Connect with us

ព័ត៌មានជាតិ

ដើម្បីអាចបង្កើតរាជរដ្ឋាភិបាលថ្មីបាន តើត្រូវមាននីតិវិធីអ្វីខ្លះ?

បានផុស

នៅ

នៅថ្ងៃទី២៦ ខែកក្កដា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចមិនបន្តធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មីនេះទេ ដោយតំណែងនេះ នឹងត្រូវជំនួសដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ បើតាមការប្រកាសរបស់សម្ដេចតេជោ រដ្ឋសភា សម្រាប់នីតិកាលទី៧ នឹងចូលមកជំនួសនៅថ្ងៃទី២១ ខែសីហា ខណៈរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងត្រូវចូលកាន់តំណែងជាផ្លូវការនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីអាចឈានទៅបង្កើតឡើងជាផ្លូវការនូវនីតិកាលថ្មីរបស់រដ្ឋសភា ក៏ដូចជាបង្កើតរាជរដ្ឋាភិបាលថ្មីបាន តើត្រូវមាននីតិវិធីអ្វីខ្លះ?  

បើតាមរដ្ឋធម្មនុញ្ញកម្ពុជា «រដ្ឋសភាបើកសម័យប្រជុំដំបូង ៦០ថ្ងៃយ៉ាងយូរក្រោយពេលបោះឆ្នោត តាមការកោះប្រជុំរបស់ព្រះមហាក្សត្រ»។ ក្រោយការកោះប្រជុំក្រោមព្រះរាជអធិបតីភាពរបស់ព្រះមហាក្សត្រ រដ្ឋសភាត្រូវបើកដំណើរការកិច្ចប្រជុំរបស់ខ្លួនក្រោមព្រឹទ្ធសមាជិករដ្ឋសភាមួយរូប ដែលជាបេក្ខជនជាប់ឆ្នោតមានអាយុច្រើនជាងគេ ដើម្បីប្រកាសសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ។

ព្រឹទ្ធសមាជិក ត្រូវដឹកនាំការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានរដ្ឋសភា ក៏ដូចជា ការបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មការជំនាញនានារបស់រដ្ឋសភា តាមការស្នើរបស់គណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា ដោយមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភាទាំងមូល។

តែយ៉ាងណាមិញ ច្បាប់ធម្មនុញ្ញបន្ថែម ត្រង់មាត្រា៤ ថ្មី (មួយ) បានកំណត់ថា «ប្រធានរដ្ឋសភា ត្រូវបោះឆ្នោតជ្រើសរើសចេញពីសមាជិករដ្ឋសភា ដែលមានសញ្ជាតិខ្មែរតែមួយគត់»។ បន្ទាប់ពីការប្រកាសសុពលភាពបេក្ខជនជាប់ឆ្នោត និងការបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា រួចមក ប្រធាន អនុប្រធាន រួមទាំងសមាជិក-សមាជិករដ្ឋសភាទាំងអស់ ត្រូវធ្វើសច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំង មុនចូលកាន់តំណែងជាតំណាងរាស្រ្តជាផ្លូវការ។

រូបភាពឯកសារ៖ ក្នុងកិច្ចប្រជុំលើកដំបូងរបស់រដ្ឋសភា កាលអាណត្តិទី៦ ឆ្នាំ២០១៨

ក្រោយពេលនីតិកាលថ្មីរបស់រដ្ឋសភាចូលកាន់តំណែងជាស្ថាបពរហើយនោះ ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្ត្រី ឱ្យបង្កើតរាជរដ្ឋាភិបាលថ្មី តាមសេចក្ដីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា។ មាត្រា ១១៩ ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា សេចក្ដីស្នើពីគណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភានេះ ត្រូវចម្លងជូនប្រធានរដ្ឋសភា ហើយវរជនដែលនឹងត្រូវទទួលបានការចាត់តាំងជានាយករដ្ឋមន្រ្តីនេះ ក៏ត្រូវតែជាតំណាងរាស្រ្តដែលមានសញ្ជាតិខ្មែរតែមួយគត់។

មាត្រាដដែលនេះ បានឱ្យដឹងដែរថា វរជនដែលត្រូវបានចាត់តាំងនេះ ត្រូវនាំសហការីដែលជាតំណាងរាស្រ្ត ឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភាដែលផ្គូរផ្គងឱ្យកាន់តំណែងផ្សេងៗក្នុងរាជរដ្ឋាភិបាល ទៅសុំសេចក្ដីទុកចិត្តពីរដ្ឋសភា។ ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តនេះ ត្រូវធ្វើលើបញ្ជីសមាសភាពនៃគណៈរដ្ឋមន្រ្តីទាំងមូល ហើយកាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តីថ្មីនោះ។ មុនចូលកាន់តំណែងជាផ្លូវការ គណៈរដ្ឋមន្រ្តី ត្រូវធ្វើសច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំង ផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១០ ម៉ោង មុន

មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អឺរ៉ុបទាមទារ​បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌនៅអ៊ុយក្រែន គំរាមដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសលែង​បង្ហើប​ដំណឹង​អំពី​ជំនួយ​យោធា​ដែល​ផ្ដល់​ឲ្យ​អ៊ុយក្រែន​ទៀត​ហើយ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ពូទីន ស្នើកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន នៅ​សប្ដាហ៍​ក្រោយ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារដោះស្រាយបញ្ចប់ទំនាស់ រវាងរដ្ឋបាលនិងបុគ្គលិករោងចក្រស៊ីង កៃ សេន

Sokha Hotels

ព័ត៌មានពេញនិយម