ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ណែនាំដល់មន្ទីរសុខាភិបាលទប់ស្កាត់ជំងឺភ្នែកក្រហមនៅតាមសហគមន៍
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានណែនាំដល់មន្ទីរសុខាភិបាល និងក្រុមឆ្លើយតបបន្ទាន់នៅទូទាំងប្រទេសខិត ខំប្រឹងប្រែងធ្វើការផ្សព្វផ្សាយសារអប់រំដល់ប្រជាពលរដ្ឋ ក្នុងការអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន អំពីការ ព្យាបាល និងបង្ការការចម្លងនៃជំងឺភ្នែកក្រហម ដើម្បីទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំ នៅតាមសហគមន៍។

នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារដែលជាមជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់ក្នុងក្របខណ្ឌទូទាំងប្រទេស តាមប្រព័ន្ធវី ដេអូសន្និសីទកាលពីថ្ងៃទី២១តុលា លោក ស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមាន ប្រសាសន៍ថា ការបើកកិច្ចប្រជុំនាពេលនេះ គឺដើម្បីឱ្យថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ក្រុមឆ្លើយតបបន្ទាន់ ក្រុមគ្រូពេទ្យថ្នាក់ជាតិ ថ្នាក់រាជធានីខេត្ត ស្រុកប្រតិបត្តិ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពពិនិត្យស្ថានភាព និងផ្សព្វផ្សាយការបណ្តុះបណ្តាលអំពីការបង្ការការចម្លង និងព្យាបាលជំងឺភ្នែកក្រហម។
លោកស្រីរដ្ឋលេខាធិការក៏បានណែនាំឱ្យមន្ត្រីសុខាភិបាលទូទាំងប្រទេសបន្តខិតខំប្រឹងប្រែងធ្វើការផ្សព្វផ្សាយសារអប់រំដល់ប្រជាពលរដ្ឋ ក្នុងការអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន អំពីការព្យាបាល និងបង្ការការចម្លងនៃជំងឺភ្នែកក្រហម ដើម្បីទប់ស្កាត់ការរីករាលទ្រង់ទ្រាយធំ នៅតាមសហគមន៍។
ជាងនេះទៀតត្រូវបន្តតាមដានស្ថានភាពជំងឺឆ្លងភ្នែកក្រហម ជារៀងរាល់ថ្ងៃ លើកផែនការត្រៀមទប់ស្កាត់ និងធ្វើសកម្មភាពដោយត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរទេសចរណ៍ និងមន្ទីរធម្មការនិងសាសនា ដែលជាអង្គភាពគ្រប់គ្រងការជួបជុំដែលមានមនុស្សច្រើន។
បើតាម លោកសាស្ត្រាចារ្យ ងី ម៉េង ឯកទេសចក្ខុរោគៈ បានពន្យល់ថា ជំងឺភែ្នកក្រហមឆ្លង ជាការរលាកភ្នាស “ស” នៃភ្នែក ភាគច្រើនបង្កដោយពពួកវីរុស ជាពិសេស Adeno Virus និង ពពួកបាក់តេរី ដូចជា Staphylococcus aureus and staphylococcus ។ នៅប្រទេសកម្ពុជា គេសង្កេតឃើញច្រើនកើតមានឡើងនៅក្នុងចំណោមសិស្សសាលា និងនៅក្នុងសហគមន៍ ដែលមានអ្នកកើតជំងឺភ្នែកក្រហមឆ្លងនេះនៅរដូវភ្លៀង និងពេលខ្យល់ធា្លក់ពីជើង។ ជំងឺនេះមានលក្ខណៈរាតត្បាតក្នុងសហគមន៍ ដោយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងឆាប់រហ័ស តាមរយៈការប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយអ្នកមានជំងឺភែ្នកក្រហមឆ្លង។
លោកវេជ្ជបណ្ឌិតបានបន្តថា ភ្នែកក្រហមឆ្លងមានរោគសញ្ញាសំខាន់ៗដូចជា ភ្នែកឡើងក្រហម និងឈឺចុកចាប់ខ្លាំង ឬខ្សោយអាស្រ័យទៅតាមសភាពធ្ងន់ឬស្រាលនៃជំងឺ ហើមត្របកភ្នែក រកាំភ្នែក និងមានអារម្មណ៍ថា ហាក់ដូចជាមានកំទេចសំរាមនៅក្នុងភ្នែក ស្រវាំងភ្នែក និងចាញ់ពន្លឺ មានពពឹកភ្នែក (អាចម៌ភ្នែក) និងហៀរទឹកភ្នែកជាប់ជានិច្ចដែលធ្វើឱ្យរំខានការមើលឃើញ ពិបាកបើកភែ្នកនៅពេលភ្ញាក់ពីដំណេកពេលព្រឹកដោយសាររោមភែ្នកខាងលើ និងខាងក្រោមស្អិតជាប់គ្នា។
ជំងឺនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទាល់ ឬចាប់ដៃគ្នាជាមួយអ្នកជំងឺភ្នែកក្រហមឆ្លង ការប៉ះពាល់វត្ថុប្រើប្រាស់ដូចជាភួយ ខ្នើយ កនែ្សង ក្រមា ឬវ៉ែនតាជាដើមដែលមានផ្ទុកវីរុស ឬបាក់តេរី ហើយយកមកប៉ះភ្នែកនិងការប្រើប្រាស់ថ្នាំបន្តក់ភែ្នករួមគ្នាក្នុងគ្រួសារ ឬអ្នកដែលមានជំងឺភែ្នកក្រហម។
ចំពោះវិធីការពារការឆ្លងជំងឺភ្នែកក្រហមត្រូវ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកក្តៅឧណ្ហៗយ៉ាងហោចណាស់ ២០ វិនាទី មុននិងក្រោយពេលសម្អាតភ្នែក ឬដាក់ថ្នាំភ្នែក។ប្រសិនបើមិនមានសាប៊ូ និងទឹកទេ សូមប្រើទឹកលាងដៃដែលមានជាតិអាល់កុល យ៉ាងតិច ៦០% ដើម្បីលាងសម្អាតដៃ។ជៀសវាងការប្រើប្រាស់របស់របររួមគ្នាដូចជាភួយ ខ្នើយ កនែ្សង ក្រមា ឬវ៉ែនតាជាដើមដែលមានផ្ទុកវីរុស ឬបាក់តេរី ហើយយកមកប៉ះភ្នែក។ជៀសសវាងការប្រើថ្នាំភ្នែកខាងភ្នែកដែលឈឺ ទៅប្រើភ្នែកដែលមិនឈឺ ឬប្រើថ្នាំភ្នែករួមគ្នាក្នុងគ្រួសារ និងជៀសវាងការប្រើវិធីបុរាណក្នុងការព្យាបាលដោយខ្លួនឯង (លាងទឹកម្លូ ដាក់ទឹកនោម ដាក់ទឹកប្រមាត់ត្រី។ល។)។ត្រូវសម្រាកពីការងារ ឬសាលារៀនចំនួន៥ថ្ងៃ ឬ១សប្ដាហ៍ដើម្បីចៀសវាងទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សផ្សេងទៀត និងត្រូវពាក់វ៉ែនតាការពារការចម្លងរោគនិងចៀសវាងការប៉ះ ឬត្រដុសឬញ៉ីភ្នែក ពីព្រោះធ្វើអោយស្ថានភាពកាន់តែអាក្រក់ទៅៗ ឬរាលដាលទៅភ្នែកម្ខាងទៀត។
ជំងឺនេះអាចជាទៅវិញរយៈពេល ៧-១៤ ថ្ងៃ ហើយជួនកាលមានករណីកម្រខ្លះអាចវិវត្តទៅជាលក្ខណៈធ្ងន់ធ្ងរអាចប៉ះពាល់ដល់កញ្ចក់ភ្នែក និងគំហើញ។ ការព្យាបាលអាចជួយកាត់បន្ថយរោគសញ្ញានានាខាងលើ ជាពិសេសកាត់បន្ថយការឈឺចាប់ ការរលាក និងការរីករាលដាលនៃជំងឺនេះ។ ករណីចាំបាច់ត្រូវទៅជួបគ្រូពេទ្យនៅមណ្ឌលសុខភាព ឬកន្លែងផ្ដល់សេវាព្យាលបាលភ្នែកដែលនៅជិតបំផុត៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ