ព័ត៌មានជាតិ
កងទ័ពជាកម្លាំងដ៏សំខាន់ អាចផ្ដើម និងបញ្ចប់សង្គ្រាម
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា កងទ័ពជាកម្លាំងមួយដ៏សំខាន់ កងទ័ពអាចផ្ដើមសង្គ្រាម កងទ័ពក៏ចូលរួមសំខាន់ក្នុងការបញ្ចប់សង្គ្រាម។ ការថ្លែងនៅថ្ងៃនេះ ធ្វើឡើងក្នុងឱកាស សម្ដេចធិបតី អញ្ជើញជាអធិបតីក្នុង ពិធីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ២៤ មករា ១៩៩៩-២៤ មករា ២០២៤ ទីបញ្ជាការដ្ឋានកងទ័ពជើងគោក ដោយមានការបង្ហាញកម្លាំងកងទ័ព និងយុទ្ធោបករណ៍មកពីតាមបណ្តាអង្គភាពនានាចំណុះឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោក។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កាលទសវត្សរ៍ទី៧០ រដ្ឋប្រហារ នៅកម្ពុជា គឺដោយសារកងទ័ព ដែលធ្វើឱ្យប្រទេសធ្លាក់ចូលក្នុងភ្លើងសង្គ្រាម នាំឱ្យមានការប្រយុទ្ធគ្នា បែកបាក់ទឹកដី។ ប៉ុន្តែការបញ្ចប់សង្គ្រាមកម្ពុជានៅឆ្នាំ១៩៩៨ ក៏ដោយសារការចូលរួមរបស់កងទ័ពគ្រប់ភាគី ជាពិសេសកងទ័ពអតីតខ្មែរក្រហម ដែលចូលរួម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ “បើសិនគ្មានការចូលរួមរបស់កងទ័ព បណ្ដាមេបញ្ជាការតាមអង្គភាព កងពលនោះទេ ការចូលរួមរបស់មេដឹកនាំនយោបាយរបស់អតីតអង្គការចាត់តាំងរបស់ខ្មែរក្រហម ក៏មិនជោគជ័យ។ ប្រទេសច្រើនណាស់ដែលធ្លាក់ក្នុងសង្គ្រាមដោយសារកងទ័ពធ្វើរដ្ឋប្រហារ កងទ័ពបះបោរមិនស្ដាប់មេដឹកនាំនយោបាយ អ៊ីចឹងនៅក្នុងដំណាក់កាលនៃការអនុវត្តជោគជ័យ នៃនយោបាយឈ្នះៗ របស់សម្ដេចតេជោ ហ៊ុន សែន និងការចូលរួមរបស់ប្រតិបត្តិករសំខាន់ៗ ក្នុងនោះកងទ័ពគ្រប់ភាគីគឺជាស្នូល”។

សម្ដេចរដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បន្ថែមថា នៅក្នុងដំណាក់កាលអនុវត្តយុទ្ធសាស្ត្រត្រីកោណដំបូង ឆ្នាំ១៩៩៨ ២០២៣ ដែលហៅថា ដំណាក់កាលបង្រួបបង្រួមជាតិ ស្នូល នៃដំណាក់កាលនោះ គឺការធ្វើសន្តិភាវូបនីយកម្ម គឺការធ្វើយ៉ាងណាឱ្យសន្តិភាពដែលទើបបានបញ្ចប់ឆ្នាំ១៩៩៨ បញ្ចប់សង្គ្រាម ៥០០ឆ្នាំ មានចីរភាព និងនិរន្តរភាព បានន័យថា កងកម្លាំងទាំងអស់ឈប់ត្រឡប់ទៅ ឈប់ប្រយុទ្ធគ្នាតទៅទៀត។

សម្ដេចធិតបី ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ “ការឈប់បាញ់មួយរយៈ មិនប្រាកដថា អាចបញ្ចប់សង្គ្រាមទេ បើគ្មានការទុកចិត្តគ្នា ក្នុងន័យនេះ កងទ័ពជើងគោកដើរតួនាទីសំខាន់ណាស់ ហើយខ្ញុំគិតថា ការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកនៅដើមឆ្នាំ១៩៩៩ ក្រោមពីបញ្ចប់សង្គ្រាម គឺដើរតួនាទីស្នូលក្នុងការថែរក្សាយន្តការនេះ ព្រោះកងកម្លាំងទាំងអស់ត្រូវបង្រួមពីកងពលផ្សេងៗរបស់អតីតខ្មែរក្រហម កន្លែងខ្លះចូលគ្នាជាមួយកងពលនៃកងទ័ពរដ្ឋាភិបាល ដើម្បីបង្កើតកងពលរួម”។

គួររំលឹកថា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានទទួលសេចក្តីទុកចិត្តពីប្រមុខរាជរដ្ឋាភិបាល និងព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានកងទ័ពជើងគោក ហើយក្រសួងការពារជាតិ ក៏បានសម្រេចធ្វើការកែសម្រួលបណ្តាកងពលធំ កងពលតូច ពីក្រោមការគ្រប់គ្រងដឹកនាំបញ្ជារបស់អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មកស្ថិតនៅក្រោមការគ្រប់គ្រងដឹកនាំបញ្ជាផ្ទាល់ របស់បញ្ជាការដ្ឋានកងទ័ពជើងគោកវិញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាន់ចេញផែនការកែទម្រង់ និងកសាងកងទ័ពជើងគោករយៈពេល ២០ឆ្នាំ (២០១៨-២០៣៨) ដោយបានកំណត់ការងារអាទិភាពមានដូចជា ១. ពង្រឹងផែនការប្រៀបការពារជាតិ ២. កែសម្រួលកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន និងកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ឱ្យសមស្របទៅតាមស្ថានភាពបន្ទាត់ព្រំដែន ៣. កសាងអគារស្នាក់នៅជុំរំជុំរក របស់បណ្តាអង្គភាពតាមបន្ទាត់ព្រំដែន កងពលធំ កងពលតូច តំបន់ប្រតិបត្តិការសឹក និងកងការពារព្រំដែន ៤. កែលម្អកម្មវិធីហ្វឹកហ្វឺន នៅតាមបណ្តាអង្កភាព និងបណ្តុះបណ្តាលកសាងយោធាចារ្យវ័យក្មេងគ្រប់ជំនាញនៅតាមបណ្តាសាលា ៥. ធ្វើទំនើបកម្មសម្ភារ និងសព្វាវុធទូទាំងកងទ័ពជើងគោកតាមដំណាក់កាល៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


