ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់មានតំបន់ទេសចរណ៍អេកូធម្មជាតិចំនួន៣៨កន្លែង និងមាន១៨កន្លែង ជាតំបន់ដែលមានសក្តានុពល
លោក អ៊ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់បានអះអាងថា បច្ចុប្បន្នខេត្តពោធិ៍សាត់ មានតំបន់ទេសចរណ៍អេកូធម្មជាតិចំនួន៣៨កន្លែង ហើយក្នុងនោះមាន១៨កន្លែង ជាតំបន់ដែលមានសក្តានុពល ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់អ្នកវិនិយោគទុនជាតិ និងអន្តរជាតិ ឲ្យចូលទៅដាក់ទុនវិនិយោគនៅតាមតំបន់ទេសចរណ៍ទាំងនោះផងដែរ ពីព្រោះវាអាចទទួលបានចំណេញច្រើន។

លោក អ៊ឹង គឹមលាង បញ្ជាក់ថា ភូមិសាស្ត្រខេត្តពោធិ៍សាត់មានតំបន់ទេសចរណ៍ចំនួន៣៨កន្លែង ជាតំបន់ទេសចរណ៍អេកូធម្មជាតិ ហើយក្នុងនោះមានចំនួន១៨កន្លែង គឺជាតំបន់ល្អ ឬជាតំបន់ដែលមានសក្តានុពល ដែលអាចធ្វើការអភិវឌ្ឍជាតំបន់ទេសចរណ៍បានយ៉ាងល្អ។ លោកថា តំបន់សក្តានុពលទាំង ១៨នេះ មានតំបន់ទឹកធ្លាក់ មានតំបន់វប្បធម៌សាសនា តំបន់បុរេប្រវត្តិ និងតំបន់វប្បធម៌ជនជាតិភាគតិច ហើយក្នុងចំណោមតំបន់ទេសចរណ៍ទាំង១៨កន្លែង ដែលមានសក្តានុពលនោះ ខេត្តបានធ្វើការអភិវឌ្ឍចំនួនចំនួន១១កន្លែងហើយ។

បើតាមលោកអភិបាលរង ពេលនេះខេត្តបានធ្វើការផ្ដោតការសំខាន់ទៅលើអូសោមមុនគេ នៅឆ្នាំ២០២១នេះ ហើយនឹងបន្តទៅតំបន់ទឹកធ្លាក់ច្រកល្ហៀង តំបន់អូដាតូច អូដាធំបន្តទៀត។ លោកថា នៅពោធិ៍សាត់មានកន្លែងមួយទៀត ដែលយើងគិតស្មានមិនដល់ គឺជាកន្លែងសមាធិ នៅភ្នំល្អាង១២ ដែលនៅក្នុងភ្នំនេះមានល្អាងចំនួន២ ដែលមានផ្ទៃដីជាង១០០ ហិកតា ហើយមកដល់ពេលនេះ លោកអភិបាលខេត្តកំពុងជំរុញធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ដែលមានសតិអារម្មណ៍ អាចទៅធ្វើសមាធិនៅទីនោះ។
ស្របពេលជាមួយ នឹងការអភិវឌ្ឍតំបន់ទេសចរណ៍ទាំង១៨ កន្លែង នៅក្នុងខេត្តពោធិ៍សាត់នេះ លោកក៏បានអំពាវនាវដល់អ្នកវិនិយោគទុនជាតិ និងអន្តរជាតិ ចូលទៅដាក់ទុនវិនិយោគនៅតាមតំបន់ទេសចរណ៍ក្នុងខេត្តពោធិ៍សាត់។ ពីព្រោះវាជាតំបន់ទេសចរណ៍ល្អៗ ហើយតំបន់ទេសចរណ៍ ដែលមានសក្តានុពលនេះ បានស្រូបយកចំណូលចូលថវិការដ្ឋបានយ៉ាងច្រើនផងដែរ។

សូមបញ្ជាក់ថា ការបញ្ជាក់របស់លោក អ៊ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់នេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់រដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

តាមរបាយការណ៍ខេត្តបានឲ្យដឹងដែរថា ក្នុងឆ្នាំ២០២០ ភ្ញៀវទេសចរសរុបចំនួន៤៤០.៩២៩នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ៤៣៨.៥៥៣នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន២.៣៧៦នាក់។ តំបន់ទេសចរណ៍ ដែលមានសក្តានុពលក្នុងខេត្តរួមមាន៖ បុរីវប្បធម៌កោះសំពៅមាស មូជនីយ៍ដ្ឋានប្រវត្តិសាស្ត្រឧកញ៉ាឃ្លាំងមឿង តំបន់ទេសចរណ៍បឹងទន្លេសាប,ទឹកធ្លាក់ច្រកល្អៀង, ល្បាក់កំរោញ, ទេសចរណ៍ធម្មជាតិភ្នំ១៥០០ ឬហៅថាផ្លូវបុប្ផាលាក់ខ្លួន, ទឹកធ្លាក់ថ្មដាតូច ថ្មដាធំ និងតំបន់ទេសចរណ៍ធម្មជាតិ និងច្នៃប្រឌិតជាច្រើនកន្លែងទៀត សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។

សក្តានុពលដែលជាការចាប់អារម្មណ៍ខ្លាំង និងទស្សនវិស័យអភិវឌ្ឍន៍របស់ថ្នាក់ដឹកនាំខេត្តចម្បង គឺការលើកកម្ពស់ទេសចរណ៍ធម្មជាតិ នៅឃុំអូរសោម ស្រុកវាលវែង ដែលជាតំបន់ដ៏មានសក្តានុពលខ្លាំង ក្នុងការលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាខេត្តពោធិ៍សាត់តាំងមូលផងដែរ។

ឃុំអូរសោម មានលក្ខណៈ អំណោយផលខ្លាំង មានអាកាសធាតុត្រូពិច បើប្រៀបធៀបនឹងនីវូទឹកសមុទ្រមានរយៈកំពស់៦៥០ ម៉ែត្រ ដែលធ្វើឲ្យតំបន់នេះ សម្បូរទៅដោយធនធានធម្មជាតិ តំបន់ទេសចរណ៍ធម្មជាតិ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ