Connect with us

ព័ត៌មានជាតិ

អង្គការ IOM​ស្នើ​កម្ពុជា​ដាក់​បេក្ខភាព​ប្រកួត​យក​ជ័យលាភី​ទាក់ទង​នឹង​ការប្រយុទ្ធប្រឆាំង​ការជួញដូរ​

បានផុស

នៅ

ភ្នំពេញ ៖ អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ ដែល​ហៅ​កាត់​ថា IOM បានស្នើ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដាក់​បេក្ខភាព​របស់​ខ្លួន​ប្រឡង​ជ័យលាភី ទាក់ទង​នឹង​ការ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស ខណៈ​អង្គការ​នេះ​បាន​មើលឃើញ​ប្រទេស​កម្ពុជា ជា​ប្រទេសមួយ​ដែល​ស្វិតស្វាញ និង​សកម្ម​បំផុត​ក្នុងការ​ទប់ស្កាត់​ការជួញដូរ​មនុស្ស។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ឆ្លង​របាយការណ៍ ស្ដីពី​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ ២០២១​នេះ លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) បាន​ឲ្យ​ដឹងថា «​អង្គការ IOM បាន​មើលឃើញ​កិច្ចប្រឹងប្រែង​របស់​កម្ពុជា​សកម្ម​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស ហើយ​ទទួលបាន​លទ្ធផល​ល្អ ហើយ​បានស្នើ​ឲ្យ​កម្ពុជា​ដាក់​ក្នុង​បញ្ជី​បេក្ខភាព​ក្នុងប្រទេស​ដែល​ទទួលបាន​ជ័យលាភី​នៅលើ​ពិភពលោក ហើយ​ករណី​នេះហើយ​ទាក់ទង​នឹង​ការស្នើ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​បាន​ចុះហត្ថលេខា​រួចហើយ​ដែរ ដើម្បី​ដាក់​បេក្ខភាព​នេះ ប៉ុន្តែ​យើង​មិនទាន់​ដឹងថា​នឹងត្រូវ​ដាក់​នៅពេលណា​នោះទេ​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​បាន​បន្ត​ថា ​អង្គការ​IOM​បាន​ជួយ​ដល់​ពលករ​ខ្មែរ​រងគ្រោះ​ជាច្រើន​ពី​សំណាក់​មេខ្យល់ ដែល​បាន​បោក​ពួកគេ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ហើយ​អង្គការ​អន្តរជាតិ​មួយ​នេះ ក៏បាន​ចូលរួម​យ៉ាងសកម្ម​បំផុត​ជាមួយ​ប្រទេស​កម្ពុជា​ផង​ដែរ ក្នុង​កិច្ចការ​នេះ​ដោយ​ទទួល​បាន​លទ្ធផល​យ៉ាងច្រើន​តាំងពីដើម​រហូតដល់​ប​ច្ចុ​ប្បន្ន​នេះ​។

ទាក់ទង​នឹង​ការងារ​នៃ​ការ​ប្រយុទ្ធប្រឆាំង​ការ​ជួញដូរ​មនុស្ស​នេះដែរ លោក ស្រី ជូ ប៊ុន​អេង បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០២០ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​របស់​ស្ថាប័ន រាជធានី​-​ខេត្ត បាន​បន្ដសកម្មភាពរ​បស់​ខ្លួន​ទៅតាម​ទិសដៅ​ដែល​បានគ្រោង​ទុក ទោះបី​មាន​បញ្ហា​ជំងឺ​កូ​វីដ​-១៩ និង​បញ្ហា​ប្រឈម​មួយចំនួនទៀត​ក៏ដោយ។

លោកស្រី​រដ្ឋលេខាធិការ​បាន​លើក​ឡើង​ទៀត​ថា « ក្នុងដំណាក់កាល​កម្ពុជា​កំពុង​ប្រឈម​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ វិបត្តិ​សេដ្ឋកិច្ច ពលករ​អត់​ការងារ​ធ្វើ ដោយមាន​ការបិទ​រោងចក្រ​ជាដើម ហើយ​ទីបំផុត​មាន​ពលករ​ខ្មែរ​ត្រឡប់មកវិញ​ជាង​១៣​ម៉ឺន​នាក់។ ប៉ុន្ដែ​ឱកាស​នេះឯង ដែល​ជន​ជួញដូរ​មនុស្ស​គេ​ឆ្លៀតឱកាស​នេះ ដើម្បី​យក​ផលចំណេញ​ពី​កម្មករ​-​កម្មការិនី ដែល​អត់​ការងារ​ធ្វើ ដូច្នេះ​សមត្ថកិច្ច​ត្រូវមាន​វិធានការ​បន្ថែមទៀត ដើម្បី​ទប់​ស្កាត​ការនាំ​មនុស្ស​ចេញ​ដោយ​ខុសច្បាប់ ខណៈ​បញ្ហា​នេះ​នៅ​បន្ត​មាននៅ​ឡើយ​នោះ​»​។

លោកស្រី​បាន​បន្ថែមថា ដើម្បី​ឲ្យ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា មាន​ប្រសិទ្ធភាព ភាគី​ពាក់ព័ន្ធ​ត្រូវ​ប្រកាន់​គោលការណ៍​សកម្មភាព​មួយចំនួន​ដូចជា ការ​បង្ការ​ទប់​ស្កាត​អំពើ​ជួញដូរ​មនុស្ស​, ជួយ​ជនរងគ្រោះ និង​ការអនុវត្ត​ច្បាប់​ជាដើម​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម