ព័ត៌មានជាតិ
ឧទ្យានជាតិវីរៈជ័យ ជាទីកន្លែងកម្សាន្តដ៏មនោរម្យសម្រាប់អ្នកនិយមចូលចិត្តធ្វើដំណើរផ្សងព្រេង និងស្រឡាញ់ធម្មជាតិ
ឧទ្យានជាតិវីរៈជ័យ មានវាលស្មៅធំធេងល្វឹងល្វើយលាតសន្ធឹងលើបណ្តុំភ្នំបណ្តាក់បន្តកន្ទុយគ្នាលើផ្ទៃដី៣៣,២៥០០ហិកតា។ ឧទ្យានជាតិនេះ ស្ថិតនៅតាមបណ្តោយស្រុកវើនសៃ តាវែង អណ្តូងមាសនៃខេត្តរតនគិរី ជាប់នឹងស្រុកបរសែតនៃខេត្តស្ទឹងត្រែង ហើយត្រូវបានព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ ឡាយព្រះហត្ថលេខានៅថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ដាក់ជាតំបន់អភិរក្សរបស់ជាតិ។ ឧទ្យានជាតិវីរៈជ័យ ជាទីដ៏ប្រពៃមនោរម្យសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង និងចូលចិត្តទេសភាពធម្មជាតិ និងការស្រូបយកខ្យល់អាកាសបរិសុទ្ធបំបាត់ភាពស្មុគស្មាញ និងទុក្ខកង្វល់។

វាលដ៏ធំធេងនៅចំកណ្តាលឧទ្យានជាតិវីរៈជ័យនេះ មានទំហំ១ ៣០០ហិកតា ប្រជុំដោយដែនគិរីបុព្វតាហ៊ុមព័ទ្ធជុំវិញ មានស្មៅខៀវខ្ចីនារដូវវស្សានៅក្នុងដែនដីខេត្តចំនួន២ គឺខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។ នៅលើវាលស្មៅនេះ មានភ្នំជាច្រើនជាប់ៗគ្នា ហើយក្នុងចំណោមទាំងនោះ មានតែភ្នំមួយគត់មានរយៈកម្ពស់ជាង១ ០០០ម៉ែត្រ។ ភ្នំនេះ ភាសាអ្នកស្រុកនៅតំបន់នោះ ហៅថា ភ្នំញ៉ិក។ ឧទ្យាជាតិវីរៈជ័យ មានចម្ងាយប្រមាណ ៧០០គីឡូម៉ែត្រ ពីទីរាជធានីភ្នំពេញ ដោយត្រូវឆ្លងកាត់ខេត្តចំនួន៣ មានដូចជា ខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង។

ឧទ្យានជាតិវីរៈជ័យ គឺជាជម្រើសគោលដៅទេសចរណ៍ដ៏ល្អសម្រាប់អ្នកចូលចិត្តបែបផ្សងព្រេង ស្រឡាញ់ធម្មជាតិ សត្វព្រៃ ដើម្បីពង្រឹងផ្លូវចិត្តឲ្យរឹងមាំ ឬក៏សាកល្បងជិះម៉ូតូឡើងភ្នំ ចុះភ្នំកាត់ឧបសគ្គ ដើរផង បើកម៉ូតូផង បែបសាមគ្គីភាព ស្នាក់នៅជាមួយភូមិជនដើមភាគតិច ភ្លក្សម្ហូបអាហារ ប្រពៃណី និងស្វែងយល់ពីជីវភាពរស់នៅទីកន្លែងថ្មីសម្រាប់ជីវិតនៅតំបន់ភូមិសាស្ត្រភាគឦសាន នៃប្រទេសកម្ពុជា។ ចំពោះការធ្វើដំណើររបស់អ្នកទេសចរដែលមកពីឆ្ងាយ គឺត្រូវទៅដល់ទីស្នាក់ការឧទ្យានជាតិវីរៈជ័យ ស្រុកតាវែង ដើម្បីជួលអ្នកនាំផ្លូវឆ្ពោះទៅភ្នំវាលស្មៅធំដែលជាសួនឧទ្យានជាតិវីរៈជ័យ។ អ្នកធ្វើដំណើរត្រូវតែត្រៀមសម្ភារៈសំខាន់ៗសម្រាប់ឡើងភ្នំ ដោយជិះម៉ូតូឡើងភ្នំ បើខែវស្សាវិញចាប់ពីខែមិថុនា ចាប់ផ្តើមស្មៅដុះលូតលាស់បន្តិចម្តងៗ បង្កើតបានជាវាលស្មៅដ៏ស្រស់ស្អាត ប៉ុន្តែ នៅរដូវប្រាំងវិញចាប់ពីខែមករា ទៅខែមេសា វាលស្មៅមានពណ៌មាស។ វាលស្មៅនេះ បានប្រែប្រួលទៅតាមអាកាសធាតុ។ ដំណើរ គឺត្រូវឆ្លងកាត់ផ្លូវលំ បន្ទាប់មកឆ្លងទូកដរទៅតាមផ្លូវមិនមានគ្រួសក្រហមរហូតទៅដល់ប្រហែល៣ ទៅ ៤ម៉ោង ត្រូវឆ្លងកាត់ភ្នំចំនួន២សិន ដែលភ្នំទាំង២នេះ អ្នកស្រុកនៅទីនេះហៅថា គឺភ្នំឆិអ៉ិ និងភ្នំសាមប៉ុក ទើបទៅដល់ទីកន្លែងសម្រាកលម្ហែ។

លោក លី ជាប្រជាសហគមន៍ជនជាតិដើមភាពតិចដែលតែងតែនាំភ្ញៀវទេសចរទៅលេងនៅទីនោះ បានប្រាប់ថា ការមកលេងរបស់ភ្ញៀវក្នុង និងក្រៅស្រុក បានរួមចំណែកធ្វើឲ្យជីវភាពរបស់គាត់បានសមរម្យ មិនសូវខ្វះខាតដូចមុន។ ការចូលរួមពីសហគមន៍នេះដែរ ក៏ជាផ្នែកមួយជួយការពារធម្មជាតិដែលជាកេរ្តិ៍ដំណែលដ៏ផូរផង់។ ប្រសិនបើបានទៅទស្សនា គេនឹងប្រទះឃើញសត្វព្រៃប្លែកៗ សំឡេងធម្មជាតិពិតៗ មានសំឡេងសត្វស្លាប សត្វដែលរស់នៅសម្ងំលាក់ខ្លួន រុក្ខជាតិប្លែកៗ ដែលគេកម្រឃើញ។ នៅពេលព្រឹកព្រហាម ក៏អាចគយគន់ព្រះអាទិត្យរះចាំងជះពន្លឺលើវាលស្មៅ បង្កើតជាទស្សនីយភាពដ៏អស្ចារ្យកម្របានឃើញណាស់។ ចូលរដូវប្រាំង វាលស្មៅនេះក៏ប្រែទៅជាពណ៌មាសដោយសារកម្តៅថ្ងៃ ប៉ុន្តែ នៅតែជាទីកន្លែងមនោរម្យសម្រាប់អ្នកទស្សនា។ ចំណែកឯនៅរដូវវស្សាវិញ វាលស្មៅប្រែទៅជាពណ៌ខៀវស្រងាត់ ដោយសារទឹកភ្លៀង ស្រោចស្រពទៅលើស្មៅនៅទីនោះ៕
ដោយ៖ ខៀវ ចាប

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ