Connect with us

ព័ត៌មានជាតិ

បទយកការណ៍៖ កម្ពុជា ធ្លាប់រងគ្រោះ និងសកម្មជាងគេ ដោះស្រាយបញ្ហា គ្រាប់បែកចង្កោម

បានផុស

នៅ

កម្ពុជា គឺជាប្រទេសមួយធ្លាប់រងគ្រោះដោយសារគ្រាប់បែកចង្កោមតាំងពីទសវត្សរ៍ឆ្នាំ១៩៦០ ហើយរហូតមកដល់ពេលនេះ កម្ពុជាប្រើប្រាស់រយៈពេលជាង ៣០ឆ្នាំ ដើម្បីធ្វើដោះស្រាយ និងកំទេចចោលនូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនោះរួមទាំងគ្រាប់បែកចង្កោម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍របស់អាជ្ញាធរមីន បញ្ជាក់ថា ចាប់ពីឆ្នាំ២០០៩ កម្ពុជាបានរំដោះផ្ទៃដីមានគ្រាប់បែកចង្កោម បានប្រមាណជា ៣៤៤ គីឡូម៉ែត្រក្រឡា ស្មើនឹង ២០៣១ ចម្ការគ្រាប់ ដោយរកឃើញ និងកំទេចចោលគ្រាប់បែកចង្កោមចំនួន ៤៥ ១៧៤ គ្រាប់ ក្នុងរាជធានី-ខេត្តចំនួន ១៧ ដោយផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋកម្ពុជាបានជាង ១ លាននាក់។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យ “កម្ពុជាថ្មី” ដឹងនៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះថា គ្រាប់បែកចង្កោមត្រូវបានទម្លាក់ និងបាញ់ផ្លោងនៅកម្ពុជាក្នុងសង្គ្រាមឥណ្ឌូចិនដោយកងទ័ពសហរដ្ឋអាមេរិក និងកងទ័ពសម្ពន្ធ័មិត្តរួមមានវៀតណាមខាងត្បូង ជាដេីម។ គ្រាប់បែកង្កោមមាននៅក្របខ័ណ្ឌទូទាំងប្រទេស ជាពិសេសនៅបណ្តាខេត្តតាមបណ្តោយព្រំដែនជាមួយវៀតណាម។ គិតត្រឹមខែមិថុនា ឆ្នាំ២០២៣នេះ អង្គភាពបានបោសម្អាត និងកំទេចចោលគ្រាប់បែកចង្កោមនៅតាមតំបន់ជាច្រេីនបានចំនួន ៤៣៧ ០៦០ កូនគ្រាប់បែកចង្កោម។

លោក ហេង រតនា មានប្រសាសន៍បន្ថែមថា៖ “ការទម្លាក់គ្រាប់បែកនៅកម្ពុជាមានជិត ២០ មុឺនសមរភូមិ ទីតាំងប្រយុទ្ធ ក្នុងនោះមានទីតាំងទម្លាក់ដោយគ្រាប់បែកចង្កោមប្រមាណ ១ មុឺនទីតាំងប្រយុទ្ធ ដែលបរិមាណយន្តហោះចេញប្រយុទ្ធប្រេីគ្រាប់បែកចង្កោមនោះចំនួនប្រមាណជាង ១៩ ០០០ យន្តហោះប្រយុទ្ធ គិតជាចំនួនកូនគ្រាប់បែកចង្កោមដែលបានប្រេីមានចំនួនជិត ៣០ លានកូនគ្រាប់បែកចង្កោម។ តាមការប៉ាន់ស្មានមានប្រមាណ ២៥%-៣០% នៃកូនគ្រាប់បែកចង្កោមទាំងនោះនៅបន្តមានវត្តមានអាចបង្កគ្រោះថ្នាក់នៅឡេីយ”។

លោក ហេង រតនា បានឱ្យដឹងថា តំបន់គ្រាប់បែកចង្កោមដែលបានដឹងមានចំនួន ៧០០ គីឡូម៉ែត្រក្រឡា ស្ថិតនៅរប៉ាយតាមបណ្តាខេត្តមួយចំនួន ជាពិសេសខេត្តតាមបណ្តោយព្រំដែនជាមួយវៀតណាម និងដងទន្លេមេគង្គ។ កម្ពុជាមិនមែនជាអ្នកផលិត និងប្រេីប្រាស់គ្រាប់បែកចង្កោមដែរ សម្តេចតេជោបានខិតខំជំរុញការបោសសម្អាតគ្រាប់បែកចង្កោមដេីម្បី​សេចក្តី​សុខសុវត្ថិភាពរបស់ប្រជាជន និងគាំទ្រការអភិវឌ្ឍប្រទេសជាតិ។

គ្រាប់បែកចង្កោមអាចបង្កគ្រោះថ្នាក់ស្លាប់ ឬរបួសដល់ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី និងជាបញ្ហាដល់សន្តិសុខសុវត្ថិភាពសង្គម ក៏ដូចជាការអភិវឌ្ឍនានា។

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន លើកឡើងថា ទោះបីកម្ពុជាមិនទាន់បានក្លាយជារដ្ឋសមាជិកនៃអនុសញ្ញាគ្រាប់បែកចង្កោម ប៉ុន្តែកម្ពុជាគឺជារដ្ឋអង្កេតការណ៍ និងសកម្មជាងគេក្នុងចំណោមរដ្ឋសមាជិកទាំងអស់ ក្នុងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោម និងបោសសម្អាតទំហំផ្ទៃដីច្រើនជាងគេ។

ទេសរដ្ឋមន្ត្រី លី ធុជ មានប្រសាសន៍បន្តថា៖ “ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តច្បាស់លាស់ ក្នុងដោះស្រាយបញ្ហាគ្រាប់បែកចង្កោម ដូចបានចែងក្នុងផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥។ គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ កម្ពុជានៅសល់ផ្ទៃដីមានគ្រាប់បែកចង្កោមប្រមាណជា ៧៣០ គីឡូម៉ែត្រក្រឡា ស្មើនឹង ២៥១៤ ចម្ការគ្រាប់ ស្ថិតក្នុងរាជធានីខេត្តចំនួន ១៨ ដែលជាផែនការអាទិភាពទី២ បន្ទាប់ពីដោះស្រាយបញ្ហាមីនឲ្យអស់ឆ្នាំ២០២៥”។

ទេសរដ្ឋមន្រ្តី លី ធុជ បានឱ្យដឹងថា ដោយមានការគាំទ្រពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន, មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥ និងដៃគូអភិវឌ្ឍន៍ គឺផែនការបោសសម្អាតមីនក្នុងឆ្នាំ២០២៣នេះ គ្របដណ្តាប់ផ្ទៃដីមានមីនប្រមាណ ៤១១ គីឡូម៉ែត្រក្រឡា។ ដូច្នេះនៅក្រោយឆ្នាំ២០២៣ ប្រទេសកម្ពុជានឹងមាន ១៨ រាជធានី-ខេត្ត ត្រូវប្រកាសថាអស់មីន។

ទេសរដ្ឋមន្ត្រី លី ធុជ មានប្រសាសន៍ថា៖ “បន្ទាប់ទៅទៀត នឹងមានខេត្តចំនួន៧ ក៏នឹងត្រូវដាក់ក្នុងផែនការបោសសម្អាត​មីន​ឱ្យអស់ត្រឹមឆ្នាំ២០២៥ រួមមាន៖ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ជាមួយគ្នានេះ អាជ្ញាធរមីនមានភាព​ជឿជាក់​ក្នុងការឈានទៅសម្រេចឱ្យបាននូវទស្សនវិស័យរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបញ្ចប់ការងារបោសសម្អាតមីន និងប្រកាសកម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥ ខាងមុខ”។

កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ថ្មីៗនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានចេញសារតាមបណ្ដាញតេឡេក្រាមផ្លូវការ អំពាវនាវដល់ ប្រធានាធិបតីអាមេរិក ដែលជាអ្នកផ្តល់ និងប្រធានាធិបតី​អ៊ុយក្រែន ដែលជាអ្នកទទួល គ្រាប់បែកចង្កោម សូមកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមរវាងរុស្ស៊ី-អ៊ុក្រែន បន្ទាប់ពី សម្ដេចតេជោ​ បាន​ទទួលព័ត៌មានជាច្រើនបានចុះផ្សាយថា សហរដ្ឋអាមេរិកនឹងផ្តល់​គ្រាប់បែក​ចង្កោមឱ្យទៅអ៊ុយក្រែន ដើម្បី​ប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រសិនរឿងនេះជាការពិតមែន រឿងនេះនឹងក្លាយទៅជាគ្រោះថ្នាក់​ធំបំផុត​សម្រាប់​ប្រជាជនអ៊ុយក្រែនរាប់សិបឆ្នាំ ឬដល់រយឆ្នាំទៀតផង ប្រសិនគ្រាប់បែកចង្កោមនេះ​យក​ទៅប្រើប្រាស់ក្នុង​តំបន់ដែល​រុស្ស៊ីកាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។ សម្ដេចតេជោ បានរម្លឹកបទពិសោធន៍ឈឺចាប់របស់កម្ពុជា ដែលទទួលការទម្លាក់គ្រាប់បែកចង្កោម​ពីអាមេរិក នាដើមទស្សវត្តរ៍១៩៧០ ដែលមកដល់ពេលនេះ ជាងកន្លះសតវត្សរ៍ហើយ នៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចដឹងច្បាស់ថា ប្រទេសកម្ពុជាតូច ហើយទន់ខ្សោយ សំឡេងគ្មានទម្ងន់ តែដោយក្តី​អាណិតប្រជាជនអ៊ុយក្រែន សម្ដេចសូមអំពាវនាវប្រធានាធិបតី​អាមេរិកដែលជាអ្នកផ្តល់ និងប្រធានាធិបតីអ៊ុយក្រែន​ដែលជាអ្នកទទួល សូមមេត្តាកុំប្រើប្រាស់​គ្រាប់បែកចង្កោមក្នុងសង្រ្គាមនេះ ព្រោះអ្នករងគ្រោះពិតប្រាកដ គឺប្រជាជន ​ពិសេសគឺអ៊ុយក្រែនតែម្តង។ 

ក្នុងនាមសហគមន៍សកម្មភាពមីន និងជនរងគ្រោះដោយសារគ្រាប់បែកចង្កោម ទេសរដ្ឋមន្រ្តី លី ធុជ បានប្រកាសគាំទ្រទាំងស្រុងនូវការអំពាវនាវនេះរបស់សម្តេចតេជោ ហ៊ុន សែន។ លោកបញ្ជាក់ថា ការសម្រេចចិត្តក្នុងការប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាម នឹងបង្កការបំផ្លិចបំផ្លាញ និងបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋស្លូតត្រង់ និងជនស៊ីវិលទាំងក្នុងសង្រ្គាម និងក្រោយសង្រ្គាម។ ការប្រើប្រាស់គ្រាប់បែកចង្កោមក្នុងការកំចាត់គ្នាទៅវិញទៅមក គ្រាន់តែរយៈពេលខ្លី ប៉ុន្តែការដោះស្រាយគឺប្រើប្រាស់រយៈពេលវែងណាស់ ចំណាយធនធានច្រើន និងតែងតែបង្កការគ្រោះថ្នាក់ជាប្រចាំ ជាពិសេសកុមារា-កុមារី ក៏ដូចជាបង្កឲ្យមានវិបត្តសង្គមធ្ងន់ធ្ងរផងដែរ។

លោក ហេង រតនា បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសារអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ខាងលើផងដែរ។ លោកលើកឡើងថា គ្រាប់បែកចង្កោមជាសំណល់សង្គ្រាមនៅកម្ពុជា ទោះបីជាមានអាយុកាលជាង ៥០ឆ្នាំហើយក៏ដោយ​ ក៏គ្រាប់បែកចង្កោមទាំងនោះ​ នៅតែបន្តគំរាមកំហែងដល់អាយុជីវិត និងសុខសុវត្ថិភាពប្រជាជនកម្ពុជានៅឡើយ។​ សូមបញ្ឈប់មហិច្ឆតាប្រើប្រាស់គ្រាប់បែកចង្កោមនេះ ក្នុងសមរភូមិប្រយុទ្ធ ព្រោះថា វិនាសកម្មពិតប្រាកដ គឺប្រជាជនស៉ីវិលស្លូតត្រង់ ដែលត្រូវរងទុក្ខវេទនាយូរអង្វែងក្រោយសង្គ្រាមបានបញ្ចប់។​ ទង្វើនេះក៏ពាក់ពន្ធ័ដោយផ្ទាល់ដល់ការគោរពច្បាប់អន្តរជាតិ​ និងសិទ្ធិមនុស្សផងដែរ”។

គួរបញ្ជាក់ថា​ ក្តីឈឺចាប់ និងផលលំបាក នៃសង្គ្រាម គ្រាប់បែកចង្កោមនៅកម្ពុជា និងបណ្តាប្រទេសរងគ្រោះមួយចំនួន​ ក៏ជាចំណែកមួយ នៃចលនាបង្កើតអនុសញ្ញាអន្តរជាតិអូស្លូ​ ស្តីពី “ការហាមប្រាមការប្រើប្រាស់​ ការផលិត​ ការស្តុកទុក​ និងការដឹកជញ្ជូនគ្រាប់បែកចង្កោម” ដែលបានចូលជាធរមានជាច្បាប់អន្តរជាតិ​ នៅឆ្នាំ២០០៨​ មាន១២៣ ប្រទេស ក្នុងនោះមានរដ្ឋភាគីចំនួន១១១ និងរដ្ឋហត្ថលេខីចំនួន១២។

គ្រាប់បែកទម្លាក់ពីយន្តហោះខ្លះអាយុជិត ៦០ឆ្នាំហេីយ​ កប់ក្នុងដី និងទឹកទៀត​ នៅតែមានប្រសិទ្ធភាពបង្កផ្ទុះគ្រោះថ្នាក់ខ្ពស់នៅឡេីយ។ ជាក់ស្តែងនៅ អង់គ្លេស​ អាឡឺម៉ង់​ ហូឡង់​ ជប៉ុន…​ សង្គ្រាមបានបញ្ចប់ជិត ១០០ឆ្នាំ​ នៅតែមានបញ្ហាគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមនៅឡេីយ។ ដូចនេះកម្ពុជា​ ក៏នៅតែប្រឈមមុខជាមួយខ្មាំងសត្រូវទាំងនេះក្នុងរយៈពេលវែងដែរ។ មនុស្សជំនាន់ក្រោយៗទៀតក៏អាច​នៅ​តែប្រឈមមុខការលំបាកនេះ គ្រាន់តែតិចជាងជំនាន់នេះ​ ព្រោះថា ថ្នាក់ដឹកនាំ និងអ្នកជំនាន់នេះកំពុងខិតខំបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមទាំងឡាយ​ ដេីម្បីប្រយោជន៍ធានាសុវត្ថិភាពមនុស្សជំនាន់នេះ និងជំនាន់ក្រោយៗទៀត​៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម