយកាត់បន្ថយថ្លៃដើមផលិត គោលនយោបាយបង្កើនទុនដល់ធនាគារអភិវឌ្ឍកសិកម្មនិង ជនបទ និងគោលនយោបាយដោះស្រាយបញ្ហាទីផ្សារកសិផលជាដើម។

លោកទាំងពីរមានទំនុកចិត្តថា ការដាក់ចេញ នូវគោលនយោបាយប្រាកដនិយមថ្មីនេះ នឹងអាចនាំមកនូវផ្លែផ្កា និងប្រយោជន៍យ៉ាងពិតប្រាកដដល់ ប្រជាពលរដ្ឋទាំងមូល ហើយគោលនយោបាយទាំងនេះ គឺដូចគ្នាទៅនឹងចំណេះដឹង និងជំនាញឆន្ទៈ និងបទពិសោធន៍ការងារលើវិស័យកសិកម្មរបស់លោកទាំងពីរកន្លងមក។
ក្នុងន័យនេះ លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ ស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមអនុវត្តន៍គោលនយោបាយទាំងនេះ ឲ្យជោគជ័យ និងមានផ្លែផ្កា ក្នុងគោលបំណងលើក ស្ទួយជីវភាពកសិករ សន្តិសុខស្បៀង បរិស្ថាន និងសេដ្ឋកិច្ចជាតិ ហើយលោកទាំងពីរស្នើសុំចាប់ផ្ដើមជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃប្រវត្តិសាស្ត្រ ២ ធ្នូ ឆ្នាំ ២០២២តទៅ។
ក្នុងលិខិតមួយផ្សេងទៀត លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ បានគោរពជូនសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយស្នើសុំចូលរួមបម្រើការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកសិ កម្ម ជាពិសេសវិស័យស្រូវអង្ករ។
នៅក្នុងលិខិតនោះ លោកទាំងពីរ បានសរសេររៀបរាប់ថា ដោយយល់ឃើញថា ក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាយើង ពិតជាបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមដ៏រ៉ាំរ៉ៃ ទទួលបានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍគ្រប់វិស័យ រួមទាំងវិស័យកសិកម្មផងដែរ។
ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសតទៅមុខទៀត លោកទាំងពីរស្នើសុំការ អនុញ្ញាតពីសម្តេចនាយករដ្ឋមន្ត្រី ដើម្បីទទួលបានឱកាសចូលរួមបម្រើការងារ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសវិស័យស្រូវអង្ករ ក្នុងគោលបំណងលើកស្ទួយ ជីវភាពកសិករ សន្តិសុខស្បៀង បរិស្ថាន និងសេដ្ឋកិច្ចជាតិ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងក្នុងគ្រុបតេលេក្រាម Press group នៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកានេះថា ការទៅចូលរួមជីវភាពនយោបាយ ជាមួយគណបក្សនយោបាយណាមួយ គឺជាសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋម្នាក់ៗ និងបញ្ជាក់ពីលំហនយោបាយនៅកម្ពុជាទូលំទូលាយ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ