ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់តួគី ៖ កម្ពុជា-តួគី មានសក្ដានុពលអាចជំរុញទំហំពាណិជ្ជកម្មដល់ ១ពាន់លានដុល្លារ
មន្ត្រីជាន់ខ្ពស់តួគី បានលើកឡើងថា កម្ពុជា-តួគី មានសក្ដានុពលច្រើន ដែលអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដូចជាការជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យបានកើនឡើងដល់ ១ពាន់លានដុល្លារក្នុងមួយឆ្នាំ។

ការលើកឡើងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក វ៉ាហ៊ីត គីរីស៊ី (Vahit Kirisci) រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ នៃសាធារណរដ្ឋតួគី ចូលជួបសម្ដែងការគួរសម និងពិភាក្សា នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣នេះ។
នៅក្នុងជំនួបនេះ លោក វ៉ាហ៊ីត បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីលោកប្រធានាធិបតីតួគី ជូនចំពោះសម្ដេចតេជោ ហើយក៏បានសម្ដែងការអបអរសាទរជូនសម្ដេចតេជោ និងចំពោះប្រជាជនកម្ពុជាទាំងមូល ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់អំពីការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកន្លងទៅថ្មីៗនេះ។

លោក វ៉ាហ៊ីត ក៏បានជម្រាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់លោកនៅពេលនេះ គឺដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញការអនុវត្តលើគ្រប់កិច្ចសហប្រតិបត្តិការ ដែលបានចុះហត្ថលេខានាពេលកន្លងមក។
ជាមួយគ្នានេះលោក វ៉ាហ៊ីត បានលើកឡើងដែរថា ប្រទេសទាំងពីរ កម្ពុជា-តួគី មានសក្ដានុពលច្រើនដែលអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដូចជាការជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យបានកើនឡើងដល់ ១ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះរួមមាន៖ វិស័យកសិកម្ម, ការច្នៃកែច្នៃផលិតផលកសិកម្មសម្រាប់នាំចេញ, វិស័យវារីវប្បកម្ម, វិស័យគ្រឿងយន្តកសិកម្ម, វិស័យសំណង់, វិស័យ IT, វិស័យកែច្នៃម្ហូបអាហារ និងអាហារហាឡាល់, វិស័យអប់រំ, ការផ្ដល់អាហាររូបករណ៍ឲ្យនិស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសតួគី, ការហោះហើរត្រង់ពីប្រទេសតួគី មកកាន់ព្រះរាជាណាចក្រកម្ពុជា និងវិស័យជាច្រើនដទៃទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្ដាំផ្ញើសួរសុខទុក្ខពីលោក ប្រធានាធិបតីតួគី ហើយសម្ដេចតេជោក៏បានផ្ញើសួរសុខទុក្ខ ជូនចំពោះលោកប្រធានាធិបតីវិញផងដែរ។
សម្ដេចតេជោ ក៏បានថ្លែងអំណរគុណ ចំពោះការសម្ដែងការអបអរសាទរចំពោះជោគជ័យ នៃភាពជាប្រធានអាស៊ានកន្លងមក ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ហើយសម្ដេចតេជោ បានលើកទឹកចិត្តឲ្យមានការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ដែលជាសក្ដានុពលដូចដែលលោក វ៉ាហ៊ីត បានលើកឡើងខាងលើ។

សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ជូនលោក វ៉ាហ៊ីត ថា គប្បីណាលើកទឹកចិត្តឲ្យមានអ្នកវិនិយោគតួគី មកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ម៉ាស៊ីនសម្រាប់កែច្នៃ, សង់ឃ្លាំងស្តុក និងរៀបចំបណ្ដាញទិញផលិតផលកសិកម្មពីប្រជាជនកម្ពុជា ពីកសិករកម្ពុជា យកមកកែច្នៃ ហើយនាំចេញទៅទីផ្សារប្រទេសតួគីផង និងទីផ្សារដទៃទៀតផង។ សម្ដេចបន្តថា កម្ពុជា មានវត្ថុធាតុដើមច្រើនជាអាទិ៍មានស្វាយចន្ទី មានដំឡូង មានកៅស៊ូ មានស្រូវ ដែលអាចកែច្នៃសម្រាប់ការនាំចេញ ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា គប្បីពិចារណា រៀបចំធ្វើឲ្យមានកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីជាការសម្រួល និងលើកទឹកចិត្តដល់អ្នកវិនិយោគរវាងប្រទេសទាំងពីរ៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


