ព័ត៌មានជាតិ
កម្ពុជាទាញបានថាមពលកកើតឡើងវិញជាង ៦០ ភាគរយប្រើប្រាស់
ថាមពលកកើតឡើងវិញគឺជាថាមពលដែលទាញបានមកពីប្រភពនានាដូចជា ខ្យល់ និងពន្លឺព្រះអាទិត្យដែលអាចកកើតឡើងវិញ ដើម្បីបំពេញចំនួនដែលបាត់បង់ និងមិនចេះរីងស្ងួត។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថាកម្ពុជាបានចូលរួមជាមួយពិភពលោកក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុក្នុងនោះ ៦២ ភាគរយនៅកម្ពុជា ចេញមកពីប្រភពថាមពលកកើតឡើងវិញនៅគឺវារីអគ្គិសនី ខណៈផ្ទាំងសូឡាមានប្រមាណ ១៥% នៃចំនួនថាមពលសរុបដែលកម្ពុជាប្រើប្រាស់។
លោករដ្ឋមន្ត្រីលើកឡើងក្នុងពិធីបើកការតាំងពិព័រណ៍ បង្ហាញសមិទ្ធផលពាក់កណ្តាលអាណត្តិរបស់គម្រោង Switch Garment នៅសមាគមវាយនភណ្ឌ សំលៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរនៅកម្ពុជា (TAFTAC)នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៣។

ពិធីនេះក៏មានការចូលរួមពី លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាតំណាងរាជរដ្ឋាភិបាលកម្ពុជា រួមមានក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងម៉ាកអន្តរជាតិ រោងចក្រកាត់ដេរ ក្រុមហ៊ុនផ្តល់សេវាថាមពលស្អាត ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍នានា។
លោកសាយ សំអាល់ មានប្រសាសន៍ថា៖ «ការលើកកម្ពស់ប្រសិទ្ធភាពថាមពលក្នុងឧស្សាហកម្មកាត់ដេរ គឺស្របតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដូចមានចែងក្នុងគោលនយោបាយ ផែនការ និងយុទ្ធសាស្ត្រនានា ជាពិសេសយុទ្ធសាស្ត្ររយៈពេលវែងដើម្បីសម្រេចបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ដោយទទួលស្គាល់ពីសារសំខាន់នៃឧស្សាហកម្មកាត់ដេរនៅកម្ពុជា ក្រសួងបរិស្ថានសូមវាយតម្លៃខ្ពស់ចំពោះគម្រោងនេះ ដែលត្រូវបានរៀបចំឡើងយ៉ាងល្អដើម្បីគាំទ្រដល់ឧស្សាហកម្មផលិតសម្លៀកបំពាក់ ក្នុងការអនុវត្តថាមពលប្រកបដោយនិរន្តរភាព ដែលជាការរួមចំណែកដល់កិច្ចគាំពារបរិស្ថាន ក៏ដូចជាការធ្វើឱ្យដំណើរការឧស្សាហកម្មជារួម បានស្អាតនិងបៃតង»។

រាជរដ្ឋាភិបាលកម្ពុជាកាលពីពេលកន្លងទៅបានប្ដេជ្ញាថា នឹងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៤២% ត្រឹមឆ្នំា២០៣០។ កម្ពុជាក៏នឹងមិនអនុម័ត ឬសាងសង់រោងចក្រថាមពលធ្យូងថ្ម ក៏ដូចជាទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ ទៀតទេ ដោយនឹងងាកមករកថាមពលកកើតឡើងវិញដូចជាសូឡាជាដើម។
ត្រឹមឆ្នាំ ២០២៣ គម្រោងថាមពលសូឡាចំនួន ៧គម្រោងបន្ថែមទៀត អនុភាពសរុប ៤៩៥មេហ្គាវ៉ាត នឹងត្រូវដាក់ដំណើរការ ដោយនឹងរួមចំណែកប្រមាណ២០% នៃការផ្គត់ផ្គង់ថាមពលសរុបនៅកម្ពុជា។
ដោយឡែក លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ «សហភាពអឺរ៉ុបសហការជាមួយនឹងកម្ពុជាក្នុងការគាំទ្រការអភិវឌ្ឍន៍បៃតង និងការងារសមរម្យ។ EU ចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រកាត់ដេរជាតិ។ នាពេលកន្លងមក យើងបានគាំទ្រដល់រោងចក្រកាត់ដេរ ក្នុងការអនុវត្តថាមពលប្រកបដោយនិរន្តរភាព និងសម្របសម្រួលការវិនិយោគលើបច្ចេកវិទ្យាស្អាត។ សកម្មភាពទាំងនេះ នឹងលើកកម្ពស់ការប្រកួតប្រជែងរបស់វិស័យមួយនេះ។ យន្តការ «Global Gateway» របស់ EU ក៏រួមចំណែកដល់ខ្សែសង្វាក់ផលិតកម្មដែលមានភាពធន់ និងចីរភាពបន្ថែមទៀតនៅជុំវិញពិភពលោក និងក្នុងប្រទេសកម្ពុជា។ សហភាពអឺរ៉ុប ដែលជាទីផ្សារដ៏ធំបំផុតមួយសម្រាប់ផលិតផល GFT របស់កម្ពុជា បានកំណត់ប្រសិទ្ធភាពថាមពលជាគោលការណ៍សំខាន់សម្រាប់ការរៀបចំគោលនយោបាយ ការសម្រេចចិត្តវិនិយោគ និងសម្រាប់សកម្មភាពខាងក្រៅរបស់សហភាពអឺរ៉ុប»។

បច្ចុប្បន្ននេះ គម្រោង Switch Garment ស្ថិតនៅក្នុងឆ្នាំទី៣នៃការអនុវត្តគម្រោង ហើយតាមរយៈព្រឹត្តិការណ៍ពិព័រណ៍នេះ ដែលជាវេទិកាបង្កើតទំនាក់ទំនងជិតស្និទ្ធ គម្រោងនេះមានគោលបំណងផ្សព្វផ្សាយសមិទ្ធិផលជូនដល់ភាគីពាក់ព័ន្ធសំខាន់ៗ ដែលរួមមានវិធានការគោលនយោបាយ សវនកម្មថាមពល និងការប្តេជ្ញាចិត្តក្នុងការវិនិយោគដែលត្រូវបានធ្វើឡើងតាមរយៈអនុសាសន៍របស់គម្រោង។
ព្រឹត្តិការណ៍នេះ ក៏បានប្រមូលផ្តុំនូវឧស្សាហកម្មកាត់ដេរ និងអ្នកផ្តល់សេវាថាមពលកកើតឡើងវិញ ឱ្យមកជួបជុំគ្នា ដើម្បីទទួលបានព័ត៌មានអំពីតម្រូវការ និងការផ្តល់សេវារៀងៗខ្លួន៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


