ព័ត៌មានជាតិ
១០ ថ្ងៃនេះ ទឹកជំនន់ប៉ះពាល់ពលរដ្ឋជាង ៨ ពាន់គ្រួសារ លិចផ្ទះជាង ២ ពាន់ខ្នង និងដំណាំស្រូវជិត ៥ ពាន់ហិតា
ទឹកជំនន់ទន្លេមេគង្គក្នុងរយៈពេល ១០ ថ្ងៃនេះ បានបង្កឲ្យប៉ះពាល់ដល់ខេត្តចំនួន ៤ ប៉ះពាល់ប្រជាពលរដ្ឋជាង ៨ ពាន់គ្រួសារ ជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាពជាង ៣០០ គ្រួសារ លិចផ្ទះជាង ២ ពាន់ខ្នង និងប៉ះពាល់ដំណាំស្រូវជិត ៥ ពាន់ហិកតា។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២៦ កញ្ញានេះថា ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៥ កញ្ញានេះ ទឹកជំនន់ទន្លេមេគង្គ បានហក់ឡើងបណ្តាលឲ្យប៉ះពាល់ដល់ខេត្តចំនួន ៤ ស្មើនឹង ២៣ ក្រុងស្រុក និង ៧៥ ឃុំសង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋ ៨៣៧៤ គ្រួសារ ជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាពចំនួន ៣១៣ គ្រួសារ លិចផ្ទះ ២១៤០ ខ្នង និងដំណាំស្រូវ ៤៨៧៤ ហិតា។

លោកបានបន្តថា ក្នុងនោះខេត្តក្រចេះប៉ះពាល់ ៥ ក្រុងស្រុក ២៧ ឃុំសង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋ ១៦២២ គ្រួសារ ផ្ទះលិច ២៧៩ ខ្នង ដំណាំស្រូវ ៩៨១ ហិតា និងដំណាំរួមផ្សំ ១៥០ ហិតា។ ខេត្តកំពង់ធំប៉ះពាល់ ៩ ក្រុងស្រុក ២៧ ឃុំសង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋជាង ៥៣០០ គ្រួសារ លិចផ្ទះ ១៧១១ ខ្នង ជម្លៀសប្រជាពលរដ្ឋ ២០៦ គ្រួសារ ដំណាំស្រូវ ២៥៩២ ហិតា។ ខេត្តព្រះវិហារប៉ះពាល់ ៦ ក្រុងស្រុក ១០ ឃុំសង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋ ៧២៧ គ្រួសារ ជម្លៀសប្រជាពលរដ្ឋ ៣៥ គ្រួសារ លិចផ្ទះ ១៥០ ខ្នង និងដំណាំស្រូវ ៩៥៧ ហិតា និងខេត្តត្បូងឃ្មុំប៉ះពាល់ ៣ ក្រុងស្រុក ១១ ឃុំសង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋចំនួន ៧២៥ គ្រួសារ ជម្លៀសប្រជាពលរដ្ឋ ៧៥ គ្រួសារ និងដំណាំស្រូវ ៣៤៤ ហិតា។

លោកបានបន្តទៀតថា រហូតមកដល់ពេលនេះ ស្ថានភាពទឹកជំនន់នៅខេត្តព្រះវិហារ ក្រចេះ និងខេត្តត្បូងឃ្មុំ បានស្រកចុះជាបណ្តើរៗវិញហើយ មិនបានបង្កការគំរាមកំហែងធ្ងន់ធ្ងរអ្វីនៅឡើយទេ។ ប៉ុន្តែខេត្តកំពង់ធំ ស្ថានភាពទឹកជំនន់បាននិងកំពុងកៀកនឹងប្រកាសអាសន្នគឺមានកម្ពស់ទឹក ១៣,៧២ ម៉ែត្រ ខណៈទឹកប្រកាសអាសន្នមានកម្ពស់ ១៣,៨០ ម៉ែត្រ។

លោកបានបញ្ជាក់ថា «ជាមួយនឹងការចុះពិនិត្យជាក់ស្ដែង លោកកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី ១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះអន្តរាយ តែងតែណែនាំដល់អាជ្ញាធរដែនដី ភូមិ ឃុំ ស្រុក ត្រូវយកចិត្តទុកដាក់ណែនាំដល់ប្រជាជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវត្រៀមកងកម្លាំង និងមធ្យោបាយគ្រប់ប្រភេទ ដើម្បីដឹកជញ្ជូនពួកគាត់ទៅកាន់ទីទួលសុវត្ថិភាព ក្នុងកាលៈទេសៈដែលទឹកជំនន់នៅតែបន្តកើនឡើងធ្វើប្រជាពលរដ្ឋគ្រោះថ្នាក់។ ក្នុងនោះ មន្ទីរ ស្ថាប័នពាក់ព័ន្ធ ត្រូវវាយតម្លៃឲ្យបានច្បាស់លាស់អំពីផលប៉ះពាល់ដែលបណ្ដាលមកពីគ្រោះទឹកជំនន់នេះ មានជាអាទិ៍ បញ្ហាប្រព័ន្ធផ្លូវគមនាគមន៍ បញ្ហាប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់មានជីវភាពលំបាកខ្វះខាត និងការខូចខាតផលដំណាំផ្សេងៗ ដែលកើតមានឡើង ដើម្បីត្រៀមស្តារការខូចខាត និងដោះស្រាយជូនប្រជាពលរដ្ឋយើងឲ្យបានសមរម្យ និងទាន់ពេលវេលា»។

លោកបានបន្ថែមថា ជារួមស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ នៅមិនទាន់មានភាពធ្ងន់ធ្ងរនៅឡើយទេ ដោយអាជ្ញាធរខេត្តនីមួយៗ បានគ្រប់គ្រង និងជួយអន្តរាគមន៍ដោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា ដោយប្រើកម្លាំង វិធានការសរុបដែលមានក្នុងមូលដ្ឋានខេត្តរៀងៗ ខ្លួន។ ចំពោះកម្លាំងពីខាងថ្នាក់ជាតិ នៅមិនទាន់ប្រើប្រាស់នៅឡើយទេ។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាបន្តយកចិត្តទុកដាក់បន្ថែមទៀត និងតាមដានសភាពការណ៍ទឹកជំនន់ ត្រៀមចាត់វិធានការ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរបស់យើងឲ្យបានទាន់ពេលវេលា៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ