Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ៖ ចំនួនសត្វស្លាបកម្រនៅ កម្ពុជា មានការកើនឡើង

បានផុស

នៅ

នៅ​ថ្ងៃ​ទី ១១ ខែ​មករា ឆ្នាំ ២០២៣ ក្រសួងបរិស្ថាន បាន​ប្រកាស​ពី​ចំនួន​សត្វព្រៃ​មួយ​ចំនួន និង​សត្វ​ត្រយង​ចង្កំ​កស​ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែលមាន​ការ​កើន​ឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្ដីប្រកាស​របស់​ក្រសួង​បរិស្ថាន បាន​ឲ្យ​ដឹង​ថា សត្វ​ត្រយង​ចង្កំ​កស គឺជា​ប្រភេទ​សត្វ​ស្លាប​ដ៏​កម្រ​បំផុត​នៅ​លើ​ពិភពលោក ហើយ​មាន​ការ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ នៃ​ការ​ផុត​ពូជ​ជា​សកល ប្រសិន​បើ​កត្តា​គំរាមកំហែង​នានា​នៅតែ​បន្ត​កើតមាន ក្នុង​នោះ​មាន​ការ​បរបាញ់ ការ​ដាក់​អន្ទាក់ និង​ការ​បាត់បង់​ទីជម្រក។

ចំនួន​ប្រជាសាស្ត្រ​ជា​សកល នៃ​សត្វ​ស្លាប​ប្រភេទ​នេះ មាន​ចំនួន​ប្រហែល ១០០០ ក្បាល​តែប៉ុណ្ណោះ។ ការ​ធ្វើ​ជំរឿន​ទូទាំង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ ២០២២ បាន​កត់ត្រា​ចំនួន ៧៩២ ក្បាល ស្មើនឹង ៨០% នៃ​របាយការណ៍​លើ​ពិភពលោក។

ក្រសួង​បរិស្ថាន បាន​បន្ត​ថា សត្វ​ត្រយង​ចង្កំ​កស (Pseudibis davisoni) ត្រូវ​បាន​គេ​ប្រទះឃើញ​នៅ​ទូទាំង​ទ្វីប​អាស៊ី​អាគ្នេយ៍។ ប៉ុន្តែ​សព្វថ្ងៃ​នេះ គេ​ប្រទះឃើញ​ប្រភេទ​សត្វ​ត្រយង​ចង្កំ​កស មាន​វត្ត​មាន​នៅ​តំបន់​ព្រៃ​រល្បោះ​ភាគ​ខាងជើង និង​ខាងកើត នៃ​ប្រទេស​កម្ពុជា និង​ចំនួន​របាយ​ផ្សេងទៀត ត្រូវ​បាន​គេ​រក​ឃើញ​នៅ​លើ​កោះ Borneo នៃ​ឧបទ្វីប​អាស៊ី​ខាងត្បូង។ សត្វ​ត្រយង​ចង្កំ​កស ត្រូវ​បាន​គេ​ចាត់​ចូល​ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​ក្នុង​បញ្ជី​ក្រហម IUCN Red List។

នៅ​ក្នុង​ឆ្នាំ ២០១៩ ក្រសួងបរិស្ថាន រដ្ឋបាល​ព្រៃឈើ និង​ក្រុម​អង្គការ​អភិរក្ស បាន​រួមគ្នា​ចាប់ផ្ដើម អង្កេត​តាមដាន​ចំនួន​សត្វ​ត្រយង​ចង្កំ​កស នៅ​ប្រទេស​កម្ពុជា ដោយ​ធ្វើការ​រាប់​ចំនួន​សត្វ​នៅ​ក្នុង​រដូវវស្សា។ ការ​រាប់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ជា​រៀងរាល់​ខែ ចាប់ពី​ខែ​កក្កដា ដល់​ខែ​តុលា ដោយ​ធ្វើការ​រាប់​ចំនួន​ពេល​សត្វ​ហើរ​ចូល​ទ្រនំ នៅ​ពេល​ល្ងាច និង​រាប់​ចំនួន​ពេល​សត្វ​ហើរ​ចាកចេញ​ពី​ទ្រនំ​នៅ​ព្រឹក​បន្ទាប់។ ការ​ធ្វើ​បែបនេះ​ជា​ការ​ប៉ាន់ប្រមាណ​ចំនួន និង​ការ​បម្រែបម្រួល​ចំនួន​ប្រជាសាស្ត្រ នៃ​ប្រភេទ​សត្វ​នេះ។

បន្ថែម​នោះ ចំនួន​ខ្ពស់​បំផុត​ត្រូវ​បាន​រាប់​ក្នុង​ឆ្នាំ ២០១៣ ដែល​បាន​កត់ត្រា​សត្វ​ស្លាប​ប្រភេទ​នេះ​ចំនួន ៩៧៣ ក្បាល និង​មាន​ការ​កត់ត្រា​ទាប​បំផុត​ត្រឹម​ចំនួន ៥៣១ ក្បាល ក្នុង​ឆ្នាំ ២០១៨ គឺ​មាន​ការ​ថយចុះ​ប្រមាណ ៤៧%។

ក្នុង​កំឡុង​ពេល នៃ​ការ​ថយ​ចុះ​នេះ ប្រទេស​កម្ពុជា បាន​ទទួល​រង​នូវ​ការ​បាត់បង់​ព្រៃឈើ​កម្រិត​ខ្ពស់ ពិសេស​នៅ​ទីតាំង​សម្បទាន​ដី​សេដ្ឋកិច្ច។ ការ​បាត់បង់​ទីជម្រក គួបផ្សំ​នឹង​មាន​ការ​រំខាន​នៅ​កន្លែង​សំបុក​ពង​កូន និង​ទ្រនំ​រក​ចំណី បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ការ​ធ្លាក់​ចុះ នៃ​របាយ​សត្វ​ប្រភេទ​នេះ​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ឆ្នាំ ២០២២ ជា​ឆ្នាំ​ទី ៤ ដែល​បាន​បង្ហាញ​ពី​ចំនួន នៃ​ការ​ធ្វើ​ជំរឿន បាន​កត់ត្រា​ទិន្នន័យ​ខ្ពស់​បន្តបន្ទាប់​គ្នា។ លទ្ធផល​នេះ គឺជា​ការ​លើក​ទឹកចិត្ត​ដែល​បាន​បង្ហាញ​ថា ការ​អភិរក្ស​មាន​ភាព​ល្អ​ប្រសើរ​ឡើង ទោះជា​នៅ​តំបន់​ខ្លះ​មាន​ការ​ថយ​ចុះ តែ​ចំនួន​សរុប​មានការ​កើន​ឡើង។

ក្រសួងបរិស្ថាន បន្ថែម​ទៀត​ថា ចំនួន​ខ្ពស់​បំផុត​ត្រូវ​បាន​កត់ត្រា​នៅ​ដែន​ជម្រក​សត្វព្រៃ​សៀម​ប៉ាង (៣៧៧ ក្បាល) និង​នៅ​តំបន់​ព្រៃ​លិច​ទឹក​ទន្លេ​មេគង្គ (៣២៦ ក្បាល​)។ ការ​រាប់​ចំនួន​ផ្សេងទៀត ត្រូវ​បាន​ធ្វើឡើង​នៅ​តំបន់​កោះ​ស្រ​ឡាយ ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព លំផាត់ ស្រែ​ពក និង​ភ្នំ​ព្រេច។ ការ​ធ្វើ​ជំរឿន​ប្រចាំ​ឆ្នាំ ត្រូវ​បាន​សម្របសម្រួល​ដោយ​ក្រុមការងារ​អភិរក្ស​សត្វ​ត្រយង​កម្ពុជា (CIWG) ដែល​បាន​បង្កើត​ឡើង​ដោយ ក្រសួងបរិស្ថាន រដ្ឋបាល​ព្រៃឈើ មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវចម្រុះ​(ACCB) អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​(NLC) ក្រុមហ៊ុន រ៉ា​យ​ហ្ស៊ី​ង​ហ្វី​និក​(RP) អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) និង​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ​(WWF)។

ចំពោះ​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំ​ពាក្យ នៃ​ក្រសួងបរិស្ថាន បាន​មាន​ប្រសាសន៍​ថា «រាជរដ្ឋាភិបាល​កម្ពុជា សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម ក្នុង​ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ និង​សត្វព្រៃ ដែល​លទ្ធផល​ពេលនេះ​បាន​បង្ហាញ​ពី​ការ​កើនឡើង​នូវ​ប្រភេទ​សត្វព្រៃ​មួយ​ចំនួន ក្នុង​នោះ​មាន​សត្វ​ត្រយង​ក​ង្កំ​កស​ផង​ដែរ។ នេះ​បង្ហាញ​ពី​ប្រសិទ្ធភាព នៃ​ការ​អនុវត្ត​ផែនការ​សកម្មភាព​នានា​របស់​ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ និង​បង្ហាញ​ពី​ភាព​ប្រសើរឡើង នៃ​ការ​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​សាធារណជន​ចំពោះ​សត្វព្រៃ។

ក្រសួងបរិស្ថាន និង​ដៃគូ​ទាំងអស់ នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​ផ្ដល់​ជម្រក​សុវត្ថិភាព​ដល់​សត្វព្រៃ​តាមរយៈ​ការ​អនុវត្ត​ច្បាប់ ការ​បង្កើត សេដ្ឋកិច្ច​មូលដ្ឋាន និង​ការ​ធ្វើ​យុទ្ធនាការ​ផ្សេងៗ ដើម្បី​ផ្លាស់ប្ដូរ​ឥរិយាបថ​សាធារណជន។

ក្រសួងបរិស្ថាន បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ បញ្ឈប់​ការ​ដាក់​អន្ទាក់ ការ​បរបាញ់ និង​ការ​ហូប​សាច់​សត្វ​ព្រៃ និង​ការ​ជួញដូរ​សត្វព្រៃ​»។

ចំណែក​ឯ​លោក សេង ទៀក នាយក​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​(WWF) ប្រចាំ​ប្រទេស​កម្ពុជា បាន​សាទរ​ចំពោះ​កំណើន នៃ​ចំនួន​សត្វ​ត្រយង​ចង្កំ​កស​ក្នុង​ប្រទេស​កម្ពុជា។

លោក​ថា នេះ​ជា​លទ្ធផល​វិជ្ជមាន នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា ក្នុង​ការ​អភិរក្ស​ប្រភេទ​សត្វ​រង​គ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​ពិភពលោក។ សត្វ​ត្រយង​ចង្កំ​កស ចំនួន ៣២៦ ក្បាល ព្រមទាំង​ទ្រនំ​របស់​ពួកវា ១៧ កន្លែង ត្រូវ​បាន​កត់ត្រា​ថា ឃើញ​មាន​នៅ​ដែន​ជម្រក​សត្វព្រៃ​សំបូរ​ក្នុង​តំបន់​ទេសភាព​ព្រៃ​លិច​ទឹក​មេគង្គ នា​ខេត្ត​ក្រចេះ ដែល​ចំនួន​នេះ​បាន​កើន​ឡើង ២៩% ក្នុង​ឆ្នាំ ២០២២ ធៀប​នឹង​ចំនួន ២៥២ ក្បាល ដែល​បាន​កត់ត្រា​ក្នុង​ឆ្នាំ ២០២១។

លោក​បន្ត​ថា «អង្គការ​WWF មាន​សេចក្ដី​សោមនស្ស​រីករាយ និង​សូម​អបអរសាទរ​ចំពោះ​លទ្ធផល​វិជ្ជមាន នៃ​ជំរឿន​សត្វ​ត្រ​យ៉ង​ចង្កំ​កស​ក្នុង​ឆ្នាំនេះ។ សូម​អរគុណ​ដល់​ក្រសួងបរិស្ថាន សមាជិក​ទាំង​អស់ នៃ​ក្រុមការងារ​អភិរក្ស​សត្វ​ត្រ​យ៉ង​ចង្កំ​កស​នៅ​កម្ពុជា សហគមន៍​មូលដ្ឋាន និង​អ្នក​ពាក់ព័ន្ធ​ដែល​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការងារ​អភិរក្ស​សត្វ​កម្រ។ ក្នុងនាម​ជា​សមាជិក នៃ​ក្រុមការងារ​អភិរក្ស​សត្វ​ត្រ​យ៉ង​ចង្កំ​កស​កម្ពុជា អង្គការ​WWF ប្ដេជ្ញា​បន្ត​កិច្ចសហការ​រួមគ្នា​ជាមួយ​អាជ្ញាធរ​ដែល​មាន​ទំនួល​ខុសត្រូវ អង្គការ​ក្រៅរដ្ឋាភិបាល​ជា​ដៃគូ រួម​នឹង​សហគមន៍​មូលដ្ឋាន​ការពារ​សត្វ​កំពុង​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត​នេះ តាមរយៈ​ការ​គាំទ្រ​ការ​អនុវត្ត​ច្បាប់​ក្នុង​ការ​ការពារ​ទីជម្រក ក៏ដូចជា​យន្តការ​ការពារ​សំបុក​ដោយ​សហគមន៍​មូលដ្ឋាន។

អង្គការ​WWF បាន​ត្រៀមខ្លួន​រួច​ជាស្រេច​ក្នុង​ការ​ចូលរួម​ក្នុង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ផែនការ​សកម្មភាព​អភិរក្ស​រួម ដើម្បី​ធ្វើ​យ៉ាង​ណា​អាច​ឲ្យ​សត្វ​ស្លាប​ដ៏​កម្រ​នេះ​រស់រាន​កាន់តែ​ប្រសើរ​នា​ថ្ងៃ​អនាគត​»។

លោក Jonathan Charles Eames OBE, ប្រធាន​ក្រុមហ៊ុន Rising Phoenix Co. Ltd. បាន​មាន​ប្រសាសន៍​ដែរ​ថា «​នៅ​ក្រុមហ៊ុន Rising Phoenix បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង មិន​ត្រឹមតែ​រាប់​ចំនួន​សត្វ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ចាត់វិធានការ​ដើម្បី​ការពារ​ទីជម្រក​សត្វ​ដ៏​ធំ​បំផុត​ដែល​ស្ថិតនៅ​ខាង​ក្រៅ ដែន​ជម្រក​សត្វព្រៃ​សៀម​ប៉ាង។ ក្រុមការងារ​របស់​យើង​ បាន​ខិតខំ​ប្រឹងប្រែង និង​លះបង់​ពេលវេលា ក្នុង​ការ​ការពារ​ធនធាន​ដ៏​សំខាន់​នេះ ដោយ​ធ្វើការ​ស្វែងរក និង​តាមដាន​សំបុក​សត្វ​ត្រយង​ចង្កំ​កស ដែល​បាន​រក​ឃើញ​សំបុក​ប្រមាណ ៤៥ សំបុក ក្នុង​មួយ​ឆ្នាំ​»។

លោក ប៊ូ វរ​សក្ស នាយក​អង្គការ​ធម្មជាតិ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា «ប្រទេស​កម្ពុជា គាំទ្រ​ដល់​ចំនួន​ប្រជាសាស្ត្រ​សត្វ​ត្រយង​ចង្កំ​កស​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក លទ្ធផល​ជំរឿន​ក្នុង​ឆ្នាំ ២០២២ នេះ បាន​បង្ហាញ​ពី​អនាគត​ដ៏​ជោគជ័យ។ អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា សូម​ថ្លែង​អំណរគុណ​ចំពោះ ក្រសួងបរិស្ថាន ដែល​បាន​ដឹកនាំ​ក្រុម​ការងារ​អភិរក្ស​សត្វ​ត្រយង​កម្ពុជា។ យើង​មាន​សេចក្ដី​សោមនស្ស​រីករាយ ក្នុង​ការ​គាំទ្រ​ដល់​ក្រុម​ការងារ​អភិរក្ស​នេះ ដើម្បី​រៀបចំ និង​អនុវត្ត​ផែនការ​សកម្មភាព​អភិរក្ស​សត្វ​ត្រយង​កម្ពុជា​កុំ​ឲ្យ​ផុត​ពូជ​»៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម