Connect with us

ព័ត៌មានអន្ដរជាតិ

UN៖ ការវិនិយោគសកលលើថាមពលស្អាត កើនដល់ ២,២ ទ្រីលានដុល្លារ នៅឆ្នាំ ២០២៥

បានផុស

នៅ

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អង់តូនីញ៉ូ ហ្គូតតេរ៉ែស (Antonio Guterres) បាន​ថ្លែងឱ្យដឹងថា ការវិនិយោគជាសកលលើថាមពលស្អាតបានបន្តកើនឡើងនៅឆ្នាំ ២០២៥ ដោយឈានដល់កំណត់ត្រាខ្ពស់ថ្មី ២,២ ទ្រីលានដុល្លារ ក្នុង «ការផ្លាស់ប្តូរសកលដែលមិនបក​​ក្រោយ» ចេញពីឥន្ធនៈហ្វូស៊ីល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងតាមរយៈវិដេអូទៅកាន់កិច្ចប្រជុំលើកទី ១៦ នៃទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ (IRENA) នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម កាលពីថ្ងៃអាទិត្យ លោក ហ្គូតតេរ៉ែស បាននិយាយថា តួលេខ ២,២ ទ្រីលានដុល្លារ គឺ​ច្រើនជាងទ្វេរដង ធៀបនឹង​ចំនួនទឹកប្រាក់​វិនិយោគលើថាមពលឥន្ធនៈហ្វូស៊ីលនៅទូទាំងពិភពលោក។

លោក ហ្គូតតេរ៉ែស បានប្រាប់អ្នកតំណាងក្នុងកិច្ចប្រជុំថា៖ «ការផ្លាស់ប្តូរទៅថាមពលស្អាតគឺមិនអាចបញ្ឈប់បាន និងមិនអាចបកក្រោយវិញទេ»។ លោក​បាន​ចង្អុលទៅការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាកកើតឡើងវិញ និងការធ្លាក់ចុះនៃថ្លៃដើម​ចំណាយ​ក្នុងវិស័យជាច្រើន។

បើទោះបីជាមានសន្ទុះបែបនេះក៏ដោយ លោកបានព្រមានថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានបរាជ័យដោយតាមមិន​ទាន់វឌ្ឍនភាពរបស់បច្ចេកវិទ្យា​ ដែល​នោះអាចបន្ថយល្បឿននៃការផ្លាស់ប្តូរទៅប្រើថាមពលស្អាត ​ប្រសិនបើដោះស្រាយមិនទាន់។

លោក ហ្គូតតេរ៉ែស បានគូសបញ្ជាក់ថា ក្នុងឆ្នាំ ២០២៤​ ពិភពលោកបានវិនិយោគប្រហែល ១ ទ្រីលានដុល្លារអាមេរិកលើការផលិតថាមពលស្អាត ប៉ុន្តែការចំណាយលើបណ្តាញអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ មានចំនួនតិចជាងពាក់កណ្តាលនៃចំនួននោះ។

លោកបានលើកឡើងពីឧបសគ្គដែលនៅតែបន្តកើតមាន រួមទាំងដំណើរការអនុញ្ញាត​ការវិនិយោគដែលប្រើពេលយូរ សមត្ថភាពបណ្តាញអគ្គិសនីមិនគ្រប់គ្រាន់ ការកកស្ទះនៅក្នុង​ច្រវ៉ាក់ផ្គត់ផ្គង់ និងកំណើន​សម្ពាធ​ក្នុង​ទីផ្សាររ៉ែសំខាន់ៗ។ មន្រ្តីកំពូល UN ដដែល​បានបន្ថែមថា ​ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ជាពិសេសនៅទ្វីបអាហ្វ្រិក នៅតែបន្តប្រឈមមុខនឹងឧបសគ្គធំៗក្នុងការទទួលបានហិរញ្ញប្បទាន​ក្នុង​តម្លៃសមរម្យ ទោះបីជាពួកគេមានសក្តានុពលផលិត​ថាមពលកកើតឡើងវិញយ៉ាងច្រើនក៏ដោយ។

ដើម្បីជំនះបញ្ហាប្រឈមទាំងនោះ លោកបានអំពាវនាវឱ្យមានការវិនិយោគយ៉ាងច្រើនលើបណ្តាញអគ្គិសនីទំនើប និងអាចបត់បែនបាន ការតភ្ជាប់ឆ្លងដែនកាន់តែរឹងមាំ និងការពង្រីកយ៉ាងឆាប់រហ័សនៃការផ្ទុកថាមពល ដើម្បីធ្វើឱ្យការផ្គត់ផ្គង់ និងតម្រូវការមានតុល្យភាព និងរក្សាភាពជឿជាក់នៃប្រព័ន្ធ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម