ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្មសម្ពោធឯកសារស្រាវជ្រាវអំពីទីផ្សារកសិផលកម្ពុជា
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានរួមគ្នាប្រកាសដាក់ឱ្យប្រើប្រាស់នូវឯកសារស្រាវជ្រាវអំពីព័ត៌មានទីផ្សារសំខាន់ៗចំនួន២ រួមមាន៖ ទី១. កសិផលកម្ពុជាសម្រាប់នាំចេញទៅទីផ្សារសហភាពអឺរ៉ុបនិងអាសិប និង ទី២. កម្ពុជានិងការបើកទីផ្សារពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

ក្រៅពីបង្ហាញពីសៀវភៅស្រាវជ្រាវពីកសិកម្មកម្ពុជា នាឱកាសនោះដែរក៏មានការប្រកាសពីគម្រោងអភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយ (Single Digital Platform) ដែលក្នុងនោះរួមមាន គេហទំព័រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA Portal), ប្រព័ន្ធគ្រប់គ្រងស្វ័យបញ្ជាក់ដើមកំណើតទំនិញ (Self-Certification) និងប្រព័ន្ធផ្ទៀងផ្ទាត់ដើមកំណើតទំនិញជាអន្តរជាតិ (Rule of Origin International Verification System) ដើម្បីជាជំនួយដល់ធុរជនក្នុងការទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងអស់ដែលកម្ពុជាជាប្រទេសហត្ថលេខី។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងថា សៀវភៅកសិផលកម្ពុជាសម្រាប់នាំចេញទៅទីផ្សារសហភាពអឺរ៉ុប និងអាសិប ផ្តល់នូវការយល់ដឹងសំខាន់ៗអំពីតម្រូវការទីផ្សារ, តម្រូវការរបស់អ្នកប្រើប្រាស់, វិធានការអនាម័យនិងភូតគាមអនាម័យ និងរបាំងពាណិជ្ជកម្មមិនមែនពន្ធគយផ្សេងទៀត, ការប្រើប្រាស់ផលិតផល, ដៃគូប្រកួតប្រជែងសំខាន់ៗ និងឱកាសសក្តានុពល។
ដំណាំនិងកសិផលដែលបានបញ្ចូលក្នុងសៀវភៅស្រាវជ្រាវនេះរួមមាន៖ ស្វាយស្រស់ ស្វាយចន្ទី ម្ទេស ដំឡូងជ្វា មៀនប៉ៃលិន ស្ករត្នោត ចេក បឺរ ល្ង និងផ្លែឈើកែច្នៃ។ ព័ត៌មានទាំងនេះ គឺមានសក្ដានុពលក្នុងការបង្កើតផលប្រយោជន៍រយៈពេលវែងសម្រាប់កសិកម្មកម្ពុជា។
លោករដ្ឋមន្ត្រីបន្តថា ចំពោះសៀវភៅព័ត៌មានស្តីពីកម្ពុជា និងការបើកទីផ្សារពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងផ្តល់ព័ត៌មានបច្ចុប្បន្នភាពចុងក្រោយ និងងាយស្រួលយល់ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងតំបន់ ដែលកម្ពុជាជាប្រទេសហត្ថលេខីមានជាអាទិ៍៖ កិច្ចព្រមព្រៀងអាសិប (Regional Comprehensive Economic Partnership – RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (Cambodia-People’s Republic of China FTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ (Cambodia-Republic of Korea FTA) ជាដើម។ សៀវភៅព័ត៌មាននេះនឹងជួយដល់សហគ្រាសកសិ-ម្ហូបអាហារ ផលិតករ អ្នកនាំចេញ សមាគមធុរកិច្ច និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីចាប់យកនូវកាលានុវត្តភាពពីការធ្វើពិពិធកម្មទីផ្សារ និងទទួលបានអត្ថប្រយោជន៍នានាក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ។
ដោយឡែកពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយវិញ លោករដ្ឋមន្ត្រីបញ្ជាក់ថា គ្រោងអភិវឌ្ឍឡើងតាមលំអានរបស់គេហទំព័រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អូស្ត្រាលីផ្ទាល់ ហើយក៏នឹងក្លាយជាកន្លែងផ្ទុកព័ត៌មានពាណិជ្ជកម្មដ៏ទូលំទូលាយសម្រាប់អ្នកនាំចេញនិងអ្នកនាំចូល ក្នុងការស្វែងរកនិងទាញអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងអស់របស់កម្ពុជា។ ម្យ៉ាងទៀតថ្នាលឌីជីថលនេះ ក៏នឹងផ្តល់ព័ត៌មានផងដែរពីវិធានដើមកំណើតទំនិញ នីតិវិធីក្នុងការចុះឈ្មោះជាអ្នកនាំចេញដែលមានការទទួលស្គាល់ និងនីតិវិធីដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ។
លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជាបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ (AANZFTA), កិច្ចព្រមព្រៀងអាសិប (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀត ផ្តល់ឱកាសយ៉ាងធំធេងក្នុងការបង្កើនការនាំចេញ និងការវិនិយោគសម្រាប់កម្ពុជា ហើយអូស្ត្រាលីនឹងជួយដល់ប្រទេសកម្ពុជាដើម្បីធ្វើពិពិធកម្មដំណាំ និងទីផ្សារនាំចេញ៕
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


