ព័ត៌មានជាតិ
លោក យ៉ង សាំងកុមារ ណែនាំសមាជិកអ្នកផលិតពូជស្រូវ ឲ្យបង្កើនការផលិតពូជស្រូវ ៣ ប្រភេទ មានទីផ្សារខ្ពស់ តម្លៃល្អ
លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់សមាជិកអ្នកផលិតពូជស្រូវទាំងអស់ ឲ្យព្យាយាមបន្ត និងបង្កើនការផលិតពូជស្រូវមានតម្លៃល្អសម្រាប់ទីផ្សារទៅតាមប្រព័ន្ធពូជសុទ្ធ ពិសេសពូជស្រូវ «ផ្ការំដួល សែនក្រអូប ០១ និងពូជចំប៉ីស ៧០» ដែលមានទីផ្សារខ្ពស់ និងតម្លៃល្អ។

កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារពីនាយកដ្ឋានកសិកម្ម ដើម្បីលើកទឹកចិត្តដល់កសិករ នៃសហគមន៍អង្គបក្សី ស្ថិតនៅភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់ ឲ្យចូលរួមបន្ថែមទៀតក្នុងការផលិតស្រូវពូជសុទ្ធ ជាពិសេសកសិករដែលមានផ្ទៃដីទំហំតូច។

នាឱកាសនោះ លោកបណ្ឌិត យ៉ង សាំងកុមារ ក៏បានណែនាំដល់សមាជិកអ្នកផលិតពូជស្រូវទាំងអស់ ឲ្យព្យាយាមបន្ត និងបង្កើនការផលិតពូជសុទ្ធឲ្យបានជាប្រចាំ ដើម្បីធានានូវស្រូវមានគុណភាពល្អ ទិន្នផលខ្ពស់ និងទទួលបានប្រាក់ចំណូលច្រើន ដែលអាចជួយសេដ្ឋកិច្ចគ្រួសារ និងសហគមន៍ទាំងមូលផងដែរ។ លោកបណ្ឌិត ណែនាំទៀតថា «ត្រូវបង្កើនការផលិតពូជដែលមានតម្លៃល្អសម្រាប់ទីផ្សារទៅតាមប្រព័ន្ធពូជសុទ្ធ ជាពិសេសពូជស្រូវ ផ្ការំដួល សែនក្រអូប ០១ និងពូជចំប៉ីស ៧០ ដែលជាពូជស្រូវប្រណីត និងមានតម្រូវការទីផ្សារខ្ពស់ និងតម្លៃល្អ»។ ទន្ទឹមនោះ ត្រូវអនុវត្តឲ្យបាននូវការធ្វើស្រែតាមបច្ចេកទេស ដូចជាធ្វើដីរាបស្មើល្អ មានចង្អួរខ្វាត់ខ្វែង ប្រព័ន្ធបញ្ចេញបញ្ចូលទឹក ដើម្បីងាយស្រួលក្នុងការធ្វើតាមបច្ចេកទេសស្ងួតសើម។ ហើយត្រូវរក្សាទុកស្រូវសម្រាប់ហូបជាប្រចាំ ចៀសវាងប្រមូលផលបានហើយលក់ទៅវិញទាំងអស់ ដោយទៅទិញអង្ករពីផ្សារមកហូបមិនដឹងប្រភពច្បាស់លាស់នោះ។

ជាមួយគ្នានោះ លោកបណ្ឌិត យ៉ង សាំងកុមារ ក៏បានដឹកនាំសហគមន៍ ច្រូតស្រូវពូជស្រែបង្ហាញ ដើម្បីជាគំរូដល់សហគមន៍ និងបង្កើនភាពស្និទ្ធស្នាលផងដែរ។

គួរជម្រាបថា កសិករ នៃសហគមន៍អង្គបក្សី ស្ថិតក្នុងភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់ បានអនុវត្តការច្រូតស្រូវពូជស្រែបង្ហាញពូជសុទ្ធផ្ការំដួល លើដី ៨,៥ ហិតា ដោយទទួលបានផលសរុប ២៤ តោន។ ក្នុងនោះ កសិករ នៃសហគមន៍ឣង្គបក្សី ក៏បានបង្ហាញនូវស្នាមញញឹមគ្រប់ៗ គ្នា ដោយសារការធ្វើស្រែផលិតពូជនេះ ទទួលបានទិន្នផលល្អ ប្រាក់ចំណេញខ្ពស់ លក់បានតម្លៃថ្លៃ (តម្លៃជាង ១ ៧០០ រៀល ក្នុងមួយគីឡូក្រាម)។

សូមបញ្ជាក់ថា នៅភូមិអង្គបក្សី មានកសិករចំនួន ៣៣ នាក់ ចូលរួមផលិតពូជសុទ្ធផ្ការំដួល លើដី ៨,៥ ហិតា បានផលសរុប ២៤ តោន។ បើធៀបនឹងឆ្នាំ ២០២២ មានកសិករ ២១ នាក់ ចូលរួមការផលិតពូជ។ នៅឆ្នាំ ២០២៤ ខាងមុខ សហគមន៍ រំពឹងថា ចំនួនអ្នកចូលរួម នឹងកើនឡើងកាន់តែច្រើនថែមទៀត ដោយមើលឃើញថា ការធ្វើស្រែ ផលិតពូជ ទទួលផលចំណេញខ្ពស់ គឺបានទិន្នផលខ្ពស់ លក់បានថ្លៃ។ សហគមន៍ ក៏មានផែនការពង្រីកវិសាលភាព ដើម្បីឲ្យក្លាយជាសហគមន៍ឈានមុខគេមួយក្នុងការផលិតគ្រាប់ពូជស្រូវផ្ការំដួលផងដែរ។

ចំណែក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងបង្កើនការគាំទ្រដល់កសិករធ្វើការផលិតគ្រាប់ពូជសុទ្ធផ្ការំដួល ដើម្បីឲ្យកសិករគ្រប់រូបទទួលបានពូជសុទ្ធល្អសម្រាប់ផលិតស្រូវអង្ករប្រកបដោយគុណភាព ដែលជាកត្តាសំខាន់ក្នុងការបង្កើនប្រាក់ចំណូលរបស់កសិករ និងសមត្ថភាពប្រកួតប្រជែងរបស់អង្ករកម្ពុជា៕
អត្ថបទ ៖ ពិសី


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


